បញ្ហាក្លិនជើងច្រើនតែបណ្តោលមកពីការបែកញើសច្រើន ឬការពាក់ទ្រនាប់ជើងយូរពេក។ ពេលខ្លះវាអាចបណ្តោលមកពីការជូតជើងមិនស្ងួតក្រោយពេលលាងសម្អាតជើង ហើយប្រញាប់ពាក់ស្រោមជើង ដែលបង្កមេរោគផ្សិតកើតមានឡើង និងក្លិនមិនល្អកើតមានឡើង។
ទោះជាយ៉ាងណាក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីពិបាកលើកជើង ឬឱនសម្អាតជើងខ្លួនឯងណាស់ ហេតុនេះគួរតែមានជំនួយការពីស្វាមី ឬមនុស្សដែលជិតស្និតបំផុត។
១.លាងជើងរបស់អ្នកជាមួយនឹងទឹកក្តៅ និងសាប៊ូជារៀងរាល់ថ្ងៃ។ ប្រើច្រាស់ទន់ៗមកដុសសម្អាតចន្លោះក្រចកជើង និងម្រាមជើង។ បន្ទាប់មកត្រូវប្រើកន្សែង ដើម្បីជូតសម្អាតជើងឲ្យស្ងួតគ្រប់ពេល។
២.កុំទុកឲ្យក្រចកជើងដុះវែងពេក ព្រោះវានឹងធ្វើឲ្យធូលីដីចូលតាមក្រចក នឹងធ្វើឲ្យមានក្លិនមិនល្អកើតឡើង។
៣.ជ្រើសរើសស្រោមជើងដែលធ្វើពីសំលីកប្បាស ដោយសារតែវាមានខ្យល់ចេញចូលល្អជាងស្រោមជើងដទៃទៀត។ ម្យ៉ាងទៀត អ្នកត្រូវផ្លាស់ប្តូរស្រោមជើងជារៀងរាល់ថ្ងៃ។
៤.ជ្រើសទ្រនាប់ជើងដែលមានខ្យល់ចេញចូលបានល្អ។ ប្រសិនបើជើងរបស់អ្នកបែកញើសច្រើនកុំពាក់ទ្រនាប់ជើងដែលផលិតពីកៅស៊ូ ហើយមិនគួរពាក់ទ្រនាប់ជើងដដែលៗរាល់ថ្ងៃនោះទេ ជាពិសេសទ្រនាប់ជើងប៉ាតា គួរតែឆ្លាស់គ្នារាល់ថ្ងៃ។
៥.ប្រសិនបើក្លិនជើងមិនបាត់ អ្នកអាចចាក់ម្សៅខ្លះចូលទៅក្នុងទ្រនាប់ជើង ដើម្បីកាត់បន្ថយភាពសើម និងជួយឲ្យជើងរបស់អ្នកស្ងួតបានយូរ៕