Skip to content

នោមញឹកពេលមានផ្ទៃពោះ អាចបង្កផលអាក្រក់ឬទេ?

នៅពេលគភ៌ចាប់ផ្តើមមានអាយុកាន់តែច្រើន ការនោមរបស់អ្នកម្តាយក៏កាន់តែញឹកញាប់ដែរ នេះអាចជាការរំខានមួយ ហើយក៏ជាក្តីព្រួយបារម្ភចំពោះស្ត្រីមួយចំនួនផងដែរ។ តើការនោមញឹកអំឡុងពេលមានផ្ទៃពោះមានផលវិបាកអ្វីខ្លះ?

ការនោមញឹកអំឡុងពេលមានផ្ទៃពោះ ត្រូវបានបែងចែកជាពីដំណាក់កាល៖ ដំណាក់កាលដំបូងនៃការមានផ្ទៃពោះពី ១ដល់ ៣ខែ ដោយសារតែការផ្លាស់ប្តូរអ័រម៉ូន នៅក្នុងខ្លួន ធ្វើឲ្យមានការឈឺចាប់ក្នុងការនោម ហើយប្លោកនោមរីកធំជាងមុន។ ដំណាក់កាលចុងបញ្ចប់នៃការមានផ្ទៃពោះ ៧ទៅ៩ខែ ទារកមានការលូតលាស់ពេញលេញ ហើយដល់ពេលដែលក្បាលត្រូវបង្វិលចុះក្រោមដែរ។ ដំណាក់កាលនេះផ្នែកក្បាលទារកនិងសង្កត់ពីលើតំបន់ប្លោកនោម ដែលធ្វើឲ្យប្លោកនោមមានចន្លោះទំនេរតូច ការផ្ទុកទឹកនោមឆាប់ពេញ ហើយលទ្ធផលអ្នកម្តាយនឹងមានការនោមញឹក។

តើការនោមញឹកអាចមានផលអវិជ្ជមានទេ?

ការនោមញឹកអាចជាការរំខានដល់សុខភាពទាំងម្តាយ និងកូនមិនទាន់កើត។ ជាពិសេសអាចងាយនឹងឆ្លងជំងឺបំពង់បង្ហូរនោម រលាកប្លោកនោម និងរលាកតម្រងនោម។

ក្នុងដំណាក់កាលដំបូងស្ត្រីគ្រាន់តែមានអារម្មណ៍ថា នោមមិនអស់ តែបើឈានដល់អាការៈធ្ងន់ធ្ងរអាចបណ្តោលឲ្យនោមតិច និងមានការរលាកក្នុងបំពង់នោម។ ប្រសិនបើការរលាកនៅតែកើតមានដដែលៗ អាចធ្វើឲ្យអ្នកម្តាយមានអាការក្តៅខ្លួនខ្លាំង ហើយទារកអាចស្លាប់ក្នុងផ្ទៃ ឬកើតមិនគ្រប់ខែបាន។

វិធីបង្ការកុំឲ្យមានបញ្ហារលាកប្លោកនោម

ផឹកទឹកឲ្យបានច្រើន៖ អ្នកត្រូវទទួលទានទឹកឲ្យបានច្រើន ដើម្បីទូទាត់សងរាងកាយដែលខ្វះជាតិទឹក។ លុះត្រាតែអ្នកពិបាកក្នុងការចូលបន្ទប់ទឹក ឬជារឿងចាំបាច់ទើបកាត់បន្ថយការទទួលទានទឹក។

កុំព្យាយាមមិនទទួលទានទឹកដោយសារចង់កាត់បន្ថយនោម៖ អ្នកម្តាយត្រូវការទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ពុំដូច្នោះទេវាអាចបង្កគ្រោះថ្នាក់ ហើយប៉ះពាល់ដល់ម្តាយ និងកូនមិនទាន់កើត។

កុំព្យាយាមទប់នោម៖ អ្នកម្តាយមិនគួរប្រឹងទប់នោមដោយសារតែខ្ជិលចូលបន្ទប់ទឹកនោះទេ ព្រោះធ្វើឲ្យជាតិពុលនៅកកុញច្រើនក្នុងរាងកាយ។ ការបញ្ចេញនោមចោលបានទៀងទាត់ អាចជួយលាងសម្អាតតម្រងនោម ហើយលុបបំបាត់កាកសំណល់ពុលផ្សេងៗចេញពីរាងកាយបានថែមទៀត៕