ចង់ដឹងទេ សុដន់មនុស្សស្រីមានអ្វីកើតឡើងខ្លះនៅពេលមានកូន?

0
1

នៅពេលមានផ្ទៃពោះ ស្ត្រីមួយចំនួនប្រហែលជាមិនបានចាប់អារម្មណ៍ទៅលើសុដន់នោះទេ ព្រោះពួកគេយល់ថាវាច្បាស់ជាធំជាងមុន ហើយមានការផលិតទឹកដោះសម្រាប់ទារកទើបនឹងកើតប៉ុណ្ណោះ។ ប៉ុន្តែវានៅមានអ្វីជាច្រើនទៀត ដែលអាចកើតមានចំពោះសុដន់អ្នកម្តាយគ្រប់រូប នៅពេលមានកូន។

អំឡុងពេលមានផ្ទៃពោះ

សុដន់ចាប់ផ្តើមរីកទំហំធំ គឺជាសញ្ញាដំបូងនៃការមានផ្ទៃពោះ។ ជាធម្មតាវានឹងចាប់ផ្តើមកើតឡើងនៅត្រីមាសដំបូង ដោយសារតែខ្លាញ់ និងទឹកដោះចាប់ផ្តើមបង្កើតឡើង។ ទាំងនេះគឺជាហេតុផលដែលធ្វើឲ្យសុដន់ធំជាងមុន ក៏ប៉ុន្តែអ្នកប្រហែលជាមិនរីករាយនោះទេ ព្រោះវាមានការឈឺចាប់។

ការកើនឡើងនៃលំហូរឈាម អាចធ្វើឲ្យសុដន់តឹងណែន ហើយរោគសញ្ញានេះក៏ចាប់ផ្តើមនៅត្រីមាសដំបូងដែរ។ ប៉ុន្តែការប្រែលប្រួលនៃសុដន់អំឡុងពេលនេះ គឺជាការរៀបចំផលិតទឹកដោះត្រៀមទុកសម្រាប់ទារកនៅពេលកើតមក។

បន្ទាប់ពីកំណើត

បន្ទាប់ពីកំណើតភ្លាម សុដន់មិនទាន់បានរៀបចំខ្លួនរួចរាល់សម្រាប់ផ្តល់ទឹកដោះឲ្យកូននោះទេ។ ដំបូងគ្រាន់តែផលិតទឹកដោះធម្មតាប៉ុណ្ណោះ លុះត្រាតែ ៣ទៅ៥ថ្ងៃក្រោយទើបមានប្រូតេអ៊ីនខ្ពស់។ ក្នុងអំឡុងពេលនេះ អ្នកម្តាយនឹងមានការឈឺចាប់សុដន់ខ្លាំង ដោយសារតែឈាម និងទឹករងៃ បន្ថែមនៅក្នុងជាលិកាសុដន់ ដើម្បីជួយជំរុញឲ្យសុដន់មានទឹកដោះច្រើន។

ជាទូទៅអ្នកគួរតែបំបៅដោះកូន៨ ទៅ១២ដង ក្នុងមួយថ្ងៃ។ វាហាក់ដូចជាច្រើនណាស់ ក៏ប៉ុន្តែទារកទើបនឹងកើត កំពុងត្រូវការសារធាតុចិញ្ចឹមច្រើនដើម្បីលូតលាស់។ ទោះជាយ៉ាងណា អ្នកត្រូវបំបៅដោះឲ្យចប់ម្ខាងសិន បន្ទាប់មកទើបបំបៅដោះម្ខាងទៀត ដើម្បីឲ្យសុដន់ទាំងពីរផលិតទឹកដោះបានច្រើនដូចគ្នា។

រឿងមួយទៀតដែលអ្នកត្រូវដឹង គឺបំបៅដោះកូនម្តងៗឲ្យបាន ១០ទៅ ២០នាទីចំពោះសុដន់នីមួយៗ ប៉ុន្តែវាអាចមានការឈឺចាប់ដោយសារតែចុងសុដន់ប្រេះ និងងាយមានការហូរឈាម។ ដូច្នេះប្រសិនបើអ្នកមានការឈឺចាប់ពេលបំបៅដោះកូន គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកវិធីដោះស្រាយ។

បន្ទាប់ពីការបំបៅដោះត្រូវបានបញ្ចប់

ស្ត្រីមានបទពិសោធន៍ក្នុងការបំបៅដោះខុសៗគ្នា។ សុដន់ស្ត្រីភាគច្រើនមានទំហំដដែល ប៉ុន្តែស្ត្រីខ្លះទៀតប្រែទៅរកទំហំចាស់វិញ ហើយស្ត្រីអាចធ្លាក់យារក៏មានដែរ។ ទោះជាយ៉ាងណា ប្រសិនបើស្ត្រីចេះថែរក្សាសុដន់ ដោយជ្រើសរើសអាវទ្រនាប់ទ្រសុដន់បានត្រឹមត្រូវ វានឹងកាត់បន្ថយបញ្ហាធ្លាក់យារបាន។

ទោះជាយ៉ាងណា ការបំបៅកូនដោយទឹកដោះពិតជាមានសារៈសំខាន់ណាស់ ដូច្នេះកុំខ្លាចពីភាពឈឺចាប់ កុំខ្លាចខូចសុដន់ ត្រូវគិតពីសុខភាពកូនជាចម្បង៕

LEAVE A REPLY

Please enter your comment!
Please enter your name here