ខ្យង គឺជាអាហារអត់ឈាមមួយប្រភេទដែលមានរសជាតិឆ្ងាញ់ ដែលមនុស្សភាគច្រើនយកទៅកែច្នៃធ្វើជាម្ហូបមួយចំនួនដូចជា ឆាក្តៅ ស្ងោរ អាំង ឬញ៉ាំជាដើម…។ ក៏ប៉ុន្តែ តើស្ត្រីញ៉ាំខ្យងក្នុងអំឡុងពេលមានផ្ទៃពោះ ធ្វើឲ្យកូនកើតមកហៀរទឹកមាត់មែនទេ?
តាមពិតនេះគ្រាន់តែពាក្យចចាមអារាមដែលគេនិយាយតៗគ្នាតែប៉ុណ្ណោះ ធាតុពិតរហូតមកដល់ពេលនេះមិនទាន់មានភស្តុតាវិទ្យាសាស្ត្រណាមួយដែលអះអាងថា នេះជាការពិតនោះទេ។
ទន្ទឹមនឹងនេះផងដដដែរ ខ្យង គឺជាអាហាមួយប្រភេទក្នុងចំណោមអាហារជាច្រើន ដែលមានជាតិកាល់ស្យូមខ្ពស់ ដែលស្ត្រីគួរទទួលទានអំឡុងពេលមានផ្ទៃពោះ។ ជាតិកាល់ស្យូមនេះ អាចជួយជំរុញដល់ការអភិវត្តឆ្អឹង របស់គភ៌ឲ្យមានភាពរឹងមាំ បង្កើនសុខភាពបេះដូង និងប្រព័ន្ធសរសៃប្រសាទឲ្យមានសុខភាពល្អផងដែរ។
ប្រសិនបើកង្វះកាល់ស្យូម ស្ត្រីមានផ្ទៃពោះ អាចមានអាការអស់កម្លាំង ឈឺចុកចាប់ក្នុងខ្លួន ស្ពឹកអវយវៈ …។
ទោះជាយ៉ាងណាក៏ដោយ ដោយសារតែខ្យងភាគច្រើនរស់នៅតាមស្រះ និងបឹង ដែលមានភាពកខ្វក់ ធ្វើឲ្យសម្បូររប៉ារ៉ាស៊ីត ប្រសិនបើការចម្អិនមិនបានត្រឹមត្រូវអាចគ្រោះថ្នាក់ដល់សុខភាពស្ត្រីមានផ្ទៃពោះ។
ដើម្បីធានាសុវត្ថិភាព មុននឹងកែច្នៃ អ្នកត្រូវត្រាំខ្យងក្នុងទឹកអំបិល បន្ថែមម្ទេស និងក្រូចឆ្មារខ្លះ ដើម្បីកម្ចាត់ភាពកខ្វក់ដែលមាននៅក្នុងខ្យង។ បន្ទាប់មកត្រូវចម្អិនឲ្យបានឆ្អិនល្អ ហើយក្នុតមួយសប្តាហ៍ទទួលទានត្រឹមតែ ១ ទៅ ២ដងបានហើយ។ ចំពោះស្ត្រីមានផ្ទៃពោះ ដែលមានបញ្ហាក្រពះពោះវៀន ហាមទទួលទានខ្យងឲ្យសោះ៕