ទឹកដោះម្តាយ គឺជាអាហារចម្បងបំផុតសម្រាប់ទារកទើបនឹងកើត រហូតដល់អាយុ៦ខែ ព្រោះវាមានផ្ទុកសារធាតុសំខាន់ៗជាច្រើនដែលរាងកាយទារកត្រូវការ ដើម្បីលូតលាស់ និងបង្កើតប្រព័ន្ធភាពស៊ាំ។
ប៉ុន្តែទោះបីជាទឹកដោះម្តាយ មានប្រយោជន៍យ៉ាងណាក៏ដោយ នៅមានករណីមួយចំនួនត្រូវលើកលែងដែរ ព្រោះវាអាចធ្វើឲ្យទារកអាចប្រឈមនឹងបញ្ហាដូចអ្នកម្តាយដែរ។ ជាពិសេស អ្នកម្តាយដែលមានជំងឺ ៤មុខនេះ គួរតែជៀសវាងបំបៅដោះកូន។
ជំងឺរបេង
អ្នកម្តាយដែលមានជំងឺរបេង មិនបានធ្វើការព្យាបាល និងនៅតែមានរោគសញ្ញា មិនគួរបំបៅដោះកូននោះទេ។ តែសម្រាប់អ្នកម្តាយដែលព្យាបាលជាសះស្បើយហើយ អាចបំបៅដោះកូនបានធម្មតា។
ជំងឺអ៊ុតស្វាយ
នៅពេលដែលកើតជំងឺអ៊ុតស្វាយ កុំថាឡើយបំបៅដោះកូន សូម្បីតែការប៉ះពាល់ជាមួយនឹងកូនក៏ត្រូវបានហាមឃាត់ដែរ។ ព្រោះទារកមានប្រព័ន្ធភាពស៊ាំទាប អាចឆ្លងមេរោគបានយ៉ាងងាយ ហើយអាចបង្កគ្រោះថ្នាក់ដល់ជីវិតថែមទៀត។ ដូច្នេះ អ្នកត្រូវរងចាំជំងឺឲ្យជាសះស្បើយទាំងស្រុងសិន ឬចាំឲ្យពងបែកនៅលើរាងកាយស្ងួតអស់ ទើបអាចបំបៅកូនបាន។
ជំងឺរលាកថ្លើមប្រភេទ A និង B
ចំពោះអ្នកម្តាយដែលធ្វើតេស្តឈាមរកឃើញ ជំងឺរលាកថ្លើមប្រភេទ B នៅពលកូនកើតមកភ្លាមត្រូវទទួលថ្នាំបង្ការជំងឺរលាកថ្លើមសិន ទើបអាចបំបៅដោះកូនបាន។ ចំពោះអ្នកម្តាយដែលមានជំងឺរលាកថ្លើមប្រភេទ A ការបំបៅដោះកូនអាចធ្វើទៅបានលុះត្រាតែ ជំងឺត្រូវបានជាសះស្បើយទាំងស្រុង។
ជំងឺអេដស៍
អ្នកម្តាយដែលឆ្លងជំងឺសង្គមមួយនេះ ច្រើនតែមានសុខភាពខ្សោយរ៉ាំរ៉ៃ ហើយមេរោគអាចត្រូវបានបញ្ចូនទៅកាន់ទឹកដោះផ្ទាល់។ ដូច្នេះនៅពេលទារក បៅអាចប្រឈមហានិភ័យឆ្លងជំងឺខ្ពស់ណាស់។
យកល្អអ្នកម្តាយដែលមានជំងឺទាំងប៉ុន្មានមុខនេះ គួរតែបំបៅកូនដោយប្រើទឹកដោះគោជំនួសវិញ ទោះបើជាវាមិនអាចប្រៀបផ្ទឹមជាមួយទឹកដោះម្តាយបានក៏ដោយ ប៉ុន្តែទារក មានសុវត្ថិភាពអាចជៀសផុតពីការឆ្លងជំងឺបាន៕