យោងតាមមន្ត្រីសុខាភិបាលអេស្បាញ បានបង្ហាញថា ម្តាយរបស់ទារកដែលមានប្រព័ន្ធភាពស៊ាំខ្លាំង បានចាក់វ៉ាក់សាំងប្រឆាំងការពារជំងឺ COVID-19 អំឡុងពេលមានផ្ទៃពោះ។
ក្មេងប្រុសទើបនឹងកើតនៅប្រទេសអេស្បាញ បានក្លាយជាទារកដំបូងគេនៅក្នុងប្រទេស ដែលមានប្រព័ន្ធភាពស៊ាំប្រឆាំងនឹងវីរុស SARS-CoV-2 ដោយសារតែអ្នកម្តាយរបស់គាត់បានចាក់វ៉ាក់សាំងការពារជំងឺ COVID-19 នៅដំណាក់កាលទី៣នៃការមានផ្ទៃពោះ។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអេស្បាញ សំណាកដែលបានយកចេញពីទងផ្ចិតរបស់ទារក ត្រូវបានធ្វើតេស្តនៅមន្ទីរពេទ្យ Mallorca បានបង្ហាញថា ប្រព័ន្ធភាពស៊ាំរបស់ក្មេងប្រុសរូបនោះ មានលទ្ធភាពអាចប្រឆាំងនឹងជំងឺ COVID-19 បាន។ មន្ត្រីសុខាភិបាលបាននិយាយថា សមត្ថភាពរបស់ទារកក្នុងការការពារខ្លួនប្រឆាំងនឹងវីរុស SARS CoV-2 គឺអាចប្រៀបធៀបទៅនឹងអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ហើយ។
ក្រុមអ្នកជំនាញជឿជាក់ថា លទ្ធផលនេះបើកលទ្ធភាពឲ្យមានការចាក់វ៉ាក់សាំងសម្រាប់ស្ត្រីមានផ្ទៃពោះ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំទាំងខ្លួនឯង និងទារកក្នុងផ្ទៃ។
កាលពីមុនអង្គការសុខភាពពិភពលោក WHO បង្ហាញថា គេមិនទាន់ដឹងច្បាស់ទេថា តើស្ត្រីមានផ្ទៃពោះអាចម្លងវីរុសនេះទៅកូនរបស់ពួកគេក្នុងពេលមានផ្ទៃពោះ ឬពេលសម្រាល ឬក៏យ៉ាងណានោះទេ។ បច្ចុប្បន្នអ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញវីរុស SARS-CoV-2 នៅក្នុងទឹកភ្លោះ ឬទឹកដោះម្តាយនោះដែរ៕