ការបៀមដៃរបស់កុមារ គឺជាឥរិយាបទមួយដែលកុមារតែងតែបង្ហាញដោយមិនដឹងខ្លួន ហើយឪពុកម្តាយប្រហែលជាយល់ថា នោះមិនមែនជាបញ្ហាធំនោះទេ។ ព្រោះពួកគេគិតថា វាជាអាកប្បកិរិយាធម្មតារបស់ក្មេង តែតាមពិតបើទុកឲ្យកុមារបន្តបៀមដៃអាចបង្កឲ្យមានបញ្ហាសខុភាពទៅថ្ងៃក្រោយ។
តើទម្លាប់បៀមដៃអាចបង្កផលវិបាកអ្វីខ្លះ?
វាអាចជារឿងធម្មតាសម្រាប់ទារកនៅតិចខែ ក៏ប៉ុន្តែប្រសិនបើទារកមានអាយុចាប់ពី ៦ខែឡើងទៅគួរតែបញ្ឈប់ជាបន្ទាប់ ព្រោះវាអាចបណ្តោលឲ្យមានបញ្ហាមួយចំនួន។
១.ធ្មេញកុមារមានការលូតលាស់មិនបានពេញលេញ
២.ធ្មេញខាងលើ និងខាងក្រោមដុះមិនត្រូវជួរគ្នា
៣.កុមារនិយាយមិនសូវច្បាស់
៤.ថ្គាមចាប់ផ្តើមខូចទ្រង់ទ្រាយ
៥.ក្រអូមមាត់អាចវិវត្តខុសធម្មតា ឬខើចឡើង
៦.ស្បែកម្រាមដៃដែលកុមារបៀមចាប់ផ្តើមរបក
៧.កុមារអាចឆ្លងមេរោគតាមរយៈម្រាមដៃ ហើយបង្កទៅជាជំងឺផ្សេងៗ។
យកល្អឪពុកម្តាយគួរតែព្យាយាមបញ្ឈប់កូនកុំឲ្យមានទម្លាប់មៀមដៃ ព្រោះវាអាចឆ្លុះបញ្ចាំងពីបញ្ហាសុខភាព និងទិដ្ឋភាពផ្លូវចិត្តរបស់កុមារផងដែរ។
របៀបដោះស្រាយជាមួយនឹងកូនដែលមានទម្លាប់ជញ្ជក់ម្រាមដៃ
១.កុំស្តីបន្តោសកូន នៅពេលពួកគេមៀមម្រាមដៃ ព្រោះវាមិនជួយឲ្យកូនឈប់នោះទេ តែបែរជាដាក់សម្ពាធលើកូនថែមទៀត។
២.បំបាត់ភាពតានតឹងលើកុមារ ឧទាហរណ៍ប្រសនបើកូនរបស់អ្នកមិនចូលចិត្តអ្វីមួយ ឬស្ត្រេសចំពោះរឿងអ្វីមួយ កុំឲ្យកូនធ្វើរឿងដដែលៗទាំងនោះ ដើម្បីបង្កើតអារម្មណ៍ធូរស្រាលសម្រាប់ពួកគេ។
៣.ព្យាយាមបង្កើលក្ខខណ្ឌសម្រាប់កូនដែលចូលចិត្តបៀមដៃ ដោយផ្តល់កាដូរដល់ពួកគេ ប្រសិនបើពួកគេឈប់បៀមដៃ។
៤.ព្យាយាមពាក់ស្រោមដៃឲ្យកូនក្នុងពេលគេង ដោយសារតែនៅពេលមានឧបសគ្គក្នុងការបៀម ពួកគេនឹងចាប់ផ្តើមកាត់បន្ថយបន្តិចម្តងៗ ហើយមិនមៀមម្រាមដៃទៀតទេនៅទីបញ្ចប់។
៥.ត្រូវពន្យល់ឲ្យកូនដឹងពីគុណវិបត្តនៃការមៀមម្រាមដៃ។
៦.នាំឲ្យកូនធ្វើសកម្មភាពដែលពួកគេចូលចិត្ត មិនថាការហែលទឹក ស្រោចផ្តា និងគូគំនូរផ្សេងៗ ដើម្បីធ្វើឲ្យពួកគេភ្លេចការបៀមម្រាមដៃ។
ទាំងនេះគឺជាបច្ចេកទេសសាមញ្ញៗ ដែលពិតជាត្រូវការការយកចិត្តទុកដាក់ពីឪពុកម្តាយ ដើម្បីបញ្ឈប់ទម្លាប់មៀមដៃរបស់កូនៗ៕