បញ្ហារលាកសុដន់តែងតែកើតមានឡើងនៅក្នុងអំឡុងពេលបំបៅដោះ ដែលបង្កឡើងដោយសារតែការស្ទះបំពង់ទឹកដោះ ការបឺតជញ្ជក់របស់ទារកមិនបានត្រឹមត្រូវ ឬការពាក់អាវទ្រនាប់តូចចង្អៀតពេក។ នៅពេលបញ្ហារលាកកើតមានឡើង សុដន់របស់អ្នកម្តាយនឹងប្រែក្លាយទៅជា រឹង តឹងណែន ហើយមានការឈឺចាប់ថែមទៀត។
ហេតុនេះអ្នកគួរតែដឹងពីវិធីការពារ ដើម្បីកុំឲ្យបញ្ហានេះកើតមានឡើង៖
១.ព្យាយាមឲ្យទារកបៅជាទៀងទាត់ ហើយញឹកញាប់ដើម្បីកុំឲ្យទឹកដោះនៅកកស្ទះយូរពេកដែលបង្កទៅជាបញ្ហារលាក។
២.គួរតែពាក់អាវទ្រនាប់ដែលមិនចង្អៀតពេក ព្រោះវាអាចបណ្តោលឲ្យពិបាកដកដង្ហើម និងឈាមរត់មិនបានល្អ។
៣.ជៀសវាងលាងសម្អាងសុដន់ជាមួយនឹងសាប៊ូ ជាពិសេសជុំវិញចុងសុដន់ ដោយសារតែវាអាចធ្វើឲ្យស្បែកសុដន់ស្ងួត។
៤.គួរប្តូរអាវទ្រនាប់ឲ្យបានញឹកញាប់ ព្រោះអំឡុងពេលនេះទឹកដោះអាចហៀរប្រលាក់អាវ ដែលបង្កឲ្យមានផ្សិតកើតឡើង។
៥.ក្នុងអំឡុងពេលបំបៅកូន ត្រូវប្រើម្រាមដៃម៉ាស្សាសុដន់ថ្នមៗ ដើម្បីជៀសវាងការស្ទះបំពង់ទឹកដោះ។
៦.ប្រើកន្សែងស្អាត ជ្រលក់ទឹកក្តៅយកមកស្អំនៅលើសុដន់ ប្រសិនបើអ្នកមានអារម្មណ៍ថាស្ទះមិនសូវចេញ។
៧.កុំប្រើម៉ាស៊ីនបូមទឹកដោះ ដែលមានថាមពលខ្លាំងពេក វាអាចធ្វើឲ្យសុដន់ស្ពឹក និងប្រេះបែកបង្កជាដំបៅ។
នៅពេលមានបញ្ហារលាកសុដន់កើតមានឡើង អ្នកម្តាយអាចត្រូវបញ្ឈប់ការបំបៅដោះកូនជាបណ្តោះអាសន្ន។ ក្នុងករណីអ្នកម្តាយមិនស្រួលខ្លួន គ្រុនក្តៅខ្លាំង ហត់នឿយរហូតដល់គ្មានថាមពលក្នុងការបំបៅដោះ គួរតែសម្រាក និងទទួលទានទឹកឲ្យបានច្រើន។ ខណៈពេលដែលបញ្ឈប់ការបំបៅដោះអ្នកម្តាយគួរតែបង្ហូរទឹកដោះចេញ ប្រើឧបការបូមដើម្បីកុំឲ្យទឹកដោះស្ទះក្នុងសុដន់ច្រើនពេក។
បញ្ហារលាកមិនធ្វើឲ្យប៉ះពាល់ដល់គុណភាពនៃទឹកដោះនោះទេ នៅអ្នកបង្ហូរចេញ ការផលិតថ្មីនឹងកើតមានជាបន្តបន្ទាប់ទៀត៕