ពេលពពោះកុំឲ្យបញ្ហាមួយនេះចូលក្នុងជីវិតច្រើនពេក ប្រយ័ត្នគ្រោះថ្នាក់ដល់កូន

0
5

អំឡុងពេលមានផ្ទៃពោះ គឺជាពេលវេលាដែលរាងកាយរបស់អ្នកម្តាយមានការផ្លាស់ប្តូរច្រើន ទាំងសរីរវិទ្យា និងកម្រិតអ័រម៉ូនខាងក្នុង ហេតុនេះហើយពេលខ្លះអ្នកម្តាយមានការប្រែប្រួលអារម្មណ៍ដូចជា ឆាប់ខឹង ធុញថប់ និងបារម្ភណ៍ច្រើន។

លើសពីនេះទៅទៀតរោគសញ្ញាដែលកើតឡើងក្នុងពេលមានផ្ទៃពោះដូចជា ចាញ់ពេលព្រឹក អស់កម្លាំង ឈឺខ្នង នោមញឹក គេងមិនលក់… ជាហេតុផលដែលនាំឲ្យស្ត្រីមានផ្ទៃពោះងាយនឹងស្ត្រេស។ ប្រសិនបើអ្នកម្តាយមានបញ្ហាស្ត្រេសច្រើន រាងកាយនឹងបង្ខំបញ្ចេញអ័រម៉ូនម្យ៉ាងដែលគេហៅថា cortisol​ (អ័រម៉ូនស្ត្រេស) ក្នុងបរិមាណច្រើនបំផុត។ លទ្ធផលអាចបណ្តោលឲ្យអ្នកម្តាយមានជំងឺដូចជា ឈឺក្បាល ចង្អោរ មិនចង់បរិភោគ មិនងងុយគេង ហើយបើស្ត្រេសកាន់តែខ្លាំងប្រព័ន្ធភាពស៊ាំនឹងចុះខ្សោយ សម្ពាធឈាមឡើងខ្ពស់ ចង្វាក់បេះដូងលោតញាប់ និងមានឱកាសសម្រាលកូនមិនគ្រប់ខែ។

បញ្ហាស្ត្រេស អាចមានប៉ះពាល់អ្វីខ្លះដល់ទារកក្នុងផ្ទៃ?

មិនត្រឹមតែបំផ្លាញសុខភាពអ្នកម្តាយនោះទេ ស្ត្រេសក៏អាចប៉ះពាល់ដល់ទារកមិនទាន់កើតដែរ។ នៅពេលដែលស្ត្រីមានផ្ទៃពោះមានបញ្ហាស្ត្រេស រាងកាយនឹងបញ្ចេញសារធាតុគីមី និងអ័រម៉ូនស្ត្រេសច្រើន ដែលបណ្តោលឲ្យឈាមដែលត្រូវបញ្ចូនទៅកាន់ទារកក្នុងស្បូននឹងត្រូវកាត់បន្ថយ។ ដូច្នេះបរិមាណអុកស៊ីសែន រួមទាំងសារធាតុចិញ្ចឹម ដែលត្រូវបញ្ចូនទៅទារកក៏កាត់បន្ថយដែរ។ ទីបំផុតទារកនឹងមានការលូតលាស់យឺត មានឱកាសឆ្លងមេរោគ ហើយមានហានិភ័យរលូត។

លើសពីនេះទៅទៀត ទារកកើតមកអាចមានទម្ងន់ស្រាល មានបញ្ហាសុខភាព ការអភិវឌ្ឍយឺត មានបញ្ហាផ្លូវចិត្ត មានជំងឺធ្លាក់ទឹកចិត្ត និងការសិក្សាខ្សោយ។

ផ្ទុយទៅវិញប្រសិនបើអ្នកម្តាយមានអារម្មណ៍ល្អក្នុងអំឡុងពេលមានផ្ទៃពោះ រាងកាយនឹងបញ្ចេញអ័រម៉ូន endorphins(អ័រម៉ូនសុភមង្គល) ធ្វើឲ្យកូនលូតលាស់ និងអភិវឌ្ឍបានល្អ។ ដូច្នេះអ្នកម្តាយគួរតែព្យាយាមធ្វើរឿងរីករាយជានិច្ច ក្នុងអំឡុងពេលមានផ្ទៃពោះ ដើម្បីឲ្យកូនអាចជៀសផុតពីបញ្ហាដូចដែលបានរៀបរាប់ពីខាងលើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here