ជាទូទៅទារកដែលមានអាយុ ១ដល់៣ថ្ងៃ ការបញ្ចេញកាកសំណល់តាមធម្មជាតិរបស់ពួកគេមើលទៅស្អិតៗ ហើយពណ៌បៃតងចាស់ ប្រផេះចាស់ ឬខ្មៅ ដែលត្រូវបានចាស់ៗហៅថា (អាចម៍ខ្មាំង)។ លាមកប្រភេទនេះមិនមានគ្រោះថ្នាក់នោះទេ ព្រោះវាជាពណ៌ធម្មជាតិសម្រាប់ក្មេងនៅអាយុនេះ។
បន្ទាប់ពីចាប់កំណើតបាន ៣ថ្ងៃ ទារកចាប់ផ្តើមមឹមទឹកដោះគោបានច្រើន ហើយលាមករបស់ពួកគេនឹងមានពណ៌លឿងរាវ និងជុះញឹកញាប់។ ប្រសិនបើទារកមឹមទឹកដោះគោម្សៅវិញ លាមកមិនរាវទាំងស្រុងនោះទេ គឺមានគ្រាប់ៗខ្លះ តែត្រូវបានគេចាត់ទុកជារឿងធម្មតា។
ចំពោះលាមកដែលមានពណ៌រាងលឿងបៃតង បណ្តោលមកពីអ្នកម្តាយបរិភោគបន្លែបៃតងច្រើន ទើបលាមកទារកមានពណ៌បែបនេះ។
តើលាមកពណ៌អ្វីដែលមានគ្រោះថ្នាក់ថ្នាក់?
១.លាមកពណ៌ក្រហមដូចឈាម
ប្រសិនបើឪពុកម្តាយកត់សម្គាល់ឃើញថា លាមករបស់ទារកមានពណ៌ក្រហមដូចឈាម មានន័យថាពួកគេកំពុងជួបបញ្ហាទល់លាមកធ្ងន់ធ្ងរ។ រហូតដល់បណ្តោលឲ្យដំបៅនៅត្រង់រន្ធគូធ ឬអាចដំបៅដល់ពោះវៀនធំ។ ប្រសិនបើកូនរបស់អ្នកមានរោគសញ្ញា យំខ្លាំងពេលជុះ ឈឺពោះ ជុះមិនចេញ និងគ្រុនក្តៅ គួរនាំពួកគេទៅជួបគ្រូពេទ្យជាបន្ទាន់។
២.លាមកពណ៌ស ឬស្លេកជាងធម្មតា
លាមកប្រភេទនេះមើលទៅហាក់ដូចជាធម្មតា ប៉ុន្តែវាអាចបណ្តោលមកពីបញ្ហាមិនប្រក្រតីនៅក្នុងបំពង់ទឹកប្រមាត់។ ប្រសិនបើអ្នកសង្កេតឃើញលាមករបស់កូនមានពណ៌បែបនេះ សូមប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យភ្លាមៗ។
៣.បន្ទាប់ពីកើតបាន៣ថ្ងៃហើយ លាមកនៅតែខ្មៅ
ប្រសិនបើរយៈពេល៣ថ្ងៃហើយ ទារកនៅតែមានលាមកពណ៌ខ្មៅទៀតនោះ អាចបណ្តោលមកពីការហូរឈាមខាងក្នុង។ ទោះជាយ៉ាងណាប្រសិនបើអ្នកម្តាយញ៉ាំថ្នាំគ្រាប់ជាងដែក ឬវីតាមីនជាតិដែក មិនមែនជារឿងចម្លែកទេ។ ប៉ុន្តែបើអ្នកម្តាយមិនញ៉ាំថ្នាំទាំងនោះទេ ត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យភ្លាម។
ការពិនិត្យមើលពណ៌លាមករបស់ទារកពិតជាមានសារៈសំខាន់ណាស់ ព្រោះវាអាចជួយសង្គ្រោះទារកបានទាន់ពេលវេលា ប្រសិនបើមានបញ្ហាមែននោះ៕