Skip to content

ហេតុអ្វីគ្រូពេទ្យ ណែនាំឲ្យស្រីៗលេបថ្នាំគ្រាប់អាស៊ីតហ្វូលិក មុនពេលមានផ្ទៃពោះ?

យើងដឹងហើយថា អាស៊ីតហ្វូលិក គឺជាប្រូតេអ៊ីនរលាយក្នុងទឹក ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការវិវត្តខួរក្បាល និងកសាងប្រព័ន្ធប្រសាទរបស់ទារកក្នុងផ្ទៃ។ ចុះហេតុអ្វីគ្រូពេទ្យបានជំរុញឲ្យស្ត្រីលេបថ្នាំគ្រាប់អាស៊ីតហ្វូលិក មុនពេលមានផ្ទៃពោះ?

នេះក៏ព្រោះតែការវិវត្តខួរក្បាល និងប្រព័ន្ធសរសៃប្រសាទនៅតែបន្តកើតមានបន្ទាប់ពីបង្កកំណើត។ បំពង់សរសៃប្រសាទ ត្រូវបានបិទទាំងស្រុងក្នុងអំឡុងពេល ៣ទៅ៤សប្តាហ៍ បន្ទាប់ពីបង្កកំណើត។ ដូច្នេះ ដើម្បីឲ្យដំណើរការបានល្អ ស្ត្រីត្រូវចាប់ផ្តើមលេបថ្នាំអាស៊ីតហ្វូលិក យ៉ាងហោចណាស់ ១ទៅ ៣ខែ មុនពេលមានផ្ទៃពោះ។

នៅសហរដ្ឋអាមេរិក មានអត្រាខ្ពស់ណាស់នៃជំងឺខួរក្បាលពីកំណើត ហើយនេះមូលហេតុដែលគេណែនាំឲ្យស្រីៗដែលមានវ័យគ្រប់ការ ត្រូវលេបថ្នាំអាស៊ីតហ្វូលិក ៤០០មីក្រូក្រាម ជារៀងរាល់ថ្ងៃ។ លទ្ធផលអ្នកជំនាញបានរកឃើញថា អត្រានៃពិការភាពពីកំណើតរបស់ទារក បានកាត់បន្ថយគួរឲ្យកត់សម្គាល់។

អាស៊ីតហ្វូលិក ក៏ត្រូវបានគេរកឃើញដែរថា វាអាចជួយការពារ ឬកាត់បន្ថយពិការភាពសរីរាង្គដទៃទៀត ដូចជាបបូរមាត់ឆែប និងក្រអូមាត់ឆែប។ សូម្បីតែជំងឺបេះដូងពីកំណើត និងការកើតមានគ្រប់ខែ ក៏វាអាចជួយកាត់បន្ថយបានដែរ។ ជាការពិតអាស៊ីតហ្វូលិក មាននៅក្នុងអាហារដែលយើងញ៉ាំរាល់ថ្ងៃ ហើយវាត្រូវបានគេរកឃើញនៅក្នុងបន្លែបៃតង ផ្លែឈើមួយចំនួន និងថ្លើមសត្វ ជាដើម។

ដោយសារតែអាស៊ីតហ្វូលិក គឺជាវីតាមីនដែលងាយនឹងត្រូវបានបំផ្លាញដោយសារតែកម្តៅ ដូច្នេះពេលចម្អិនអាហារដោយប្រើភ្លើងខ្លាំង អាចបណ្តោលឲ្យបាត់បង់រហូតដល់ ៥០ទៅ៩៥ភាគរយ។ បើប្រៀបធៀប ការលេបថ្នាំគ្រាប់អាស៊ីតហ្វូលិក គឺមានភាពល្អប្រសើរជាង ព្រោះវាមិនបាត់បង់ប្រសិទ្ធភាពឡើយ៕