សម្រាប់អ្នកម្តាយថ្មោងថ្មីដែលត្រូវថែទាំកូនដោយខ្លួនឯង អាចនឹងមានការហត់នឿយ អស់កម្លាំង ពីការគេងមិនបានគ្រប់គ្រាន់។ ដោយសារតែក្មេងទើបនឹងកើតត្រូវការមើលថែយ៉ាងដិតដល់ទាំងយប់ទាំងថ្ងៃ ហើយអ្នកម្តាយមិនអាចឃ្លាតឆ្ងាយពីកូនបានទេ ដើម្បីចាំបំបៅកូននៅពេលភ្ញាក់ដឹងខ្លួនកុំឲ្យស្រែកយំ។ តែទន្ទឹមនឹងនេះផងដែរ អ្នកម្តាយគួរតែចេះឆ្លៀតពេលសម្រាក និងមើលថែខ្លួនឯង ព្រោះសុខភាពពិតជាសំខាន់ណាស់។
ដើម្បីដោះស្រាយបញ្ហាគេងមិនបានគ្រប់គ្រាន់អំឡុងពេលកូនខ្ចី អ្នកម្តាយគួរតែប្រើវិធីសាស្ត្រទាំងនេះ៖
១.គេងជាមួយកូន
នៅពេលកូនគេង អ្នកត្រូវឆ្លៀតពេលគេងជាមួយគ្នាដែរ ព្រោះទារកតូចៗបិទភ្នែកមិនបានយូរឡើយ ត្រឹម ៣០ ទៅ១ម៉ោង គឺភ្ញាក់វិញហើយ។
២.សម្រាកពេលបំបៅដោះ
ប្រសិនបើអ្នកត្រូវបំបៅដោះកូននៅពេលយប់ អ្នកអាចបំបៅដោយប្រើទីតាំងគេង ដើម្បីអាចឆ្លៀតពេលសម្រាកបាន។ ទោះជាយ៉ាងណាអ្នកមិនត្រូវគេងលក់ក្នុងពេលបំបៅដោះកូននោះទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់កូនដោយមិនដឹងខ្លួន។
៣.រកជំនួយពីស្វាមី
ដើម្បីសម្រាកឲ្យបានស្រួល អ្នកត្រូវរកជំនួយពីស្វាមី ឬជីដូន ក្នុងការជួយមើលថែកូនបានពីរបីម៉ោង ឬពួកគេអាចប្តូរវេនគ្នានៅពេលយប់ និងពេលថ្ងៃ។ ដូច្នេះអ្នកម្តាយអាចមានពេលសម្រាក និងគេងបានគ្រប់គ្រាន់។
៤.ទទួលទានអាហារឆ្ងាញ់ៗ
បន្ទាប់ពីទារកគេងលក់ ដល់ពេលដែលអ្នកត្រូវរកអាហារញ៉ាំដើម្បីបង្កើមថាមពល។ វាអាចជាហារដែលមានសុខភាពល្អ ឬអាហារដែលអ្នកចូលចិត្ត ដើម្បីមានកម្លាំងកំហែងត្រៀមខ្លួនមើលថែទារកបន្តទៀត។
៥.ផ្អាកធ្វើកិច្ចការផ្ទះមួយរយៈសិន
ក្រៅមើលថែទាំកូន អ្នកម្តាយជាច្រើននៅមានការងារផ្ទះដែលត្រូវធ្វើទៀតមែនទេ? ប៉ុន្តែដើម្បីសម្រាកបានគ្រប់គ្រាន់ អ្នកគួរតែផ្អាកកិច្ចផ្ទះសិន ដោយឲ្យស្វាមីជាអ្នកធ្វើជំនួស។ បើពុំដូច្នេះទេ អ្នកប្រាដកជាអស់កម្លាំងកាន់តែខ្លាំង មិនអាចទ្រាំនឹងការមើលថែទាំងទារកបានរហូតដល់យប់ៗជ្រៅទៀតឡើយ។
៦.បង្ហាត់កូនឲ្យគេងឲ្យទៀងពេលវេលា
ក្នុងរយៈពេល ១ទៅ២ខែ អ្នកប្រហែលជាធុញទ្រាន់នឹងការគេងមិនគ្រប់គ្រាន់ ដោយសារតែទារកមិនអាចចែកដាច់ពីគ្នារវាងថ្ងៃ និងយប់ ប៉ុន្តែនៅពេលទារកមានអាយុ ៦ទៅ៨សប្តាហ៍ អ្នកអាចចាប់ផ្តើមបង្ហាត់ពួកគេឲ្យគេងឲ្យទៀងពេលបាន។ តាមរយៈការបង្កើតបរិយាកាសខុសគ្នារវាងថ្ងៃ និងយប់ រួមទាំងបង្កើតទម្លាប់ប្រចាំដើម្បីឲ្យមានពេលវេលាដូចគ្នារាល់ថ្ងៃទាំងពេលចូលគេង និងពេលបៅដោះរហូតដល់កូនដឹង។ ទោះជាយ៉ាងណាអ្នកត្រូវតែមានការអត់ធ្មត់ និងកុំដាក់សម្ពាធលើខ្លួនឯង និងកូនខ្លាំងពេក។
ភារកិច្ចចិញ្ចឹមកូន គឺជាការលះបង់យ៉ាងធំធេងណាស់ទាំងរាងកាយ និងបេះដូង សម្រាប់ឪពុកម្តាយគ្រប់រូប។ ពេលខ្លះការសម្រាកមិនគ្រប់គ្រាន់ អាចធ្វើឲ្យរាងកាយឈឺ និងចុះខ្សោយ។ តែទោះជាយ៉ាងណាក៏ដោយអ្នកគួរតែថែរក្សាសុខភាពជានិច្ច តាមរយៈការទទួលទានអាហារល្អៗ ឆ្លៀតពេលខ្លះសម្រាក ធ្វើលំហាត់ប្រាណ ដើម្បីឲ្យមានសុខភាពល្អ។ ទាំងអស់នេះហើយ គឺជាគន្លឹះក្នុងការត្រៀមខ្លួន ទប់ទល់ជាមួយនឹងការគេងមិនគ្រប់គ្រាន់ពេលមានកូនខ្ចី៕