ក្នុងរដូវរងា ក្មេងភាគច្រើនតែងតែប្រឈមនឹងជំងឺផ្តាសាយ ក្អក អាឡែកស៊ី គ្រុនក្តៅ… ដែលធ្វើឲ្យអ្នកត្រូវខាតទាំងពេលវេលា និងប្រាក់កាសក្នុងការទិញថ្នាំព្យាបាលកូនថែមទៀត។ បញ្ហានេះបណ្តោលមកពីភាពខ្ជិលច្រអូសរបស់ឪពុកម្តាយ មិនព្យាយាមរកវិធីការពារឲ្យបានត្រឹមត្រូវ។
ខាងក្រោមនេះ គឺជាកំហុសទូទៅបំផុតដែលឪពុកម្តាយតែងតែធ្វើក្នុងរដូវរងា៖
ផ្តល់ទឹកតិចពេក
នេះ គឺជាកំហុសមួយក្នុងចំណោមកំហុសទូទៅ ដែលបានធ្វើឡើងដោយឪពុកម្តាយជាច្រើន។ ជាធម្មតាក្នុងរដូវកុមារមិនសូវមានសកម្មភាពរាងកាយនោះទេ ដូច្នេះពួកគេមិនមានអារម្មណ៍ស្រេកទឹកដែរ។ សមាគមរបបអាហារអង់គ្លេស បានណែនាំឲ្យគ្រប់គ្នាទទួលទានទឹកឲ្យបាន២លីត្រក្នុងមួយថ្ងៃ ទោះជារដូវរងាក៏ដោយ។ ការខកខានមិនបានផ្តល់ជាតិទឹកគ្រប់គ្រាន់ រាងកាយកុមារនឹងខ្វះជាតិទឹក ដែលនាំឲ្យមានបញ្ហាសុខភាពតម្រងនោម ការរំលាយអាហារ និងជំងឺជាច្រើនទៀត។
ពាក់ស្រោមដៃស្រោមជើងឲ្យកូន ២៤ម៉ោង
គ្រប់គ្នាច្បាស់ជាដឹងថា ការពាក់ស្រោមដៃ ស្រោមជើង គឺជាវិធីល្អបំផុតដើម្បីរក្សាកម្តៅរាងកាយ ទប់ទល់ជាមួយនឹងអាកាសធាតុត្រជាក់។ ប៉ុន្តែប្រសិនបើកុមារពាក់ស្រោមដៃ ស្រោមជើង គ្រប់ពេលសូម្បីតែពេលគេង វាជាកំហុសមួយ។ កុំពាក់ស្រោមដៃស្រោមជើងពេលចូលគេងឲ្យកុមារ ព្រោះវានឹងរំខានដល់ចរន្តឈាម ជាពិសេសឈាមដែលត្រូវត្រលប់ពីចុងដៃចុងជើងមកបេះដូងវិញ។ ក្នុងរដូវរងា ប្រសិនបើអ្នកចូលគេងដោយពាក់ស្រោមជើង កុមារអាចប្រឈមនឹងហានិភ័យកកឈាមនៅចុងដៃចុងជើង។
បរិភោគអាហារសម្បូរខ្លាញ់
រដូវរងាមិនថាមនុស្សធំ ឬកុមារនោះទេ គឺត្រូវការបរិភោគអាហារច្រើន ដើម្បីបង្កើនថាមពលរាងកាយប្រយុទ្ធប្រឆាំងនឹងភាពត្រជាក់។ ក៏ប៉ុន្តែកុំទទួលទានអាហារសម្បូរខ្លាញ់ដូចជា អាហារចៀន ឬបំពង ឲ្យសោះ ព្រោះវាអាចធ្វើឲ្យក្មេងងាយប្រឈមនឹងបញ្ហាសុខភាព រួមទាំងជំងឺផ្តាសាយផងដែរ។ ដូច្នេះដើម្បីមានសុខភាពល្អនៅរដូវរងា អ្នកត្រូវផ្តល់ផលិតផលស្រស់ទាំងបន្លែផ្លែឈើ ឲ្យកូនជាប្រចាំ។
គេងខុសពេល
ក្នុងរដូវរងាការគេងនៅពេលយល់ អាចមានភាពលំបាកបន្តិច ដោយសារតែមេឃត្រជាក់ខ្លាំងធ្វើឲ្យក្មេងគេងឧស្សាហ៍ភ្ញាក់ ឬឧស្សាហ៍ក្រោកនោម។ ហេតុនេះពួកគេអត់ងងុយ ហើយចង់គេងនៅពេលព្រឹក ឬពេលរសៀល ជំនួសវិញ។ តាមបែបវិទ្យាសាស្ត្រ វដ្តនៃការគេងរបស់ក្មេងធម្មតាត្រូវបានរំខាន ដែលធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ ហើយពេលរដូវរងាផុតទៅទម្លាប់នៃការគេងនេះត្រូវការប្រើពេលយូរដើម្បីឲ្យរាងកាយត្រលប់មកធម្មតាវិញ។
សំងំនៅតែក្នុងផ្ទះ
នៅពេលអាកាសធាតុត្រជាក់ ការស្នាក់នៅក្នុងផ្ទះគឺជាគំនិតល្អបំផុតដើម្បីជៀសវាងពីភាពត្រជាក់ ប៉ុន្តែនៅពេលថ្ងៃអ្នកគួរតែអនុញ្ញាតឲ្យកុមារបញ្ចេញសកម្មភាពខ្លះនៅខាងក្រៅ។ ការបញ្ចេញសកម្មភាពផ្សេងៗ៣០នាទី នឹងជួយបង្កើនចរាចរឈាម និងធ្វើឲ្យរាងកាយរបស់ក្មេងមានភាពកក់ក្តៅតាមបែបធម្មជាតិ។
ប្រើក្រែមផ្តល់សំណើមដល់ស្បែកគ្មានភាពចាំបាច់ច្រើនពេក
កំហុសទូទៅដែលអ្នកម្តាយតែងតែច្រើនចំពោះកូននៅរដូវរងា គឺការប្រើក្រែមផ្តល់សំណើមដល់ស្បែកច្រើនពេក។ ការប្រើក្រែមផ្តល់សំណើមដើម្បីការពារកុំឲ្យស្បែកស្ងួតបែកស្រកា ពិតជាល្អ ប៉ុន្តែវាប្រើច្រើនពេកអាចនាំឲ្យស្បែកមានភាពរមាស់ និងអាឡែកស៊ី៕