ការងូតទឹក មួយថ្ងៃពីរដងគឺជាទម្លាប់ដ៏ល្អបំផុតសម្រាប់សុខភាព ព្រោះវាអាចជួយសម្អាតភាពកខ្វក់ រួមទាំងបាក់តេរីផ្សេងៗដែលតោងនៅលើផ្ទៃស្បែក។ ក៏ប៉ុន្តែក្នុងករណីមួយចំនួន អ្នកមិនគួរប្រញាប់ងូតទឹកឲ្យកុមារឡើយ ព្រោះវាអាចធ្វើឲ្យរាងកាយពួកគេមានប្រតិកម្ម និងគ្រោះថ្នាក់ដល់ជីវិតបាន។ ជាពិសេស បើទារកស្ថិតក្នុងលក្ខខណ្ឌ៣យ៉ាងនេះ អ្នកពុំគួរងូតទឹកឲ្យពួកគេឡើយ។
ពេលទារកឃ្លាន ឬទទួលទានឆ្អែតពេក
ការងូតទឹកនៅពេលដែលទារកកំពុងតែឃ្លានខ្លាំង អាចបណ្តោលឲ្យកម្រិតជាតិស្ករនៅក្នុងឈាមកើនឡើងជាអបប្បរមា។ ជាពិសេសការងូតទឹកក្តៅ អាចបណ្តោលឲ្យសរសៃឈាមរីកធំ ខ្សោយខួរក្បាល វិលមុខ ព្រិលភ្នែក ដួលសន្លប់ ហើយអាចគ្រោះថ្នាក់ដល់ជីវិត។
ចំពោះការងូតទឹកនៅពេលដែលទារកញ៉ាំឆ្អែតពេក អាចកាត់បន្ថយការផ្គត់ផ្គងឈាមទៅកាន់ស្បែក សាច់ដុំ ក្រពះ ដែលនាំឲ្យមានផលប៉ះពាល់ដល់ការរំលាយអាហារ និងការស្រូបអាហារ។ លទ្ធផល កុមារនឹងខ្វះសារធាតុចិញ្ចឹម ហើយបណ្តោលឲ្យមានប្រតិកម្មអវិជ្ជមានដល់សុខភាព។
ពេលទារកកំពុងបែកញើស
នៅពេលដែលទារកកំពុងតែលេង ឬធ្វើសកម្មភាពខ្លាំង រាងកាយនឹងបញ្ចេញញើសច្រើន ហេតុនេះពួកគេត្រូវការសម្រាកសិន ដើម្បីកាត់បន្ថយសីតុណ្ហភាពនៅក្នុងរាងកាយ។
ការធ្វើចលនារាងកាយ អាចជួយលើកម្ពស់ដល់លំហូរឈាមទៅកាន់សាច់ដុំ និងបេះដូង ប៉ុន្តែប្រសិនបើអ្នកងូតទឹកឲ្យពួកគេភ្លាមៗ វានឹងបណ្តោលឲ្យស្ទះរន្ធញើស ខ្វះការផ្គត់ផ្គង់ឈាម ទៅកាន់បេះដូង និងខួរក្បាល ដែលនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត។
ពេលមានជំងឺគ្រុនក្តៅ
បើទោះបីជាការងូតទឹកអាចកម្ចាត់ភាពកខ្វក់ ឬបាក់តេរីនៅលើរាងកាយក៏ដោយ ប៉ុន្តែប្រសិនបើអ្នកងូតទឹកឲ្យពួកគេយូរពេក អាចបង្កឲ្យមានការវិលមុខ និងសន្លប់។
ក្នុងករណីចាំបាច់ អ្នកគួរតែប្រើកន្សែងជ្រលក់ទឹកក្តៅមកជូតសម្អាតរាងកាយទារកវិញ ព្រោះវាក៏អាចជួយបញ្ចុះកម្តៅទារកផងដែរ៕