សព្វថ្ងៃនេះ ទូរស័ព្ទចល័ត និងស្មាតហ្វូន ត្រូវបានគេចាត់ទុកជាឧបករណ៍ចាំបាច់បំផុត ព្រោះវាអាជួយសម្រួលដល់ការប្រាស្រ័យទាក់ទងការងារ ការកំសាន្ត ឬប្រើប្រាស់កម្មវិធីផ្សេងៗទៀតពេលនៅផ្ទះ។ ប៉ុន្តែប្រសិនបើឪពុកម្តាយចំណាយពេលច្រើនពេកទៅលើទូរស័ព្ទដៃ និងស្វាតហ្វូន ហើយទុកឲ្យកូននៅតែម្នាក់ឯងនោះ វាអាចបង្កផលប៉ះពាល់អវិជ្ជមានដល់កូនៗ និងទំនាក់ទំនងគ្រួសារ។
ការសិកស្សាមួយនៅចក្រភពអង់គ្លេស បានធ្វើការស្ទាបស្ទង់ និងសួរដល់សិក្សអនុវិទ្យាល័យដែលមានអាយុ ១១ដល់១៨ឆ្នាំ បានរកឃើញថា ឪពុកម្តាយពួកគេចូលចិត្តចំណាយពេលលើទូរស័ព្ទចល័ត និងស្មាតហ្វូន ច្រើន ជាជាងការចំណាយពេលវេលាសម្រាប់ពួកគេ។ ជាលទ្ធផលគ្រួសាររបស់ពួកគេបាត់បង់ភាពកក់ក្តៅ ទោះបីជាកូនៗធ្លាប់សុំឲ្យឪពុកម្តាយរបស់ខ្លួនឈប់ប្រើឧបករណ៍ទាំងនោះពេលនៅផ្ទះក៏ដោយ។
យោងតាមការស្ទង់មតិ សិស្សសាលា ១៤ភាគរយបាននិយាយថា ឪពុកម្តាយរបស់ពួកគេចូលចិត្តលេងទូរស័ព្ទ និងស្មាតហ្វូននៅពេលញ៉ាំអាហារ។ ពួកគេគិតថា នេះជាពេលវេលាមួយដែលមនុស្សគ្រប់គ្នាគួរតែដាក់ទូរស័ព្ទចុះ ហើយនិយាយជាមួយគ្រួសារវិញ។
ខណៈ ២២ភាគរយទៀតនិយាយថា ឪពុកម្តាយពួកគេញៀននឹងទូរស័ព្ទ។ វាបានធ្វើឲ្យបាត់បង់ភាពរីករាយ ហើយសមាជិកគ្រួសាររបស់ពួកគេមានគម្លាតឆ្ងាយពីគ្នា។
ទោះជាយ៉ាងណាក៏ដោយ មានតែឪពុកម្តាយ ១០ភាគរយប៉ុណ្ណោះ ដែលអាចគិតថា ការប្រើទូរស័ព្ទប៉ះពាល់ដល់កូនៗរបស់ពួកគេ។ ដែលផ្ទុយពីឪពុកម្តាយផ្សេងទៀត ដែលចំណាយពេលភាគច្រើនជាមួយទូរស័ព្ទ ហើយការចំណាយពេលម្តងរហូតដល់ ៣ទៅ៥ម៉ោងក្នុងមួយថ្ងៃ។ មាន ៥ភាគរយ ចំណាយពេលរហូតដល់ទៅ ១៥ម៉ោងក្នុងមួយថ្ងៃឯណោះ។
បើទៅះបីជាទូរស័ព្ទ គឺជាឧបករណ៍ដែលឪពុកម្តាយត្រូវការខ្វះមិនបានក៏ពិតមែន ប៉ុន្តែពួកគេត្រូវចេះកំណត់ពេលប្រើប្រាស់ ហើយគួរតែចំណាយពេលខ្លះសម្រាប់គ្រួសារទើបជារឿងល្អ៕