ភាពធាត់ត្រលុកត្រលន់នៅក្នុងក្រសែភ្នែកឪពុកម្តាយមួយចំនួន ពិតជាគួរឲ្យស្រឡាញ់ណាស់ ប៉ុន្តែអ្នកត្រូវដឹងទេថា វាអាចជះឥទ្ធិពលអាក្រក់ដល់សុខភាពពួកគេទៅថ្ងៃអនាគត់។ ការសិក្សាបានបង្ហាញថា កុមារក្រោមអាយុ៦ឆ្នាំ មានការកើតឡើងនៃភាពធាត់រហូតដល់ ៤០ភាគរយ។
មូលហេតុចម្បងនៃការធាត់ គឺឥរិយាបទក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេផ្តោតទៅលើការបរិភោគច្រើន មិនសូវធ្វើចលនា អង្គុយចុចទូរស័ព្ទ ឬមើលទូរទស្សន៍ជាដើម។ ឥរិយាបទទាំងនេះមិនត្រឹមតែប៉ះពាល់ដល់រាងកាយប៉ុណ្ណោះទេ វាក៏បណ្តោលឲ្យកុមារកើតជំងឺធ្លាក់ទឹកចិត្តផងដែរ។ អ្នកជំនាញបានព្រមានថា កុមារដែលធាត់មានការលូតលាស់លឿនជាងកុមារដែលស្គម ហើយត្រូវប្រឈមនឹងហានិភ័យជាច្រើនរួមមាន ជំងឺបេះដូង ជំងឺសរសៃឈាម ទឹកនោមផ្អែម លើសឈាម ខ្លាញ់ក្នុងថ្លើម គេងមិនលក់ កង្វះវីតាមីន D និងជំងឺមហារីក។
ដូច្នេះការទម្លាប់ឲ្យបរិភោគបានត្រឹមត្រូវ និងធ្វើសកម្មភាពប្រចាំថ្ងៃពិតជាសំខាន់ណាស់ក្នុងការទប់ស្តាត់ភាពធាត់។ ក្រៅពីនេះនៅពេលទារកកើតមកភ្លាមត្រូវផ្តល់ទឹកដោះតែមួយមុខគត់រហូតដល់អាយុ ៦ខែ ហើយក្រោយពេល៦ខែត្រូវទម្លាប់ផ្តល់ផ្លែឈើ បន្លែឲ្យកូនញ៉ាំរាល់ពេល។ ព្យាយាមកាត់បន្ថយចំណីអាហារដែលមានជាតិស្ករ និងជាតិប្រៃច្រើន។
សំខាន់បំផុតឪពុកម្តាយត្រូវធ្វើជាគំរូល្អដល់កូន គឺធ្វើយ៉ាងណាថែរក្សាខ្លួនកុំឲ្យធាត់ពេក កូនៗរបស់អ្នកច្បាស់ជាយកគំរូតាមអ្នកជាពុំខាន៕