វិធីថែទាំងខ្លួនដ៏ត្រឹមត្រូវ សម្រាប់ស្ត្រីមានផ្ទៃពោះដែលឆ្លងជំងឺផ្តាសាយ

0
1

ជំងឺផ្តាសាយ អាចកើតមានឡើងគ្រប់ពេលវេលា ហើយប្រសិនបើនរណាម្នាក់មានបញ្ហាអាឡែកស៊ីផងនោះ គ្រាន់តែការផ្លាស់ប្តូរអាកាសធាតុបន្តិចបន្តួចក៏ចេញរោគសញ្ញាភ្លាម។ ក្នុងករណីដែលជំងឺផ្តាសាយធម្មតា គ្រាន់តែការទទួលទានទឹកឲ្យបានច្រើន និងសម្រាកបានគ្រប់គ្រាន់ បញ្ហានឹងបាត់ទៅវិញដោយមិនចាំបាច់ប្រើថ្នាំឡើយ។

ទោះជាយ៉ាងណា ប្រសិនបើជំងឺកើតមានអំឡុងពេលមានផ្ទៃពោះ ត្រូវតែប្រើវិធីសាស្ត្រថែទាំសុខភាពជាពិសេស ដើម្បីសុវត្ថិភាពកូនក្នុងផ្ទៃ។ ខាងក្រោមនេះ គឺជាវិធីថែទាំងសុខភាពពេលកើតជំងឺផ្តាសាយសម្រាប់អ្នកមានផ្ទៃពោះ៖

១.នៅពេលច្រមុះចាប់ផ្តើមតឹង ហៀរសំបោរ សូមព្យាយាមសម្រាកឲ្យបានច្រើន និងធ្វើរក្សារាងកាយឲ្យមានភាពកក់ក្តៅជានិច្ច។ នេះជាវិធីថែទាំឲ្យឆាប់ជាសះស្បើយ និងការពារជំងឺកុំឲ្យជំងឺមានសភាពធ្ងន់ធ្ងរ។

២.នៅពេលច្រមុះហៀរសំបោរ អ្នកត្រូវគេងដាក់ក្បាលឲ្យខ្ពស់បន្តិច ដើម្បីធ្វើឲ្យការដកដង្ហើមមានភាពងាយស្រួល។ លើសពីនេះ អ្នកអាចប្រើខ្ទឹមសដាក់នៅក្បែរខ្នើយ ដើម្បីជួយឲ្យជំងឺឆាប់ជាសះស្បើយ។

៣.ក្រៅពីញ៉ាំអាហារ អ្នកអាចទទួលទានទឹកក្រូចច្របាច់មួយកែវ ព្រោះវាសម្បូរវីតាមីន C ដែលអាចជួយកាត់បន្ថយរោគសញ្ញាផ្តាសាយបាន។

៤.ព្យាយាមផឹកទឹកក្តៅឧណ្ឌៗ និងខ្ពុរមាត់ជាមួយទឹកអំបិល ប្រសិនបើអ្នកមានអារម្មណ៍ឈឺបំពង់ក។

៥.ប្រសិនបើអ្នកមានអាការៈគ្រុនក្តៅកម្រិតទាប គួរតែកាត់បន្ថយដោយប្រើវិធីធម្មជាតិ ពោលគឺជូតខ្លួន ផឹកទឹកឲ្យបានញឹកញាប់ និងគេងឲ្យច្រើន។ ប្រសិនបើអ្នកមានអាការៈគ្រុនក្តៅកម្រិតខ្ពស់ជាង ៣៨អង្សាសេត្រូវទៅជួបគ្រូពេទ្យភ្លាម។

៦.ប្រសិនបើអ្នកមានជំងឺផ្តាសាយលើសពី ៥ថ្ងៃ គួរតែទៅជួបគ្រូពេទ្យ ដើម្បីទទួលការព្យាបាលបានត្រឹមត្រូវ ហើយមិនគួរទិញថ្នាំមកទទួលទានផ្តេសផ្តាសទេ។

៧.ជៀសវាងចូលកន្លែងដែលមានមនុស្សច្រើន ដូចជាផ្សារ ឬទីប្រជុំជនជាដើម។

អ្នកម្តាយមានផ្ទៃពោះ អាចជាសះស្បើយពីជំងឺផ្តាសាយមានភាពយឺតយ៉ាវបន្តិច ដោយសារតែរាងកាយមានប្រព័ន្ធការពារទាប។ ក្នុងករណីដែលអ្នកម្តាយកំពុងតែបំបៅដោះកូន ស្រាប់តែមានជំងឺផ្តាសាយ មិនចាំបាច់បញ្ឈប់ការបំបៅដោះកូននោះទេ គ្រាន់តែការពារដោយការពាក់ម៉ាស់ និងជៀសវាងការក្អក ឬកណ្តាក់ដាក់កូនទៅបានហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here