បញ្ហារមួលក្រពើ កើតឡើងនៅពេលដែលមានការកន្ត្រាក់សាច់ដុំធ្ងន់ធ្ងរនៅតំបន់ជើង ហើយជារឿយៗកើតមានចំពោះស្ត្រីមានផ្ទៃពោះនៅក្នុងត្រីមាសចុងក្រោយ។ ប្រសិនបើការរមួលក្រពើចំពេលអ្នកអង្គុយ ឬគេងមិនបង្កគ្រោះថ្នាក់ដល់ទារកនោះទេ ប៉ុន្តែប្រសិនបើបញ្ហាកើតមានចំពេលអ្នកកំពុងតែឈរ ឬដើរ អាចបង្កគ្រោះថ្នាក់ដោយសារតែការដួល។
តើមូហេតុអ្វីដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះកើតមានបញ្ហារមួលក្រពើ?
- បង្កឡើងដោយសារតែកង្វះជាតិកាល់ស្យូមនៅក្នុងរាងកាយ ឬនៅក្នុងចរន្តឈាមមានជាតិផូស្វ័រច្រើនពេក។
- ប្រព័ន្ធឈាមរត់ផ្គត់ផ្គង់ទៅផ្នែកផ្សេងៗនៃរាងកាយមិនបានគ្រប់គ្រាន់ ជាពិសេសតំបន់ដែលមានបញ្ហា។ ជាពិសេសអ្នកម្តាយដែលឡើងទម្ងន់ច្រើន ធ្វើឲ្យជើងរងសម្ពាធដោយសារតែពិបាកទ្រទ្រង់ទម្ងន់រាងកាយ។
- កង្វះជាតិទឹក ឬបរិមាណសារធាតុរ៉ែមិនប្រក្រតីនៅក្នុងរាងកាយ។ មួយថ្ងៃអ្នកគួរតែផឹកទឹកឲ្យបាន ៦ទៅ ៨កែវ។
- ឈររយៈពេលយូរអាចបណ្តោលឲ្យសាច់ដុំហត់នឿយ លំហូរឈាមរត់មិនស្រួល
របៀបដោះស្រាយបញ្ហារមួលក្រពើ ដោយលាតសាច់ដុំឲ្យបាន ១ទៅ ២នាទី៖
រមួលក្រពើនៅតំបន់កំភួនជើង៖ អ្នកម្តាយត្រូវសណ្តូកជើងឲ្យត្រង់ ហើយប្រើម្រាមដៃចុចលើតំបន់កំភួនជើងឲ្យសព្វ ដើម្បីបន្ធូរសម្ពាធពីសាច់ដុំដែលកន្ត្រាក់។
រមួលក្រពើនៅបំបន់ភ្លៅ៖ អ្នកម្តាយត្រូវសណ្តូកជើងឲ្យត្រង់ ហើយប្រើដៃម៉ាស្សាតំបន់ភ្លៅស្រាលៗឲ្យសព្វកន្លែង។
រមួលនៅជុំវិញម្រាមជើង៖ អ្នកម្តាយត្រូវសណ្តូកជើងឲ្យត្រង់ រួចឲ្យស្វាមីម៉ាស្សាម្រាមជើងថ្នមៗរហូតទាល់តែបានធូរស្រាល៕