ចាប់ពីកំណើតរហូតដល់អាយុ១ខួប ទារកត្រូវការគេងឲ្យបានគ្រប់គ្រាន់ ប៉ុន្តែក្មេងខ្លះអាចពិបាកក្នុងការគេង។ ការគេងមិនបានគ្រប់គ្រាន់ អាចធ្វើឲ្យក្មេងប្រឈមហានិភ័យលូតលាស់មិនបានល្អ នេះហើយជាដើមហេតុដែលក្រុមអ្នកជំនាញណែនាំឲ្យឪពុកម្តាយទាំងអស់ប្រើបច្ចេកទេសមួយចំនួន ដើម្បីគ្រប់គ្រងកូនដែលពិបាកក្នុងការគេង។
១.ងូតទឹកក្តៅឧណ្ឌៗឲ្យកូន
តើអ្នកដឹងទេសីតុណ្ហភាពទឹកអាចប៉ះពាលដល់កំណេករបស់កូន? ហេតុនេះអ្នកត្រូវយកទឹកក្តៅឧណ្ឌៗមកងូតឲ្យកូន ព្រោះវាអាចធ្វើឲ្យកូនមានអារម្មណ៍ល្អ គេងលក់បានស្រួល។
២.បំបៅដោះកូនឲ្យបានត្រឹមត្រូវមុនពេលគេង
ប្រសិនបើកូនរបស់អ្នកញ៉ាំទឹកដោះច្រើនពេក វានឹងធ្វើឲ្យពួកគេតឹងណែនក្នុងពោះ ភើចេញមកវិញ ឬក៏កើតមានអាការៈហើមពោះនៅពេលយប់។ នេះជាមូលហេតុមួយដែលធ្វើឲ្យកូនគេងមិនបានលក់ស្រួល ដូច្នេះអ្នកត្រូវប្រុងប្រយ័ត្នទុកជាមុនក្នុងការបំបៅដោះកូន មិនត្រូវតិចពេក ហើយក៏មិនត្រូវច្រើនពេកដែរ។
៣.ម៉ាស្សាថ្នមៗ
ពេលខ្លះកូនរបស់អ្នកអាចគេងបានតែមួយភ្លែតៗ ឬគិតតែស្រែកយំពេញមួយយប់ ដោយសារតែចង់បានការថ្នាក់ថ្នមពីឪពុកម្តាយ។ សាកល្បងការម៉ាស្សាថ្នមៗ មិនយូរទេកូនរបស់អ្នកនឹងដេកលក់ស្រួល។
៤.បង្កើតបរិយាកាសល្អក្នុងបន្ទប់គេង
រៀបចំបន្ទប់គេងឲ្យមានខ្យល់ចេញចូលបានល្អ មិនក្តៅពេក មិនត្រជាក់ពេក។ ការរៀបចំសីតុណ្ហភាពក្នុងបន្ទប់មិនបានត្រឹមត្រូវក៏អាចជះឥទ្ធិពលមិនល្អដល់ការគេងរបស់កូនផងដែរ។
៥.ទម្លាប់ដដែលៗរាល់ថ្ងៃ
កុមារចាប់ពីអាយុ៣ខែ អាចរៀនទម្លាប់បានហើយ។ ហេតុនេះឪពុកម្តាយគួរតែបង្កើតកាលវិភាគក្នុងការគេងឲ្យបានច្បាស់លាស់។
៦.ពិនិត្យរាងកាយរបស់កូន រៀងរាល់មុនពេលចូលគេង
ប្រសិនបើទារកមិនអាចគេង ហើយនៅតែយំ ទោះបីជាអ្នកប្រើវិធីអ្វីក៏ដោយ កូនរបស់អ្នកអាចមានជំងឺ។ ចូរពិនិត្យមើលថា តើកូនរបស់អ្នកមានជំងឺផ្តាសាយ ឈឺពោះ ឬហើមពោះឬក៏អត់? ព្រោះទាំងអស់នេះសុទ្ធតែជាដើមហេតុដែលធ្វើឲ្យកូនរបស់គេងមិនលក់។
៧.ពិនិត្យមើលខោទឹកនោម ឬកន្ទប
កត្តាមួយទៀតដែលអាចធ្វើឲ្យកូនរបស់អ្នកគេងលក់មិនស្រួល គឺភាពសើមនៅក្នុងខោទឹកនោម ឬកន្ទប។ អ្នកត្រូវប្រញាប់ធ្វើការផ្លាស់ប្តូរឲ្យបានញឹកញាប់ ហើយម្យ៉ាងទៀតភាពសើមយូរពេកអាចធ្វើឲ្យក្មេងរមាស់ ឬរលាកគូថបាន។
តាមពិត ទារកមិនអាចគេងលក់នោះទេ ហើយចេះតែស្រែកយំនៅពេលយប់ ប្រសិនបើពួកគេមានបញ្ហាអ្វីមួយ។ ហេតុនេះឪពុកម្តាយគួរតែយកចិត្តទុកដាក់ និងស្វែងយល់ពីការមើលថែទាំទារកឲ្យបានច្រើន៕