ការទល់លាមក ត្រូវបានគេរកឃើញថា តែងតែកើតមានឡើងជាញឹកញាប់ចំពោះស្ត្រី ដែលសម្រាលកូនហើយ។ តើមូលហេតុអ្វីដែលបណ្តោលឲ្យអ្នកម្តាយទល់មក? តាមពិតបណ្តោលមកពីទម្លាប់មិនល្អមួយចំនួនរបស់អ្នកម្តាយ ដូចជា មិនសូវទទួលទានទឹក មិនសូវទទួលទានបន្លែ និងមិនទម្លាប់បន្ទោរបង់ឲ្យទៀងពេល ដែលធ្វើឲ្យពោះវៀនលែងដឹងពេលវេលាក្នុងការរុញច្រានលាមកចេញមកខាងក្រៅ។ លើសពីនេះការផ្ទុកលាមកនៅក្នុងពោះយូរពេក ពោះវៀនធំនឹងស្រូបយកជាតិទឹកអស់ធ្វើឲ្យលាមកកាន់តែរឹង និងពិបាកបញ្ចេញចោល។
ការបណ្តោលឲ្យកើតមានបញ្ហាទល់លាមកអូសបន្លាយពេលយូរ ធ្វើឲ្យអ្នកម្តាយប្រឈមនឹងហានិភ័យមួយចំនួន៖
១.អំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលកូនរួច ប្រសិនបើអ្នកម្តាយបណ្តោយឲ្យការទល់លមកក្លាយជាជំងឺរ៉ាំរ៉ៃក្នុងរយៈពេលយូរ វាអាចនាំឲ្យកើតជំងឺលើសឈាម។ ដោយសារពេលបន្ទោរបង់ម្តងៗ អ្នកម្តាយត្រូវចំណាយពេលច្រើនក្នុងការប្រឹង ដែលបណ្តោលឲ្យប៉ះពាល់ដល់ការងារបេះដូង និងសរសៃឈាម។
២.ក្រោយពេលសម្រាលកូនហើយ ប្រសិនបើការទល់លាមកនៅតែកើតមាន អ្នកម្តាយអាចមានអារម្មណ៍តានតឹង ស្ត្រេសច្រើន ឬក៏មានអារម្មណ៍មិនស្រួល។
៣.ការទល់លាមកយូរពេក អាចធ្វើឲ្យអ្នកម្តាយប្រឈមនឹងជំងឺឬសដូងបាត ដោយសារតែសរសៃឈាមនៅជុំវិញតំបន់រន្ធគូថ ត្រូវបានរងសម្ពាធខ្លាំង និងហើម។ ប្រសិនបើលាមករឹងខ្លាំង វានឹងនឹងដាក់រហែករហូតដល់ហូរឈាម ហើយនៅទីបំផុតនាំឲ្យកើតមានជំងឺឬសដូងបាត។
ដូច្នេះ ដើម្បីជៀសវាងបញ្ហាឬសដូងបាត អ្នកម្តាយសម្រាលកូនហើយ ត្រូវព្យាយាមទទួលទានទឹកឲ្យបានច្រើន ញ៉ាំអាហារដែលសម្បូរជាតិសរសៃ ធ្វើលំហាត់ប្រាណជាប្រចាំ នឹងទម្លាប់បន្ទោរបង់ឲ្យទៀងពេល។ ប៉ុន្តែក្នុងករណីដែលអ្នកម្តាយមានការទល់លាមកច្រើនថ្ងៃ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីរកវិធីដោះស្រាយជាបន្ទាន់៕