រាក ត្រូវបានគេចាត់ទុកជាជំងឺទូទៅបំផុតសម្រាប់កុមារ ដែលបណ្តោលមកពីមូលហេតុផ្សេងៗដូចជា ការឆ្លងមេរោគ បាក់តេរី និងប៉ារ៉ាស៊ីតនៅក្នុងពោះវៀន។ ជំងឺរាក ក៏អាចបណ្តោលមកពីការទទួលទានអាហារមិនត្រឹមត្រូវ ដូចជា ការផ្លាស់ប្តូរអាហារថ្មីភ្លាមៗ អាហារពិបាករំលាយ ការទទួលទានច្រើនហួសប្រមាណ ឬផលប៉ះពាល់នៃការប្រើថ្នាំអង់ទីប៊ឺយោទិកមួយចំនួន។
ទោះជាយ៉ាងណាប្រសិនបើកូនរបស់អ្នកកំពុងតែកើតជំងឺរាក ត្រូវដឹងពីវិធីមើលថែទាំដែលត្រឹមត្រូវ ដើម្បីទប់ស្កាត់ផលប៉ះពាល់ធ្ងន់ធ្ងរដល់រាងកាយ។
១.នៅពេលកើតជំងឺរាក ជាតិទឹកនៅក្នុងរាងកាយកុមារនឹងត្រូវបាត់បង់ ហេតុនេះសូមផ្តល់ទឹកឲ្យកុមារឲ្យបានច្រើន ដើម្បីការពារកុំរាងកាយកាន់តែចុះខ្សោយទៅៗ។
២.ព្យាយាមបញ្ចុកអាហារកុមារតិចៗ តែឲ្យបានច្រើនសារ ធ្វើបែបនេះដើម្បីជួយជំរុញឲ្យកុមារឆាប់មានកំលាំងកំហែងឡើងវិញ។
៣.អាហារដែលមានជាតិខ្លាញ់គួរតែជៀសវាង ព្រោះវាពិបាកក្នុងការស្រូប។
៤.គ្រូពេទ្យក៏បានណែនាំដែរថា ភេសជ្ជៈប៉ូវកម្លាំងក៏គួរតែជៀសវាងដែរ ព្រោះជាតិស្ករច្រើនមិនសមស្របសម្រាប់កុមារដែលមានជំងឺរាករូសទេ។
៥.ក្នុងករណីដែលកុមារមានអាការៈរាកខុសធម្មតា ដូចជា រាកមានលាយឈាម កុមារមិនព្រមញ៉ាំ ឬផឹក មិនលេង គ្មានកម្លាំងគិតតែពីគេង ឈឺពោះ ឬក្អួតមិនបាត់ ត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យភ្លាម៕