អ្នកមានជំងឺ៣មុខនេះ គួរគិតឲ្យច្បាស់មុនសម្រេចចិត្តមានផ្ទៃពោះ

0
1

ការមានផ្ទៃពោះ និងការសម្រាលកូន គឺអាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត មិនថាអ្នកម្តាយមានសុខភាពល្អប៉ុណ្ណានោះទេ។ គ្រោះថ្នាក់ខ្លះអាចប៉ះពាល់ចំពោះតែម្តាយប៉ុណ្ណោះ គ្រោះថ្នាក់ខ្លះទៀតអាចប៉ះពាល់ចំពោះតែទារក ខណៈដែលគ្រោះថ្នាក់មួយចំនួនអាចកើតឡើងទាំងម្តាយ និងកូនក្នុងពេលតែមួយ។

សូម្បីតែអ្នកម្តាយដែលមានកាយសម្បទារឹងមាំក៏នៅតែមានគ្រោះថ្នាក់ ក្នុងការមានផ្ទៃពោះ និងសម្រាលដែរ។ ចុះទំរ៉ាំតែអ្នកម្តាយមានជំងឺប្រចាំកាយ តើមានហានិភ័យកម្រិតណា?

ដូច្នេះ ប្រសិនបើអ្នកម្តាយមានជំងឺរ៉ាំរ៉ៃប្រចាំកាយមួយចំនួន ត្រូវគិតឲ្យច្បាស់មុននឹងសម្រេចចិត្តយកកូន ឬទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីត្រៀមខ្លួនទុកជាមុន។ ក្នុងករណីដែលអ្នកមានជំងឺប្រចាំកាយដូចខាងក្រោមនេះ​ គួរតែប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុត៖

ជំងឺបេះដូង

អ្នកម្តាយដែលមានជំងឺបេះដូង មិនថាជំងឺបេះដូងពីកំណើត ឬជំងឺបេះដូងនៅពេលក្រោយ សុទ្ធតែមានគ្រោះថ្នាក់ទាំងអស់។ ក្នុងករណីដែលអ្នកម្តាយមានជំងឺបេះដូងធ្ងន់ធ្ងរ គ្រូពេទ្យអាចណែនាំឲ្យធ្វើការរំលូតកូនចេញ ព្រោះបើនៅទុកខ្លាចបេះដូងរបស់អ្នកម្តាយទ្រាំទ្រលែងបានរហូតអាចគាំងលែងដំណើរការ។

ជំងឺទឹកនោមផ្អែម

អ្នកម្តាយដែលមានជំងឺទឹកនោមផ្អែម មុនពេលមានផ្ទៃពោះ គួរតែពិនិត្យជាតិស្ករ ហើយកម្រិតជាតិស្ករក្នុងឈាមត្រូវបានគ្រប់គ្រងដោយគ្រូពេទ្យរហូតដល់ពេលមានផ្ទៃពោះ។ បើមិនដូច្នោះទេ នៅពេលមានផ្ទៃពោះកម្រិតជាតិស្ករក្នុងឈាម របស់អ្នកម្តាយមិនអាចគ្រប់គ្រងបាន ដែលធ្វើឲ្យទារកមិនទាន់កើតមានបញ្ហាច្រើនដូចជា ពិការភាពសរីរាង្គផ្សេងៗ ទារកកើតមិនគ្រប់ខែ ទារកមានទំហំធំជាងធម្មតា ឬទារកលូតលាស់យឺតជាងធម្មតា។ ប្រសិនបើអ្នកម្តាយមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ ឬយូរអង្វែង ទារកខ្លះអាចស្លាប់នៅក្នុងផ្ទៃ ឬស្លាប់ភ្លាមៗក្រោយពេលកើត ព្រោះសួតរបស់ពួកគេមិនដំណើរការ។

ជំងឺលើសឈាមរ៉ាំរ៉ៃ

អ្នកម្តាយ ដែលមានសម្ពាធឈាមខ្ពស់មុនពេលពួកគេមានផ្ទៃពោះ គួរតែត្រូវបានវាយតម្លៃចំពោះភាពធ្ងន់ធ្ងរ និងផលវិបាក ដោយគ្រូពេទ្យជំនាញ។ អ្នកជំងឺលើសឈាមរ៉ាំរ៉ៃមុនពេលមានផ្ទៃពោះ អាចមានបញ្ហាផ្សេងៗដូចជា ខ្សោយតម្រងនោម និងខ្សោយបេះដូង។ វាត្រូវបានគេរកឃើញថា បញ្ហាដ៏ធ្ងន់ធ្ងរមួយអាចនឹងមិនអោយមានផ្ទៃពោះទាល់តែសោះ ព្រោះវាអាចបណ្តោលឲ្យអ្នកម្តាយស្លាប់បាន។ បើជំងឺត្រូវបានរកឃើញភ្លាមៗក្នុងដំណាក់កាលមានផ្ទៃពោះ គ្រូពេទ្យអាចនឹងណែនាំឲ្យអ្នកពន្លូតកូនភ្លាម។

ក្នុងករណីអ្នកម្តាយកើតជំងឺលើសឈាមរ៉ាំរ៉ៃ ប៉ុន្តែគ្រូពេទ្យអាចគ្រប់គ្រងសម្ពាធឈាមបានល្អ អាចអនុញ្ញាតឲ្យអ្នកម្តាយមានផ្ទៃពោះបាន។

ដូច្នេះ មុននឹងមានផ្ទៃពោះ គូស្វាមីភរិយាគួរតែធ្វើតេស្តឈាម ដើម្បីដឹងថា ពួកគេមានជំងឺទាំងនេះដែរឬទេ។ ធ្វើបែបនេះ ដើម្បីជៀសផុតពីហានិភ័យផ្សេងៗដែលកើតមានចំពោះទារក និងអ្នកម្តាយផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here