ជាទូទៅទារកចេះកម្រើកដំបូងនៅអាយុចន្លោះពី ៦ទៅ ៨សប្តាហ៍ ព្រោះពេលនេះ កោសិកាចាប់ផ្តើមបង្កើតជាសរីរាង្គដូចជា ដៃជើង សាច់ដុំ និងប្រព័ន្ធប្រសាទ។ ប៉ុន្តែនៅត្រីមាសដំបូង អ្នកម្តាយមិនដឹងថា ទារកចេះកម្រើកនោះទេ ដោយសារតែស្បូននៅតូច ទឹកភ្លោះនៅតិច ហើយទារកមានថាមពលតិចក្នុងការធ្វើចលនា។
ក្នុងអំឡុងត្រីមាសទី ២ ប្រហែលជា ១៦ទៅ ២០សប្តាហ៍ ទារកនឹងមានចលនាកាន់តែខ្លាំង ដោយសារតែទារកកាន់តែធំ ស្បូនមានភាពទូលាយ ហើយបរិមាណទឹកភ្លោះក៏កើនឡើងដែរ។
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ទារកនិងកម្រើកកាន់តែចច្រើនឡើង ប៉ុន្តែនៅពេលទារកមានអាយុជិតដល់ពេលសម្រាល ចលនារបស់ពួកគេនឹងថយចុះទៅវិញ ដោយសារតែកន្លែងទំនេរនៅមានចន្លោះតិចពិបាកក្នុងការកម្រើក។
នៅសប្តាហ៍ទី២០ ទារកអាចធ្វើលចនាបាន ២០០ដង ក្នុងរយៈពេល១២ ម៉ោង។
នៅសប្តាហ៍ទី ៣០ ទារកអាចធ្វើចលនាកើនឡើងដល់ ៥៥០ទៅ ៥៨០ដង ក្នុងរយៈពេល ១២ម៉ោង។
នៅសប្តាហ៍ទី ៤០ ទារកអាចធ្វើចលនាថយចុះមកត្រឹម ២៧០ទៅ ២៩០ដងក្នុងរយៈពេល ១២ម៉ោង។
ជាធម្មតា បន្ទាប់ពីញ៉ាំអាហាររួច ទារកនឹងធ្វើចលនាច្រើន ប៉ុន្តែក្នុងករណីដែលទារកមានចលនាតិច ឬមិនមានចលនាសោះ ជាពិសេសបន្ទាប់ពីអាហារទាំង៣ពេល សូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាម ព្រោះទារកអាចកំពុងតែប្រឈមនឹងបញ្ហា៕