ក្នុងអំឡុងពេលមានផ្ទៃពោះ គឺជាដំណាក់កាលនៃការអភិវឌ្ឍសរីរាង្គសំខាន់ៗរបស់ទារកដែលមិនទាន់កើត។ ដូច្នេះអ្នកម្តាយគួរតែប្រុងប្រយ័ត្នចំពោះការញ៉ាំអាហារ និងរបៀបរស់នៅប្រចាំថ្ងៃ ជាពិសេសអ្នកម្តាយដែលមិនធ្លាប់មានផ្ទៃពោះតែម្តង។ ស្ត្រីមួយចំនួន ប្រហែលជាមិនទាន់ដឹងអំពីការហាមឃាត់ ឬអាកាប្បកិរិយាណាមួយដែលមិនគួរអនុវត្តនៅពេលមានផ្ទៃពោះនោះទេ ព្រោះវាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពរបស់ទារកក្នុងផ្ទៃ។
១.ហាមជក់បារី និងផឹកគ្រឿងស្រវឹង
នេះជាទង្វើដែលត្រូវបានហាមឃាត់ជាដាច់ខាតចំពោះស្ត្រីមានផ្ទៃពោះ ព្រោះវាជះឥទ្ធិពលដោយផ្ទាល់ទៅលើការលូតលាស់របស់ទារកដូចជា បង្កឲ្យមានការអភិវឌ្ឍយឺត ទារកកើតមិនគ្រប់ខែ ទារកអាចរលូត ឬមានភាពមិប្រក្រតីពីកំណើតផងដែរ។
២.ហាមរក្សាស្ត្រេសដាក់ក្នុងខ្លួន
អ្នកដឹងទេ ស្ត្រេសមិនត្រឹមតែអាចធ្វើឲ្យទារកក្នុងផ្ទៃមានការលូតលាស់យឺតយ៉ាវ ប៉ុណ្ណោះទេ វាក៏ធ្វើឲ្យទារកប្រឈមនឹងការរលូតផងដែរ ព្រោះរាងកាយអ្នកម្តាយបញ្ចេញអ័រម៉ូន Cortisol (អ័រម៉ូនស្ត្រេស) កាន់តែច្រើន។ ជាលទ្ធផលបរិមាណអុកស៊ីសែនដែលបានបញ្ជូនទៅកាន់ទារកមិនបានគ្រប់គ្រាន់ ហើយទារកដែលកើតចេញពីម្តាយដែលមានបញ្ហាស្ត្រេសច្រើនមានទម្ងន់ស្រាល មានហានិភ័យកើតជំងឺបេះដូង ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងមានបញ្ហាខួរក្បាលរៀនសូត្រខ្សោយ។
៣.ហាមបរិភោគអាហារគ្មាប្រយោជន៍
ក្នុងពេលមានផ្ទៃពោះ អ្នកម្តាយគួរតែផ្តល់អាហារមានប្រយោជន៍សម្រាប់ទារក ដើម្បីជំរុញដល់ការលូតលាស់។ តែអ្នកម្តាយមិនគួរបរិភោគអាហារដូចជា ហិរពេក ប្រៃពេក ផ្អែមពេក អាហារឆៅនោះទេ។ សូម្បីតែអាហារកំប៉ុង ភេសជ្ជៈមានជាតិកាហ្វេអ៊ីនក៏ដូចគ្នា ព្រោះវាមានផ្ទុកសារធាតុគីមីដែលបណ្តោលឲ្យប៉ះពាល់ដល់ទារក។
៤.ហាមផឹកទឹកដោះគោលើសពី ២កែវក្នុងមួយថ្ងៃ
អ្នកម្តាយជាច្រើនយល់ច្រឡំថា ការផឹកទឹកដោះគោច្រើននឹងជួយពង្រឹងជាតិកាល់ស្យូមនៅក្នុងខ្លួនកូនរបស់ពួកគេ។ តែតាមពិត ការទទួលទានទឹកដោះគោ ១កែវ ឬ២កែវក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ហើយ។ ផ្ទុយទៅវិញបើអ្នកម្តាយទទួលទានច្រើនពេក វាអាចបណ្តោលឲ្យទារកងាយរងនឹងមានបញ្ហាអាឡែកស៊ីជាមួយនឹងប្រូតេអ៊ីននៅក្នុងទឹកដោះគោ។
