នៅពេលមានផ្ទៃពោះ ស្ត្រីត្រូវតែមានការប្រុងប្រយ័ត្នគ្រប់ចលនាទាំងអស់ មិនថាការដើរ អង្គុយ ឈរ ឬការគេងនោះទេ។ ព្រោះដំណាក់កាលនេះពោះរបស់អ្នកម្តាយរីកកាន់តែធំ ប្រសិនបើអ្នកគេងមិនត្រឹមត្រូវអាចបង្កផលប៉ះពាល់ដល់ទារកក្នុងផ្ទៃជាពុំខាន។
តើអ្នកដឹងទេថា ទីតាំងគេងរបស់អ្នកម្តាយក្នុងពេលមានផ្ទៃពោះអាចប៉ះពាល់អ្វីខ្លះ?
ការគេងផ្ងារ ត្រូវបានគេចាត់ទុកជាកំហុសធ្ងន់ធ្ងរណាស់ ព្រោះទីតាំងមួយនេះធ្វើឲ្យឈឺចាប់ឆ្អឹងខ្នង ពិបាកដកង្ហើម លំហូរឈាមខុសប្រក្រតី ដោយសារតែទម្ងន់របស់ទារកបានដាក់សម្ពាធខ្លាំង ជាពិសេសនៅពេលទារកមានអាយុកាន់តែច្រើនខែ។ ចំពោះអ្នកម្តាយមានផ្ទៃពោះក្នុងវ័យចំណាស់ ទីតាំងគេងមួយនេះរឹតតែមិនសមស្របទៅទៀត ព្រោះការឡើងទម្ងន់របស់ទារកអាចបណ្តោលឲ្យមានសម្ពាធលើសរសៃឈាមអាក់ទែ ដែលបង្កឲ្យមានការឈឺចាប់ ថប់ដង្ហើម និងសន្លប់។
ផលប៉ះពាល់ចំពោះទារកវិញ គឺទទួលបានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ ធ្វើការឲ្យការលូតលាស់មានភាពយឺតយ៉ាវ ឬទទួលបានអុកស៊ីសែនតិចដែលមានបញ្ហាដល់ការអភិវឌ្ឍខួរក្បាល។ ករណីធ្ងន់ធ្ងរ ប្រសិនបើសារធាតុចិញ្ចឹម និងអុកស៊ីសែនរបស់ទារកត្រូវបានកាត់ផ្តាច់ ពួកគេអាចប្រឈមគ្រោះថ្នាក់ដល់ជីវិត។
ទីតាំងដែលមានសុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះ គឺការគេងចំហៀង ព្រោះវាអាចជួយឲ្យលំហូរឈាមរត់បានល្អ ការបញ្ចូនសារធាតុចិញ្ចឹម និងអុកស៊ីសែនទៅកាន់ទារកក៏ល្អប្រសើរដែរ។
តែទោះជាយ៉ាងអ្នកក៏ពុំគួរគេងចំហៀងយូរៗពេកដែរ គឺត្រូវផ្លាស់ប្តូរការគេងម្តងខាងឆ្វេង ម្តងខាងស្តាំ ដើម្បីកុំឲ្យមានអាការស្ពឹកស្រពន់ ឬស្ទះសរសៃឈាម។
លើសពីនេះដោយសារតែពោះកាន់តែរីកធំ អ្នកម្តាយគួរតែមានការប្រុងប្រយ័ត្នក្នុងការធ្វើចលនាផ្សេងៗ ជាពិសេសពេលដែលក្រោយពីគេង គួរតែក្រោកយឺតៗ ហើយត្រូវមានអ្នកជួយគ្រាឡើង៕