ម៉ាក់ៗគួរស្វែងយល់! ទុរេន​ មានទាំងគុណសម្បត្តិ និងគុណវិបត្តបើញ៉ាំមិនត្រឹមត្រូវ

0
1

ចំពោះស្ត្រីដែលចូលចិត្តផ្លែទុរេន ប្រហែលជាមានខ្លះងឿងឆ្ងល់ថា តើពេលមានផ្ទៃពោះពួកគេអាចញ៉ាំទុរេនបានទេ? តាមពិតស្ត្រីមានផ្ទៃពោះអាចញ៉ាំបាន ប៉ុន្តែអ្នកជំនាញបានណែនាំថា ការបរិភោគទុរេនក្នុងបរិមាណមានសុវត្ថិភាពមិនលើសពី ១ក្លែប ក្នុងមួយថ្ងៃទេ។ ប្រសិនបើអ្នកនៅតែរឹងទទឹងញ៉ាំច្រើនពេក វាអាចបង្កគ្រោះថ្នាក់ទាំងម្តាយនឹងទារកក្នុងផ្ទៃ។

ទុរេនមានជីវជាតិល្អសម្រាប់អ្នកម្តាយមានផ្ទៃពោះ

ទុរេន គឺជាផ្លែឈើដែលមានជីវជាតិខ្ពស់ និងពោរពេញទៅដោយលក្ខណៈសម្បត្តិឱសថសម្រាប់ស្ត្រីមានផ្ទៃពោះ។ ដោយសារតែសម្បូរជាតិកាបូនអ៊ីដ្រាត ដែលផ្តល់ថាមពល និងភាពកក់ក្តៅដល់រាងកាយ មានប្រូតេអ៊ីនដែលជួយកសាងសាច់ដុំ ប៉ូតាស្យូមជួយគ្រប់គ្រងបរិមាណទឹកក្នុងខ្លួន និងជួយឲ្យមុខងារបេះដូងដំណើរការធម្មតា។ ចំណែកឯផូស្វ័រជួយគាំទ្រមុខងារតម្រងនោម រួមទាំងរចនាសម្ព័ន្ធធ្មេញ និងឆ្អឹង កាល់ស្យូមជួយធ្វើឲ្យឆ្អឹង និងធ្មេញរឹងមាំ ខ្លាញ់ជួយជំរុញដល់ការលូតលាស់នៃរាងកាយ និងរក្សាតុល្យភាពស្បែក។ ជាពិសេសជាតិសរសៃជួយជំរុញដល់ដំណើការប្រព័ន្ធរំលាយអាហារ វីតាមីB1 រំញោចប្រព័ន្ធបេះដូង វីតាមីនB2 ជួយបង្កើតក្រចក សក់ និងស្បែក វីតាមីន B6 ជួយកសាងកោសិកាឈាម វីតាមីនB12 ជួយសំយោគ និងអភិវឌ្ឍសារធាតុតំណពូជ (DNA និង RNA) វីតាមីនC ជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ គួរបញ្ជាក់ផងដែរថា ទុរេន មានផ្ទុកអាស៊ីហ្វូលិក ដែលជាវីតាមីន និងសារធាតុរ៉ែ សំខាន់សម្រាប់ទារកក្នុងផ្ទៃ។

តើអាស៊ីតហ្វូលិកនៅក្នុងផ្លែទុរេន មានប្រយោជន៍យ៉ាងណាចំពោះទារក?

ស្ត្រីមានផ្ទៃពោះដែលកង្វះអាស៊ីតហ្វូលិក អាចធ្វើឲ្យកូនកើតមកមានភាពមិនប្រក្រតីនៃផ្នែករាងកាយណាមួយ។ ប៉ុន្តែទុរេន មានផ្ទុកសារធាតុសំខាន់មួយនេះដែលអាចជួយការពារ និងកាត់បន្ថយភាពមិនប្រក្រតីដែលកើតឡើងជាមួយប្រព័ន្ធសរសៃប្រសាទរបស់ទារក។ វាក៏អាចជួយកសាង និងអភិវឌ្ឍកោសិកាខួរក្បាលរបស់ទារកផងដែរ ជាពិសេសក្នុងរយៈពេល ១២សប្តាហ៍ដំបូង នៅពេលទារកបង្កើតជារូបរាង។ ហេតុដូច្នេះ ហើយការបរិភោគធុរេន ត្រឹមត្រូវអាចជួយឲ្យទារកឃ្លាតឆ្ងាយពីរោគសញ្ញាសរសៃប្រសាទ ជំងឺបេះដូងពីកំណើត ខ្សោយខួរឆ្អឹងខ្នង និងក្រអូមមាត់ឆែបពីកំណើត។

ប្រសិនបើអ្នកម្តាយបរិភោគទុរេនច្រើនពេក តើមានអ្វីកើតឡើង?

ទោះបីជាអ្នកចូលចិត្តញ៉ាំទុរេនក៏ដោយ អ្នកមិនត្រូវភ្លេចថា សាច់ទុរេនមានរសជាតិផ្អែម សម្បូរខ្លាញ់ និងស្ករនោះទេ។ ប្រសិនបើអ្នកបរិភោគក្នុងបរិមាណច្រើនពេក វាអាចនាំឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ប្រឈមនឹងជំងឺទឹកនោមផ្អែម ឡើងទម្ងន់ជ្រុល កើតជំងឺបេះដូង លើសឈាម។  លើសពីនេះទុរេនជាផ្លែឈើដែលផ្តល់កម្តៅដល់រាងកាយ ប្រសិនបើអ្នកបរិភោគច្រើនពេកអាចនាំដំបៅមាត់ មានអារម្មណ៍មិនស្រួលក្នុងខ្លួន។ ជាពិសេសអ្នកម្តាយដែលមានជំងឺលើសឈាម គួរប្រុងប្រយ័ត្ន ព្រោះវាអាចបង្កើនហានិភ័យនៃការរលូតកូន។

ទុរេន គឺជាផ្លែឈើដែលសម្បូរសារធាតុចិញ្ចឹមសំខាន់ៗដែលចាំបាច់សម្រាប់ការបង្កើត និងការអភិវឌ្ឍកោសិកាខួរក្បាលរបស់ទារក។ ប៉ុន្តែគួរកំណត់ការទទួលទានឲ្យបានត្រឹមត្រូវ ដើម្បីសុវត្ថិភាពទាំងម្តាយ និងកូនពេលមានផ្ទៃពោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here