ការត្រូវរបួស គឺជារឿងធម្មតាទៅហើយសម្រាប់ក្មេងៗ ព្រោះពួកគេមានភាពរពិសខ្លាំង ហើយឪពុកម្តាយពិបាកនិងហាមឃាត់ណាស់។ ដូច្នេះនៅពេលទារកមានរបួស អ្នកត្រូវដឹងពីវិធីដោះស្រាយ ដើម្បីកុំឲ្យរបួសក្លាយ ឬបង្កទៅជាបញ្ហាធ្ងន់ធ្ងរ។ ខាងក្រោមនេះ គឺជាវិធីដោះស្រាយ នៅពេលក្មេងត្រូវរបួស៖
១.របួសមានស្នាមជាំ
នៅពេលរបួសកូនរបស់អ្នកមានតែស្នាមជាំមិនចេញឈាម មិនប្រាដកថាផ្នែកខាងក្រោមស្បែកឈប់ហូរឈាមនោះទេ។ ដំបូងអ្នកត្រូវយកទឹកកករុំជាមួយកន្សែងស្អាត មកស្អំត្រង់តំបន់ដែលរងរបួស ដើម្បីបញ្ឈប់ការហូរឈាមផ្នែកខាងក្នុង។ បន្ទាប់ពី ២៤ម៉ោង អ្នកត្រូវអនុវត្តស្អំជាមួយនឹងទឹកក្តៅឧណ្ឌៗ ដើម្បីកាត់បន្ថយការហើម។
២.របួសមានដាច់រលាត់
ដំបូងអ្នកត្រូវបញ្ឈប់ការហូរឈាមដោយប្រើសំលីកប្បាស ដើម្បីជូតសម្អាតរបួសថ្នមៗ។ បន្ទាប់មកលាងសម្អាតមុខរបួសជាមួយទឹកក្តៅឧណ្ឌៗ ដើម្បីកម្ចាត់មេរោគចេញ។ ប្រសិនបើមុខរបួសធ្ងន់ សូមជូតជាមួយអាល់កុល តែបើមុខរបួសដាក់រហែកសូមប្រើបង់ដើម្បីរុំផងដែរ។
៣.របួសមុតដោយកាំបិត ឬដែក
ជាដំបូងអ្នកត្រូវសង្កត់មុខរបួសដោយក្រណាត់ស្អាត ដើម្បីបញ្ឈប់ការហូរឈាម បន្ទាប់មកលាងជម្រេះជាមួយនឹងទឹកស្អាត ហើយប្រើស្បៃរុំមុខរបួសឲ្យជិត។ ប្រសិនបើមានការហើមក្រហម មានក្លិន ត្រូវនាំកូនទៅជួបគ្រូពេទ្យភ្លាម។
៤.របួសក្បាល ឬប៉ោងក្បាល
សូមប្រើទឹកកកស្អំ ព្រោះភាពត្រជាក់អាចជួយបង្រួមតំបន់ហើម និងសរសៃឈាម បាន។ ប៉ុន្តែបើកូនរបស់អ្នកមានរបួសក្បាល ហើយមានអាការៈក្អួតដោយមិនដឹងមូលហេតុ គួរយកកូនទៅមន្ទីរពេទ្យភ្លាម។
សុវត្ថិភាពរបស់ទារក គឺជាអ្វីដែលឪពុកម្តាយគួរតែយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ដោយសារតែពួកគេងាយប្រឈមនឹងគ្រោះថ្នាក់៕