ឪពុកម្តាយជាច្រើនតែងមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែកុមារមិនអាចយកភ្នែកចេញពីអេក្រង់ទូរស័ព្ទ ឬថេបប្លេតបាន។ ប្រសិនបើអ្នកមិនអនុញ្ញាតឲ្យពួកគេលេងទេនោះ ពួកគេច្បាស់ជាធ្វើការរំខាន រករឿង ឬស្រែកយំមិនឈប់ឡើយ។ ដូច្នេះ តើត្រូវធ្វើដូចម្តេចទើបកូនឈប់ញៀនជាមួយនឹងទូរស័ព្ទ? ថ្ងៃនេះយើងនឹងបង្ហាញពី តិចនិចល្អៗក្នុងការបញ្ឈប់កូនកុំឲ្យញៀននឹងទូរស័ព្ទ។
១.ថ្ងៃទី១
ថ្ងៃដំបូង ឪពុកម្តាយត្រូវតែព្យាយាមបង្វែរអារម្មណ៍របស់កូន នៅពេលដែលពួកគេចាប់ផ្តើមសុំមើលទូរស័ព្ទ ឬថេបប្លេត ដោយឲ្យពួកគេធ្វើអ្វីផ្សេងៗទៀតដូចជា ងូតទឹក ដាក់ចំណីសត្វ ស្រោចផ្តា ឬលេងកីឡាជាដើម ហើយថ្ងៃដំបូងត្រូវឲ្យពួកគេធ្វើរឿងនោះម្តង ១៥នាទី។
២.ថ្ងៃទី២, ៣, ៤
ចាប់ពីថ្ងៃទី២ទៅ នឹងមានភាពងាយស្រួលបន្តិច ប៉ុន្តែអ្នកត្រូវចេះលួងលោមកូនបន្ថែម ដូចជាការទិញសៀវភៅរឿងនិទានដែលពួកគេចាប់អារម្មណ៍។ នៅពេលដែលកូនបរស់អ្នកសុំមើលទូរស័ព្ទ សូមបើកសៀវភៅដោយចង្អុលបង្ហាញពីភាពអស្ចារ្យ ដើម្បីទាបចំណាប់អារម្មណ៍ពួកគេមកវិញ។ អ្នកត្រូវចាំថា ការឲ្យកូនធ្វើរឿងដដែលៗដូចថ្ងៃទី១ ពួកគេអាចមានភាពធុញទ្រាន់ ដូច្នេះត្រូវរកអ្វីផ្សេងដែលប្លែកៗ។
៣.ថ្ងៃទី៥, ៦
កូនរបស់អ្នកនឹងចាប់ផ្តើមស្ងប់ស្ងាត់ច្រើន គាត់អាចលេងកាន់តែច្រើន ហើយកម្រនឹងសុំមើលទូរស័ព្ទទៀតណាស់។ បន្ទាប់មកអ្នកត្រូវចាប់ផ្តើមដាក់ទូរស័ព្ទឲ្យគាត់ឃើញ ប្រសិនបើគាត់រើសមក ហើយសុំអ្នកមើល ត្រូវបដិសេធ ហើយឲ្យគាត់ទុកវានៅកន្លែងដដែល។ នៅពពេលដែលកូនរបស់អ្នកស្តាប់បង្គាប់ សូមនិយាយសសើរដើម្បីលើកទឹកចិត្តឲ្យគាត់ឈប់រហូតទាល់តែផ្តាច់បានទាំងស្រុងតែម្តង។
៤.ថ្ងៃទី៧
អ្នកត្រូវធ្វើជាគំរូបល្អសម្រាប់កូន ដោយមិនលេងទូរស័ព្ទ ឬលេងហ្គេមនៅចំពោះមុខកូនៗ។ ក្រៅពីនេះអ្នកត្រូវសរសើរលើកទឹកចិត្តកូនបន្តទៀត នៅពេលដែលពួកគេឃើញក្មេងដទៃលេងទូរស័ព្ទ តែមិនសុំអ្នកលេងម្តងទៀត។
វិធីសាស្ត្រទាំងនេះមិនត្រឹមតែធ្វើឲ្យកូនមិនញៀនជាមួយនឹងទូរស័ព្ទប៉ុណ្ណោះទេ តែថែមទាំងអាចជួយឲ្យពួកគេក្លាយជាក្មេងដែលចូលចិត្តអានសៀវភៅទៀតផង៕