បញ្ហាកង្វះជាតិដែក អាចធ្វើកុមារមានភាពស្លេកស្លាំង ដែលមានឥទ្ធិពលដល់ការអភិវវឌ្ឍន៍ទូទៅ និងស្ថានភាពផ្លូវចិត្តរបស់ពួកគេ។ កុមារតូចៗ និងស្ត្រីមានផ្ទៃពោះមានឱកាសខ្ពស់ក្នុងការកង្វះអាហារូបត្ថម្ភដែលជាទូទៅគេហៅថា (កង្វះជាតិដែក)។
កង្វះជាតិដែកចំពោះកុមារ កើតឡើងដោយសារតែហេតុផលផ្សេងៗដូចជា ការបាត់បង់ឈាម ការទទួលទានអាហារខ្វះជាតិដែក ឬរាងកាយគ្មានសមត្ថភាពក្នុងការស្រូបយកជាតិដែកពីចំណីអាហារ។
ជាតិដែក មានតួនាទីផលិតអេម៉ូក្លូប៊ីន ប្រូតេអ៊ីន និងបញ្ចូនអុកស៊ីសែនទៅកាន់កោសិកានៃរាងកាយ។ ដូច្នេះភាពមិនគ្រប់គ្រាន់នៃជាតិដែក អាចបណ្តោលឲ្យថយចុះកម្រិតអេម៉ូក្លីប៊ីនក្នុងឈាម ហើយជាលិកានៃរាងកាយស្រូបយកអុកស៊ីសែនក៏បានតិចដែរ។
ហេតុនេះនៅក្នុងរបអាហាររបស់យើងគ្រប់គ្នាគួរតែបញ្ចូល ស្លឹកបន្លៃបៃតង ត្រី និងសាច់ ដែលជាប្រភពជាតិដែកច្រើនបំផុត។ កង្វះជាតិដែកមធ្យមអាចព្យាបាលបាន ប៉ុន្តែប្រសិនបើបើខ្វះធ្ងន់ធ្ងរវិញនោះ អាចនាំឲ្យមានផលវិបាកជាច្រើន រួមមានលំបាកក្នុងការរៀនសូត្រ និងការផ្លាស់ប្តូរអាកប្បកិរិយាចំពោះកុមារ។
ខាងក្រោមនេះគឺជារោគសញ្ញាមួយចំនួន នៃកង្វះជាតិដែកចំពោះកុមារ៖
អស់កម្លាំង និងខ្សោយ
ដោយសារតែបរិមាណកោសិកាឈាមក្រហមមានផ្ទុកអុកស៊ីសែនតិច ធ្វើឲ្យសរីរាង្គដំណើរការមិនបានល្អនោះទេ។ អ្នកត្រូវដឹងថា សីរាង្គត្រូវការបរិមាណអុកស៊ីសែនគ្រប់គ្រាន់ សម្រាប់ដំណើរការ តែប្រសិនបើខ្វះអុកស៊ីសែនវិញនោះលទ្ធផលភាពអស់កម្លាំង និងខ្សោយ ច្បាស់ជាកើតមានឡើងជាពុំខាន។
ស្បែកមានសភាពស្លេកស្លាំង
ការថយចុះចំនួនកោសិកាឈាមក្រហម ឬកម្រិតអេម៉ូក្លីប៊ឺន នឹងធ្វើឲ្យស្បែកកូនរបស់អ្នកមានភាពស្លេកស្លាំងខុសពីក្មេងធម្មតា។
ដង្ហើមហត់ៗ
ប្រសិនបើអុកស៊ីសែនមិនមានគ្រប់គ្រាន់នៅក្នុងកោសិកាឈាមក្រហមទេ អុកស៊ីសែនក៏មិនបានផ្គត់ផ្គង់ទៅដល់បេះដូងដែរ។ នេះជាមូលហេតុ ដែលបណ្តោលឲ្យដង្ហើមក្មេងមានលក្ខណៈហត់ៗ។
ថយចុះចំណង់អាហារ
កុមារដែលខ្វះជាតិដែកក្នុងខ្លួនតែងតែមានអារម្មណ៍អស់កម្លាំង និងខ្សោយជានិច្ច ហើយជាលទ្ធផលពួកគេនឹងពិបាកក្នុងការធ្វើសកម្មភាពណាមួយ។ នេះជាមូលហេតុចម្បងនៃការកាត់បន្ថយចំណង់អាហារ របស់ពួកគេ។
ឆ្លងមេរោគញឹកញាប់
កោសិកាឈាមក្រហមមានសុខភាពល្អនៅក្នុងខ្លួនមិនគ្រប់គ្រាន់ ធ្វើឲ្យមុខងារនៃប្រព័ន្ធភាពស៊ាំចុះខ្សោយ។ នៅទីបំផុតពួកគេច្បាស់ជាទទួលរងពីការឆ្លងរោគញឹកញាប់។ នេះជាសញ្ញាមួយក្នុងចំណោមរោគសញ្ញទូទៅនៃការខ្វះជាតិដែក។
កង្វះជាតិដែកកម្រិតស្រាល គឺជាជំងឺឈាមធម្មតាដែលងាយព្យាបាល តែបើធ្ងន់ធ្ងរវិញនោះអាចប្រឈមនឹងបញ្ហាអាក្រក់បំផុត។ ដូច្នេះសូមប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ប្រសិនបើអ្នកឃើញសញ្ញាមួយចំនួនដូចខាងលើកើតចំពោះកូនរបស់អ្នក៕