ជំងឺគ្មានចំណង់អាហារ ឬធុញទ្រាន់ជាមួយនឹងអាហារ គេសង្កេតឃើញកើតមានចំពោះកុមារ ៨នាក់ ក្នុងចំណោម ១០នាក់ទៅហើយ។ កុមារខ្លះតម្រូវឲ្យឪពុកម្តាយតាមបញ្ចុកគ្រប់ពេលទំរាំតែបានមួយម៉ាត់ៗ ឬអនុញ្ញាតឲ្យមើលទូរស័ព្ទទើបពួកគេព្រមញ៉ាំ។ ប្រសិនបើឪពុម្តាយមិនសូវមិនសូវរវីរវល់ក្នុងការផ្តល់អាហារដល់កូន ឬក៏មានភាពខ្ចិលច្រអូសទៀតនោះ កុមារអាចជួបប្រទះបញ្ហាសុខភាពជាពុំខាន។
យោងតាមការស្រាវជ្រាវបានរកឃើញថា មូលហេតុទី១ ដែលធ្វើឲ្យកុមារមានជំងឺបាត់បង់ចំណង់អាហារ ដោយសារតែខ្វះសារធាតុចិញ្ចឹម និងមីក្រូសារជាតិសំខាន់ៗតាំងពីនៅក្នុងផ្ទៃ ឬរបបអាហារប្រចាំថ្ងៃរបស់អ្នកម្តាយមិនមានតុល្យភាព។
មូលហេតុទី២ គឺកុមារទទួលរងពីជំងឺស្រួចស្រាវដោយសារតែការបង្ករោគ ដោយបាក់តេរី វីរុស បញ្ហាប្រព័ន្ធរំលាយអហារដូចជា ជំងឺរលាកក្រពះ ជំងឺរលាកពោះវៀន…ដែលនាំឲ្យបាត់បង់វីតាមីន និងសារធាតុរ៉ែយ៉ាងច្រើន ធ្វើឲ្យជំងឺបាត់បង់ចំណង់អាហារកើតមានកាន់តែធ្ងន់ធ្ងរ។
កុមារដែលបាត់បង់ចំណង់អាហារ ធ្វើឲ្យរាងកាយមិនអាចស្រូបយកសារធាតុចាំបាច់ទៅចិញ្ចឹមសរីរាង្គផ្សេងបានឡើយ ហេតុនេះរាងកាយមានការលូតលាស់យឺតយ៉ាវ ហើយស្គមរីងរៃអាក្រក់មើលណាស់។ សូម្បីតែខួរក្បាលរបស់កុមារ ក៏លែងមានការអភិវឌ្ឍ ដោយសារតែការមិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ពីអាហារនេះដែរ។
ក្នុងករណីដែលកុមារកើតជំងឺបាត់បង់ចំណង់អាហារ រយៈពេលវែង អាចប៉ះពាល់ដល់សុខភាព ជាពិសេសប្រព័ន្ធភាពស៊ាំ។ ដោយសារ ៨០ភាគរយនៃកោសិកាភាពស៊ាំរបស់រាងកាយស្ថិតនៅក្នុងបំពង់រំលាយអាហារ ដូច្នេះ អ្នកម្តាយចាំបាច់ត្រូវផ្តល់អាហារដែលសម្បូរសារធាតុចិញ្ចឹមច្រន ដើម្បីជំនួយដល់ការរំលាយអាហារ និងបង្កើនភាពធន់សម្រាប់កុមារ។ បើពុំដូច្នោះទេ ប្រព័ន្ធភាពស៊ាំក្នុងរាងកាយកុមារនឹងចុះខ្សោយ ហើយងាយទទួលរងការវាយប្រហារពីជំងឺផ្សេងៗបានយ៉ាងងាយ៕