ការធ្វើលំហាត់ប្រាណ គឺជាការងារដ៏ចាំបាច់មួយសម្រាប់មនុស្សគ្រប់រូប មិនថាអ្នកមានផ្ទៃពោះ ឬមិនមាននោះទេ ព្រោះវាអាចជួយថែរក្សារាងកាយឲ្យមានសុខភាពល្អ។ ទោះជាយ៉ាងណា មានកំហុសមួយចំនួនស្ត្រីមានផ្ទៃពោះមិនគួរសាងអំឡុងពេលធ្វើលំហាត់ប្រាណនោះទេ ព្រោះវាអាចបង្កគ្រោះបាន។
១.ធ្វើលំហាត់លើសកម្រិត
ប្រសិនបើអ្នកកំពុងតែមានផ្ទៃពោះ សូមរក្សារបបអាហារ និងធ្វើសកម្មភាពរាងកាយជាប្រចាំ។ ប៉ុន្តែអ្នកម្តាយសូមកុំធ្វើលំហាត់ប្រាណខ្លាំងជ្រុល ព្រោះវាអាចមានផលវិបាកដល់សុខភាព ដូចជាវិលមុខ ហើម និងញ័រទ្រូង។ ដូច្នេះចូរកំណត់អតិបរមាធ្វើលំហាត់ប្រាណស្រាលៗ ៣០នាទីក្នុងមួយថ្ងៃបានហើយ។
២.អនុវត្តលំហាត់ប្រាណដែលបង្កគ្រោះថ្នាក់
នៅពេលមានផ្ទៃពោះ គួរតែជៀសវាងលំហាត់ប្រាណដែលនាំឲ្យមានផលវិបាកដល់អ្នក និងកូនក្នុងផ្ទៃ។ ការធ្វើលំហាត់ប្រាណដូចជាការលើកជើង លើកដៃខ្លាំងៗ ឬគេងលើឥដ្ឋ គួរតែជៀសវាង។ ការធ្វើលំហាត់ប្រាណបែបនេះ អាចផ្តល់នូវសម្ពាធខ្លាំងចំពោះសសរសៃឈាមវ៉ែន ដែលជាអ្នកទទួលខុសត្រូវលំហូរឈាមទៅកាន់ផ្នែកខាងក្រោមនេះរាងកាយ។ ទីបំផុតលំហូរឈាមអាចកាត់បន្ថយ មានអាការវិលមុខ ហើយអ្នកអាចសន្លប់បាន។ សូមជ្រើសរើសលំហាត់ប្រាណដែលមិនសូវប្រើកម្លាំងខ្លាំង ទើបមានភាពល្អប្រសើរ។
៣.មិនទទួលទានទឹក
ការខ្វះជាតិទឹកអាចបណ្តោលឲ្យមានបញ្ហា ទោះបីជាអ្នកមិនមានផ្ទៃពោះក៏ដោយ។ វាអាចមានផលវិបាកដល់គ្រប់ប្រព័ន្ធរាងកាយទាំងអស់ ជាពិសេសនៅពេលរាងកាយឡើងកម្តៅ វាអាចប៉ះពាល់ដល់ការរំលាយអាហារ និងធ្វើឲ្យអ្នកសន្លប់បាន។ ដូច្នេះនៅពេលធ្វើលំហាត់ប្រាណ អ្នកគួរតែទទួលទានទឹកឲ្យបានទៀងទាត់ ដើម្បីរក្សាជាតិទឹកក្នុងរាងកាយកុំឲ្យបាត់បង់។
៤.ផ្តោតលើលំហាត់ប្រាណខុស
ការធ្វើលំហាត់ប្រាណមួយចំនួនអាចបង្កគ្រោះថ្នាក់ខ្លាំងពេលមានផ្ទៃពោះ រួមទាំងការធ្វើលំហាត់ប្រាណគេងលើឥដ្ឋ វាអាចធ្វើឲ្យខូចឆ្អឹងខ្នង និងដាក់សម្ពាធខ្លាំងលើជញ្ជាំងពោះ។ ទោះជាយ៉ាងណាកុំប្តូរទម្លាប់នៃការធ្វើលំហាត់ប្រាណ ព្រោះរាងកាយត្រូវការវិធីសាស្ត្រមានតុល្យភាព ដើម្បីទទួលបានប្រយោជន៍ពេញលេញ។
៥.ឈប់ធ្វើលំហាត់ប្រាណ
ស្ត្រីភាគច្រើនមានភាពខ្ជិលច្រអូសជាមួយនឹងការធ្វើលំហាត់ប្រាណពេលមានផ្ទៃពោះ។ តែអ្នកត្រូវចាំថា ការធ្វើលំហាត់ប្រាណអាចជួយឲ្យរាងកាយដំណើរការបានល្អ ហើយគួបផ្សំជាមួយនឹងអាហារមានផាសុខភាពទៀតនោះ អ្នកនឹងមានសុខភាពល្អទោះពេលមានផ្ទៃពោហក៏ដោយ។
ការលំហាត់ប្រាណពេលមានផ្ទៃពោះ អាចរំខានដោយសារតែកត្តាមួយចំនួនដូចជាការចាញ់កូន ប៉ុន្តែសូមកុំបោះបង់ទម្លាប់ធ្វើលំហាត់ប្រាណប្រចាំថ្ងៃ ដើម្បីទទួលបានសុខភាពល្អទាំងអ្នក និងកូន៕