អ្នកប្រហែលជាដឹងពីមូលហេតុខ្លះៗដែលបណ្តោលឲ្យទារក កើតមិនគ្រប់ខែរួចមកហើយ។ ក៏ប៉ុន្តែអ្នកដឹងទេថា ទារកកើតមិនគ្រប់ខែ អាចប្រឈមនឹងបញ្ហាអ្វីខ្លះ? ជាការពិតទារក កើតមិនគ្រប់ខែ អាចប្រឈមនឹងបញ្ហាគ្រប់ប្រព័ន្ធទាំងអស់ ជាពិសេសផ្លូវដង្ហើមក្នុងអំឡុងពេលមួយសប្តាហ៍ដំបូងនៃជីវិត។ ធ្ងន់ធ្ងរជាងនេះទៅទៀត ទារក ដែលកើតមុនពេល ៣២សប្តាហ៍ អាចប្រឈមនឹងការពិបាកដកដង្ហើមធ្ងន់ធ្ងរ ដែលភាគច្រើនទាមទារឲ្យមានជំនួយប្រព័ន្ធខ្យល់ចេញចូលក្រោយពេលកើត ហើយទារកខ្លះត្រូវចំណោយពេលច្រើនសប្តាហ៍។
ខាងក្រោមនេះ គឺជាបញ្ហាមួយចំនួនដែលកើតមានឡើងចំពោះទារកកើតមិនគ្រប់ខែ៖
បញ្ហារក្សាតុល្យភាពរាងកាយ
រាងកាយរបស់ទារកដែលកើតមិនគ្រប់ខែ មិនអាចគ្រប់គ្រងសីតុណ្ហភាពក្នុងខ្លួនបានល្អទេ វាអាចផ្លាស់ប្តូរយ៉ាងងាយទៅតាមការប្រែប្រួលនៃអាកាសធាតុ។ ដូច្នេះគេតែងតែសង្កេតឃើញទារក ត្រូវតែស្ថិតនៅក្នុងទូកញ្ចក់តាំងពីកំណើត ហើយលើសពីនេះទៅទៀត ជាតិស្ករ សារធាតុរ៉ែ មួយចំនួននៅក្នុងឈាមច្រើនតែទាបជាងអ្វីដែលរាងកាយត្រូវមាន។ សូម្បីតែការរក្សាតុល្យភាពជាតិទឹកក៏មិនល្អដែរ ជាតិទឹកច្រើនពេកអាចមានបញ្ហាហើម ហើយបើតិចពេកអាចបណ្តោលឲ្យខ្សោយតម្រងនោម។
បញ្ហាបេះដូង
ទារកមិនអាចកែសម្រួលប្រព័ន្ធឈាមរត់ និងទិសដៅនៅក្នុងដំណាក់កាលដំបូងបានទេ។ នេះបណ្តោលឲ្យបេះដូងធ្វើការខ្លាំងជាងធម្មតា សួតមានបន្ទុកខ្លាំងធ្វើឲ្យពិបាកក្នុងការដកដង្ហើម។ ប្រសិនបើរោគសញ្ញាមានលក្ខណៈធ្ងន់ធ្ងរ លំហូរឈាមមិនគ្រប់គ្រាន់ វាអាចបណ្តោលឲ្យសរីរាង្គដទៃទៀតដំណើរការខុសប្រក្រតីផងដែរ ដូចជាតម្រងនោមដំណើរការតិច បំពង់រំលាយអាហារផ្លាស់ប្តូរទី ឬស្រូយយកអាហារតិច។
បញ្ហាប្រព័ន្ធប្រសាទ
ក្នុងរយៈពេលពីរបីថ្ងៃដំបូងនៃជីវិត ទារកដែលពិបាកដកដង្ហើមធ្ងន់ធ្ងរ មានបញ្ហាបេះដូង ចលនាឈាមរត់ ហានិភ័យនៃការហូរឈាមក្នុងខួរក្បាល។ ឧប្បត្តិហេតុនេះកើតឡើងខ្ពស់ណាស់ចំពោះទារកដែលមានទម្ងន់ស្រាលជាង ១,៥០០ក្រាម ហើយមានហានិភ័យពិការភាពប្រព័ន្ធប្រសាទរយៈពេលវែង។
បញ្ហាឆ្លងមេរោគ
ទារកកើតមិនគ្រប់ខែ មានភាពស៊ាំខុសៗគ្នា ហើយប្រព័ន្ធការពាររាងកាយពីធម្មជាតិ គឺស្បែក និងភ្នាសរំអិល។ ទាំងផ្លូវដង្ហើម និងក្រពះពោះវៀន មិនមានសុខភាពល្អទេ ដែលងាយនឹងបង្កជំងឺផ្សេងៗ។
ក្រៅពីបញ្ហាខាងលើ សូម្បីតែភ្នែកទារក កើតមិនគ្រប់ខែ ក៏មានការវិវត្តមិនទាន់ពេញលេញដែរ ដែលធ្វើឲ្យពួកគេអាចខ្សោយភ្នែកមើលមិនសូវឃើញ៕