ទារកដែលកើតមុនសប្តាហ៍ទី ៣៧ ត្រូវបានគេចាត់ទុកថាកើតមិនគ្រប់ខែ។ មានកត្តាមួយចំនួនដែលត្រូវបានគេសន្មត់ថា ជាដើមហេតុរួមចំណែកឲ្យកូនកើតមិនគ្រប់ខែ គឺសុកមានបញ្ហា ការឆ្លងមេរោគក្នុងទ្វារមាស ជំងឺហ្សែន អ្នកម្តាយមានសុខភាពទន់ខ្សោយ ការទទួលទានរបបអាហារមិនល្អ ជាដើម។
ទោះជាយ៉ាងណា ទារកកើតមិនគ្រប់ខែ តម្រូវឲ្យមានការមើលថែដោយយកចិត្តទុកដាក់ខ្លាំងបំផុត ព្រោះពួកគេអាចប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ ៥ចំណុចពេលកើតមកភ្លាម។
១.ពិបាកដកដង្ហើម
ទារក ដែលកើតមិនគ្រប់ខែអាចប្រឈមនឹងបញ្ហាពិបាកដកដង្ហើម ជាពិសេសទារកដែលកើតមុនអាយុ ៣២សប្តាហ៍ ត្រូវការដាក់ខ្យល់អុកស៊ីសែនជំនួយ រហូតទាល់តែប្រព័ន្ធដង្ហើមអភិវឌ្ឍបានពេញលេញ។
២.មិនអាចរក្សាតុល្យភាពសីតុណ្ហភាពរាងកាយបាន
ទារកដែលកើតមិនគ្រប់ខែ មិនអាចគ្រប់គ្រងសីតុណ្ហភាពរាងកាយបានល្អទេ។ វាផ្លាស់ប្តូរយ៉ាងងាយ ទៅតាមការប្រែប្រួលបរិស្ថានខាងក្រៅ។
៣.បញ្ហាបេះដូង
ទារកមិនទាន់គ្រប់ខែ មិនអាចកែសម្រួលប្រព័ន្ធឈាមរត់ និងទិសដៅនៅដំណាក់កាលដំបូងបានទេ។ កត្តានេះហើយដែលបណ្តោលឲ្យបេះដូងត្រូវធ្វើការខ្លាំងជាងធម្មតា រហូតទទួលរងពីជំងឺផ្សេងៗបាន។ មិនតែប៉ុណ្ណោះ ផលប៉ះពាល់នៃលំហូរឈាមមិនគ្រប់គ្រាន់ ក៏អាចបណ្តោលឲ្យសរីរាង្កដទៃទៀតដូចជា តម្រងនោម និងបំពង់រំលាយអាហារ ដំណើរការខុសប្រក្រតីផងដែរ។
៤.បញ្ហាប្រព័ន្ធប្រសាទ
ក្នុងរយៈពេលពីរបីថ្ងៃដំបូងនៃជីវិតទារក ដែលមានការពិបាកដកដង្ហើមធ្ងន់ធ្ងរ ឬមានបញ្ហាបេះដូង ឬក៏ចលនាឈាមរត់ អាចនាំឲ្យមានហានិភ័យនៃការហូរឈាមក្នុងខួរក្បាល។ ហានិភ័យខ្ពស់ ចំពោះទារកដែលមានទម្ងន់តិចជាង ១.៥០០ក្រាម។ ទារកដែលកើតមានជំងឺនេះ អាចប្រឈមនឹងហានិភ័យនៃពិការភាពប្រព័ន្ធសរសៃប្រសាទ រយៈពេលវែង។
៥.ងាយនឹងឆ្លងមរោគ
ទារកកើតមានគ្រប់ខែមានប្រព័ន្ធភាពស៊ាំការពាររាងកាយខ្សោយខ្លាំងណាស់ មិនទាន់មានសត្ថភាពអាចការពាររាងកាយពីការវាយប្រហាររបស់ពពួកមេរោគផ្សេងៗបានឡើយ។ នេះហើយជាមូលហេតុដែលធ្វើឲ្យទារកកើតមិនគ្រប់ខែ ងាយនឹងកើតជំងឺផ្សេងៗ ជាងទារកដែលកើតធម្មតា៕