ទារកកើតមកគ្មានទឹកដោះបៅ ២៤ម៉ោងដំបូង តើអាចស្លាប់ទេ?

0

ជាការពិតណាស់ ក្រោយពេលសម្រាលកូនហើយភ្លាម ពេលឆ្មបនឹងយកទារក ដាក់នៅលើទ្រូងម្តាយដើម្បីទទួលបានភាពកក់ក្តៅ ក៏ដូចជារៀនបៅដោះផងដែរ។ ការបំបៅដោះកូននៅ ៣០នាទីដំបូងក្រោយពេលកំណើត ត្រូវបានគេចាទ់ទុកជារឿងមួយសំខាន់បំផុត ព្រោះវាផ្តល់ប្រយោជន៍លើសលប់ទាំងម្តាយ និងកូន។

ទោះជាយ៉ាងណា ប្រសិនបើកូនរបស់អ្នកកើតមកភ្លាមមិនព្រមបៅ ឬទឹកដោះអ្នកម្តាយមិនព្រមចេញរហូតដល់រយៈពេល ២៤ម៉ោង តើទារកអាចប្រឈមនឹងការអត់ឃ្លានស្លាប់ដែរឬទេ?

វាអាចទៅរួច សម្រាប់អ្នកម្តាយដែលសម្រាលកូនហើយមិនទាន់មានទឹកដោះឲ្យកូនបៅភ្លាមៗ រហូតមានអ្នកម្តាយខ្លះត្រូវរងចាំរយៈពេល១ ឬពីរថ្ងៃទើបមានទឹកដោះឲ្យកូនបៅ។ ក៏ប៉ុន្តែអ្នកត្រូវដឹងថា ទារកទើបនឹងកើតមិនបានបៅដោះកូនរយៈពេល ២៤ម៉ោង មិនបង្កបញ្ហារហូតដល់ការស្លាប់នោះទេ ព្រោះទារកទើបនឹងកើត មានជាតិខ្លាញ់នៅក្រោមស្បែកក្នុងបរិមាណដ៏ច្រើន ហើយជាតិខ្លាញ់នេះជាអាហារដែលអាចទ្រងទ្រងជីវិតទារក ឲ្យរស់នៅដោយគ្មានទឹកដោះរហូតដល់ ៧ថ្ងៃ។

ប៉ុន្តែការឲ្យកូនរៀបបឺតជញ្ជក់ដោះ នឹងជួយជំរុញឲ្យមានការផលិតទឹកដោះកាន់តែឆាប់។ ម្យ៉ាងវិញទៀត បើទោះបីជាទឹកដោះដំបូង មានមិនសូវច្រើន តែវាមានប្រយជន៍ខ្លាំងណាស់សម្រាប់កូន និងអ្នកម្តាយខ្លួនឯងផ្ទាល់។ នេះជាមូលហេតុដែលក្រុមគ្រូពេទ្យ ឬពេទ្យឆ្មប ណែនាំឲ្យអ្នកម្តាយព្យាយាមបំបៅដោះកូនភ្លាមៗ ជាពិសេសក្រោយពេលសម្រាលហើយ ៣០នាទីដំបូង៕