៥.ហាមលេបថ្នាំផ្តេសផ្តាស់
អំឡុងពេល ៣ខែដំបូងនៃការមានផ្ទៃពោះ អ្នកម្តាយគួរតែមានការប្រុងប្រយ័ត្នបំផុត ដោយសារតែទារកកំពុងវិវឌ្ឍន៍សរីរាង្គផ្សេងៗ និងប្រព័ន្ធប្រសាទ ប្រសិនបើអ្នកម្តាយលេបថ្នាំដោយគ្មានវេជ្ជបញ្ជារ អាចធ្វើឲ្យកទារកមានការលូតលាស់យឺត ហើយអាចបណ្តោលឲ្យខូចទ្រង់ទ្រាយដូចជា បបូរមាត់ឆែប ឬដៃជើងខ្វេខ្វង់ជាដើម។
៦.ហាមធ្វើលំហាត់ប្រាណខ្លាំងៗ
ជាការពិត អ្នកម្តាយដែលមានផ្ទៃពោះអាចធ្វើលំហាត់ប្រាណបាន ប៉ុន្តែមិនគួរធ្វើខ្លាំងពេក ឬធ្វើហួសប្រមាណឡើយ។ នៅពេលធ្វើលំហាត់ប្រាណរៀងរាល់ ១០ទៅ ១៥នាទី ត្រូវសម្រាក ហើយទទួលទានទឹក ដើម្បីឲ្យរាងកាយមានភាពត្រជាក់។ តែអ្នកម្តាយមិនត្រូវខំប្រឹងធ្វើលំហាត់ប្រាណខ្លាំងលើស ៣០នាទីឡើយ ព្រោះនៅពេលរាងកាយឡើងកម្តៅ វាអាចនាំឲ្យខ្វះអុកស៊ីសែនដល់កូនក្នុងផ្ទៃ និងអាចប៉ះពាល់ដល់ការលូតលាស់ថែមទៀត។
៧.ហាមឈរយូរពេក
អ្នកម្តាយមានផ្ទៃពោះចាប់ពី ២០ សប្តាហ៍ឡើងទៅ កុំដើរ ឬឈរយូរៗពេក ព្រោះវាអាចបង្កើនការហើមជើង និងកជើង។ លើសពីនេះវាអាចបណ្តោលឲ្យឈឺខ្នង និងមានហានិភ័យឈឺសន្លាក់ឆ្អឹងផងដែរ។
៨.ហាមសម្រកទម្ងន់
ទោះបីជាអំឡុងពេលមានផ្ទៃពោះ អ្នកម្តាយឡើងទម្ងន់ច្រើនក៏ដោយ ហាមធ្វើការសម្រកទម្ងន់ ព្រោះការតមអាហារ អាចធ្វើឲ្យទារកខ្វះសារធាតុចិញ្ចឹមដើម្បីលូតលាស់។ អ្វីដែលល្អបំផុត អ្នកម្តាយគួរតែទទួលទានអាហារដែលសម្បូរទៅដោយវីតាមីនផ្សេងៗ ដើម្បីបំពេញតម្រូវការទារកឲ្យបានគ្រប់គ្រាន់។
៩.ហាមស្ទីម ឬសូណា
ទោះបីជាការស្ទើម ឬសូណា អាចជួយឲ្យរាងកាយមានភាពស្រស់ស្រាយក៏ដោយ ប៉ុន្តែវាត្រូវបានហាមឃាត់ចំពោះអ្នកមានផ្ទៃពោះ។ ដោយសារតែកម្តៅនៃការស្ទើម ឬសូណា ធ្វើឲ្យរាងកាយរបស់អ្នកម្តាយខ្សោះជាតិទឹក បណ្តោលឲ្យឈាមឡើងក្រាស់ ហើយឈាមត្រូវបញ្ចូនទៅកាន់ទារកមិនបានគ្រប់គ្រាន់។ ជាពិសេសអំឡុងពេល ៣ខែដំបូង ទារកអាចរលូតបាន។
ដូច្នេះ ដើម្បីជួយឲ្យទារកមានសុខភាពល្អ និងមានការលូតលាស់បានពេញលេញ ក្នុងពេលមានផ្ទៃពោះអ្នកម្តាយគួរតែហាមធ្វើរឿងមួយចំនួនដូចខាងលើនេះឲ្យសោះ៕