Skip to content

ការពិតដែលគ្រប់គ្នាមិនទាន់ដឹង អំពីការអភិវឌ្ឍការស្តាប់របស់ទារកក្នុងផ្ទៃ

មនុស្សមួយចំនួននៅតែឆ្ងល់ថា ទារកនៅក្នុងផ្ទៃធ្វើម៉េចទើបអាចស្តាប់សំលេងពីមជ្ឈដ្ឋានខាងក្រៅបានទៅ? តាមពិតទារកមានសមត្ថភាពអាចស្តាប់សំលេងតាំងពីនៅក្នុងផ្ទៃមកម្ល៉េះ ជាពិសេសនៅក្នុងត្រីមាសទី២ ដោយសារតែសរីរាង្គត្រចៀកត្រូវបានបង្កើតឡើងហើយ។ ដើម្បីជំរុញដល់ការវិវត្តក្នុងការស្តាប់របស់ទារកឲ្យកាន់តែប្រសើរ ឪពុកម្តាយគួរតែធ្វើរឿងមួយចំនួនដូចជា ច្រៀង ឬនិយាយរឿងនិទានផ្សេងៗជាប្រចាំ។

ប៉ុន្តែមិនមែនគ្រាន់តែទារកបង្កកំណើតភ្លាមពួកគេអាចស្តាប់បានភ្លេតនោះទេ វាត្រូវការពេលវេលា ហើយត្រូវបានគេបែងចែកការលូតលាស់ជារៀងរាល់សប្តាហ៍។

សប្តាហ៍ទី៤ដល់ទី៥៖ បន្ទាប់ពីបង្កកំណើតទៅជាអំប្រ៊ីយ៉ុងក្នុងរយៈពេល៣សប្តាហ៍ដំបូង កោសិកានៅខាងក្នុងអំប្រ៊ីយ៉ុងចាប់ផ្តើមផលិតជាលិកា និងវិវត្តទៅជាសរីរាង្គផ្នែកក្បាលមាន៖ មុខ ភ្នែក ច្រមុះ មាត់ ខួរក្បាល និងត្រចៀក។

សប្តាហ៍ទី៩៖ ឈានដល់ដំណាក់កាលនេះ សរីរាង្គផ្សេងៗចាប់ផ្តើមវិវត្តឡើងចេញជារូបរាង ហើយត្រចៀកផ្នែកខាងក្នុង និងខាងក្រៅក៏មានរូបរាងពេញលេញដែរ។

សប្តាហ៍ទី ១៨៖ នៅពេលការបង្កើតសរីរាង្គត្រចៀកទាំងសងខាងបានពេញលេញហើយ ទារកចាប់ផ្តើមលឺសំលេងពីឪពុកម្តាយនិយាយ និងច្រៀង។ ដូច្នេះអ្នកគួរតែនិយាយទៅកាន់កូនឲ្យបានច្រើន ដើម្បីជំរុញដល់ការអភិវឌ្ឍការស្តាប់របស់ទារក។

សប្តាហ៍ទី២៤៖ ទារកចាប់ផ្តើមមានការរីកចម្រើននៃការស្តាប់លឺយ៉ាងឆាប់រហ័ស និងឥតឈប់ឈរ។ សំលេងផ្សេងៗទៀតដែលចេញពីរាងកាយអ្នកម្តាយអាចត្រូវបានស្តាប់លឺដូចជា សំលេងឃ្លាន ចង្វាក់បេះដូង និងការយំ ជាដើម។

សប្តាហ៍ទី២៦ដល់២៧៖ ត្រីមាសចុងក្រោយនៃការមានផ្ទៃពោះ ទារកកំពុងវិវឌ្ឍន៍កាន់តែខ្លាំងឡើង ដោយសារតែពួកគេអាចរកពិភពសំលេងឃើញ។ ទារកអាចផ្ទៀងផ្ទាត់ការស្តាប់សំលេង ដើម្បីធ្វើចលនាឆ្លើយតបទៅវិញ ដោយការធធាក់ដៃជើង និងមានការប្រុងប្រយ័ត្នកាន់តែខ្លាំង។

អាស្រ័យហេតុនេះ ដើម្បីពង្រឹងដល់ការស្តាប់របស់ទារក អ្នកជំនាញបានណែនាំឲ្យឪពុកម្តាយព្យាយាមនិយាយទៅកាន់កូន ច្រៀង ឬអានសៀវភៅឲ្យញឹកញាប់។ ព្រោះសំលេងរបស់អ្នកម្តាយអាចជំរុញដល់ការវិវត្តក្នុងការស្តាប់របស់កូន ជាពិសេសក្នុងអំឡុងត្រីមាសទី ២៕