តិចនិចបង្រៀនកូនឲ្យក្លាយជាក្មេងល្អ

0
1

ម្តាយ គឺជាមនុស្សទីមួយដែលអាចអប់រំកូនឲ្យចេះស្តាប់បង្កាប់ និងក្លាយជាមនុស្សល្អនៅពេលធំពេញវ័យ។ ប៉ុន្តែម្តាយម្នាក់ៗមានវិធីសាស្ត្រ និងជំនាញក្នុងការចិញ្ចឹមកូនខុសៗគ្នា ដូច្នេះយើងសូមបង្ហាញពីវិធីមួយចំនួនក្នុងការបង្រៀនកូនឲ្យក្លាយជាក្មេងល្អ។

១.ទម្លាប់ឲ្យកូនគេងឲ្យទៀងពេល

ការអនុវត្តបែបនេះជារៀងរាល់ថ្ងៃ គឺជាទម្លាប់ល្អសម្រាប់កុមារ។ សំខាន់ជាងនេះទៅទៀត រាងកាយកុមារនឹងទទួលបានការសម្រាកគ្រប់គ្រាន់ រួមទាំងអាចបញ្ចេញអ័រម៉ូនលូតលាស់ធ្វើការនៅពេលយប់ប្រកបដោយប្រសិទ្ធភាព។

២.បង្រៀនកូនឲ្យចេះសន្សំប្រាក់

នៅពេលកូនចង់បានរបស់អ្វីមួយអ្នកមិនត្រូវទិញភ្លាមៗនោះទេ ព្រោះគាត់អាចក្លាយជាក្មេងទំនើង ចង់បានអ្វីគឺត្រូវតែបាន។ ចូរបង្រៀនកូនរបស់អ្នកឲ្យចេះសន្សំប្រាក់បន្តិចម្តងៗ រហូតទាល់តែគ្រប់ ទើបអនុត្តញ្ញាតឲ្យពួកគេទៅទិញរបស់ដែលពួកគេចូលចិត្ត។ នេះជាវិធីមួយដែលឲ្យកូនរបស់អ្នកដឹងពីតម្លៃនៃប្រាក់ ថាវាពិបាករកប៉ុណ្ណាទំរាំតែបានគ្រប់គោលដៅ។

៣.បង្រៀនកូនឲ្យចេះធ្វើអ្វីៗដោយខ្លួនឯង

មិនថាការញ៉ាំ ការស្លៀកពាក់ ឬការដុសធ្មេញនោះទេ ត្រូវបង្រៀនកូន។ ទម្លាប់បែបនេះនឹងធ្វើឲ្យកូនរបស់អ្នកមានមោទនភាពក្នុងការធ្វើអ្វីមួយដោយខ្លួនឯង។

៤.បង្រៀនកូនឲ្យចេះប្រើពាក្យអរគុណ

អរគុណគឺជាពាក្យគួរសម ឬថ្លែងអំណរគុណ ដែលយើងតែងតែប្រើនៅពេលមាននរណាម្នាក់ជួយយើង ឬផ្តល់របស់អ្វីមួយដល់យើងដោយមិនគិតពីសំណង។ ដូច្នេះពាក្យនេះ គួរតែត្រូវបានប្រើជាញឹកញាប់ក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃ ហើយមិនយូរទេពួកគេនឹងស៊ាំ នឹងដឹងថា ត្រូវប្រើនៅពេលណាស់។

៥.កុំឲ្យកូនញៀននឹងទូរស័ព្ទ

ការបណ្តែតបណ្តោយឲ្យកូនលេងទូរស័ព្ទ គឺជាកំហុសឆ្គងដល់ធំបំផុតសម្រាប់ឪពុកម្តាយគ្រប់រូប។ យោងតាមការស្រាវជ្រាវបានបង្ហាញថា ការញៀននឹងទូរស័ព្ទ មានឥទ្ធិពលអវិជ្ជមានដល់មុខងារផ្សេងៗនៅក្នុងខួរក្បាល។ កុមារអាចក្លាយទៅជាក្លេងឈ្លើយ ឯកកោរ មិនសូវចេះនិយាយស្តី មានជំងឺផ្ចង់អារម្មណ៍… ដូច្នេះកុមារគួរតែជៀសវាង។

៦.បង្រៀនកូនឲ្យចេះប្រើហេតុផល

ការវែកញែករកហេតុផល គឺជាទម្លាប់ល្អមួយ ដែលអាចជួយឲ្យកូនរបស់អ្នកចេះសម្រេចចិត្តបានត្រឹមត្រូវមុននិងធ្វើរឿងអ្វីមួយ។ អ្នកអាចអនុវត្តក្នុងស្ថានភាពជាក់ស្តែង ជាពិសេសនៅពេលដែលកូនរបស់អ្នកចង់បានប្រដាប់ក្មេងលេង ដោយចោទជាសំនួរថា ហេតុអ្វីបានជាកូនចង់ទិញរបស់លេងទៀត ប្ររបស់ចាស់អាចលេងបាននៅឡើយ។

៧.កំណត់លក្ខខ័ណ្ឌជាមួយកូន

ការកំណត់លក្ខខ័ណ្ឌជាមួយកូន គឺជាវិធីមួយទៀតក្នុងការកែតម្រូវកូនឲ្យក្លាយជាក្មេងល្អ និងចេះស្តាប់បង្គាប់។ អ្នកម្តាយត្រូវកំណត់ឲ្យធ្វើអ្វីៗដូចជា ងូតទឹក ដុសធ្មេញ ស្លៀកសំលៀកបំពាក់ មើលទូរស្សន៍ ឬបំពេញការងារឲ្យរួច មុនពេលចេញទៅលេងនៅខាងក្រៅ។

ការចិញ្ចឹមកូនបែបនេះ គឺជាវិធីដ៏ប្រសើរបំផុតដែលអាចជួយឲ្យកូនរបស់អ្នកមានផាសុខភាព ហើយក្លាយជាក្មេងល្អទៅថ្ងៃក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here