ផ្តាសាយ គឺជាជំងឺទូទៅមួយប្រភេទដែលតែងតែកើតមានឡើងចំពោះមនុស្សគ្រប់វ័យ មិនប្រកាន់ចាស់ ឬក្មេងឡើយ។ ភាគច្រើនជំងឺនេះ កើតឡើងក្នុងពេលអាកាសធាតុមានការប្រែប្រួល ហើយអ្នកដែលប្រឈមខ្លាំងជាងគេ និងគួរឲ្យព្រួយបារម្ភជាងគេ គឺស្ត្រីមានផ្ទៃពោះតែម្តង។ ព្រោះនៅពេលមានផ្ទៃពោះ ស្ត្រីមានសុខភាពទន់ខ្សោយណាស់ ធ្វើឲ្យជំងឺផ្សេងៗអាចវាយប្រហារបានយ៉ាងស្រួល។
ម្យ៉ាងវិញទៀតអ្នកត្រូវដឹងថា ប្រព័ន្ធភាពស៊ាំរបស់ស្ត្រីមានផ្ទៃពោះត្រូវបានផ្លាស់ប្តូរ។ ជាពិសេសប្រសិនបើពួកគេមិនបានសម្រាកគ្រប់គ្រាន់ មានភាពតានតឹង និងថប់បារម្ភ មេរោគផ្តាសាយ អាចឆ្លៀតឱកាសវាយប្រហារចូលបានយ៉ាងងាយ។
ចំពោះរោគសញ្ញាទូទៅនៃជំងឺផ្តាសាយដែលកើតមានចំពោះអ្នកម្តាយមានផ្ទៃពោះមានដូចជា៖
- ក្តៅខ្លួន
- ឈឺខ្លួនប្រាណ
- ហៀរសំបោរ
- ក្អក ឬកណ្តាស់
- ឈឺបំពង់ក
ប្រសិនបើរោគសញ្ញាស្រាល សូមសម្រាកឲ្យបានគ្រប់គ្រាន់ ផឹកទឹកឲ្យបានច្រើន និងប្រើថ្នាំបន្ថយកម្តៅដែលត្រូវបានណែនាំ វានឹងបាត់ទៅវិញដោយខ្លួនឯង។ ប៉ុន្តែក្នុងករណីដែលអាការៈគ្រុនក្តៅធ្ងន់ធ្ងរលើសពី ៣ថ្ងៃ រោគសញ្ញាមិនមានភាពប្រសើរឡើងវិញ គួរតែប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យឈាម ព្រមទាំងរាងកាយផ្សេងទៀតដែរ។
ដូច្នេះនៅពេលមានផ្ទៃពោះ អ្នកម្តាយគួរតែយកចិត្តទុកដាក់ថែរក្សាខ្លួនឲ្យបានច្រើនជាងធម្មតា ហើយមិនត្រូវព្រួយបារម្ភច្រើនពេកទេ។ ធ្វើបែបនេះទារកនឹងមានភាពរឹងមាំ ហើយអ្នកម្តាយក៏មានសុវត្ថិភាពផងដែរ៕