មនុស្សមានថ្ពាល់ខួច ត្រូវបានគេចាត់ទុកជាមនុស្សដែលមានភាពទាក់ទាញ មានមន្តស្នេហ៍ និងគួរឲ្យខ្នាញ់ខុសពីមនុស្សធម្មតា។ អ្នកជំនាញបានធ្វើការប៉ាន់ប្រមាណថា អ្នកដែលមានផែនថ្ពាល់បែបនេះមានប្រហែលជា ២០ភាគរយ នៃប្រជាជនទាំងអស់ទូទាំងសាកលលោក។
មនុស្សមួយចំនួនថ្វីត្បិតតែមានថ្ពាល់ខួចក៏ពិតមែន ប៉ុន្តែទាល់តែពួកគេសើច ឬញញឹម ទើបឃើញស្នាមខូងនៅលើថ្ពាល់ដែលគេហៅថាខួច រីឯអ្នកខ្លះទៀតអាចខួចតែម្ខាង ឬទាំងពីរ ទោះមិនសើចក៏មើលឃើញដែរ ប្រសិនបើស្នាមខួចជ្រៅ។
ក៏ប៉ុន្តែ តើអ្នកដឹងទេថា ហេតុអ្វីបានជាទារកចំនួនកើតមកមានថ្ពាល់ខួច?
តាមពិត ថ្ពាល់ខួច កើតឡើងដោយសារតែសាច់ដុំអភិវឌ្ឍមិនបានគ្រប់គ្រាន់ ខណៈពេលបង្កកំណើត ទើបធ្វើឲ្យមានស្នាមខូង ដែលយើងគ្រប់គ្នាហៅថា ខួច។ ប្រសិនបើកង្វះសាច់ដុំនេះកើតឡើងលើថ្ពាល់តែម្ខាង វានឹងខួចតែម្ខាង តែបើកង្វះសាច់ដុំកើតឡើងលើថ្ពាល់ទាំងសងខាង វានឹងខួចទាំងសងខាង។
ក្នុងករណីមួយចំនួន ភាពខួចនេះអាចរលប់បាត់ទៅវិញ ប្រសិនបើសាច់ដុំលូតលាស់ពេញលេញនៅពេលពួកគេធំពេញវ័យ។
ដូចគ្នានេះផងដែរ អ្នកដែលមានថ្ពាល់ខួច ក៏អាចបណ្តោលមកពីតំណពូជផងដែរ។ ជាពិសេស ប្រសិនបើឪពុក ឬម្តាយរបស់អ្នកមានថ្ពាល់ខួច អ្នកនឹងមានឱកាសខួច ២៥ ទៅ ៥០ភាគរយ ហើយប្រសិនបើឪពុកម្តាយរបស់អ្នកខួចទាំងពីរ អ្នកអាចមានឱកាសខួចរហូតដល់ ១០០ភាគរយ៕