កង្វល់៣យ៉ាងរបស់អ្នកម្តាយ ពេលមានផ្ទៃពោះ

0
1

នៅពេលមានផ្ទៃពោះ តើអ្នកម្តាយមានទុកកង្វល់អ្វីខ្លះនៅក្នុងចិត្ត? ភាពខ្វល់ខ្វាយនៅក្នុងចិត្ត អាចធ្វើឲ្យអ្នកម្តាយគិតច្រើន គេងមិនលក់ ញ៉ាំមិនបាន យូរទៅអាចនាំឲ្យមានផលមិនល្អសុខភាពខ្លួនឯង និងកូនក្នុងផ្ទៃថែមទៀត។ ដូច្នេះអ្នកម្តាយមានផ្ទៃពោះ គួរតែដឹងពីវិធីដោះស្រាយឲ្យបានសមស្រប ចំពោះទុក្ខកង្វល់ទាំង៣យ៉ាងនេះ។

បារម្ភពីការងារ

អំឡុងពេលមានផ្ទៃពោះ អ្នកម្តាយអាចប្រឈមខ្លាំងជាមួយនឹងសម្ពាធពីការងារ។ ប៉ុន្តែអ្នកគួរតែបែងចែកឲ្យដាច់ដោយឡែកពីបញ្ហាផ្ទាល់ខ្លួន ហើយទុកពេលដល់ខ្លួនឯងឲ្យច្រើន ដើម្បីកុំឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ដោយសារតែភាពតានតឹង អាចជះឥទ្ធិពលដល់សុខភាពរាងកាយដូចជា អស់កម្លាំង ឈឺក្បាល បាត់បង់ចំណង់អាហារជាដើម។ អ្នកអាចសម្រាកពីការងារជាបណ្តោះអាសន្ន ហើយដើរលេង មើលភាពយន្ត ឬស្តាប់តន្ត្រី ដើម្បីកាត់បន្ថយភាពតានតឹង។

បារម្ភពីរូបរាង

អំឡុងពេលមានផ្ទៃពោះ រាងកាយ និងអ័រម៉ូនក្នុងខ្លួនចាប់ផ្តើមមានការផ្លាស់ប្តូរ ដែលអាចបណ្តោលឲ្យមានអារម្មណ៍មិនល្អ និងធុញថប់កើតឡើង។ ទាំងការចាញ់ ទំហំចង្កេះរីកធំ ស្បែកប្រែជាស្រអាប់ ហើយរូបរាងអាចមិនត្រលប់មកភាពដើមវិញបានក្រោយពេលឆ្លងទន្លេរួច។ ដូច្នេះ អំឡុងពេលនេះ ស្ត្រីមានផ្ទៃពោះត្រូវព្យាយាមញ៉ាំអាហារដែលសម្បូរសារធាតុចិញ្ចឹម ហើយកុំញ៉ាំអាហារដែលគ្មានប្រយោជន៍ច្រើនពេក ព្រោះវាអាចបណ្តោលឲ្យការប្រមូលផ្តុំជាតិខ្លាញ់នៅផ្នែកផ្សេងៗនៃរាងកាយកាន់តែច្រើនឡើង ធ្វើឲ្យពិបាកសម្រកទម្ងន់ក្រោយពេលសម្រាល។

ជាធម្មតា ប្រសិនបើអ្នកឡើងទម្ងន់ក្នុងពេលមានផ្ទៃពោះ គឺទម្ងន់រាងកាយនឹងវិលទៅរកភាពដើមវិញក្នុងរយៈពេល ២ខែបន្ទាប់ពីសម្រាល។ ការបំបៅកូនដោយទឹកដោះ នឹងជួយឲ្យទម្ងន់របស់អ្នកត្រឡប់រកសភាពដើមវិញបានលឿន។ ដូច្នេះវាជាការសំខាន់ដែលត្រូវចង់ចាំពីការថែរក្សាសុខភាព និងគោលការណ៍បរិភោគត្រឹមត្រូវ ទាំងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល។

បារម្ភពីកូនក្នុងផ្ទៃ

អ្នកម្តាយស្ទើរតែទាំងអស់ តែងព្រួយបារម្ភចំពោះទារកទាន់កើត ដូចជាព្រួយបារម្ភ អំពីបញ្ហាសុខភាពរបស់ទារក ឬការលូតលាស់តាមអាយុកាលរបស់ទារក ជាដើម។ ប៉ុន្តែដើម្បីបំបាត់កង្វល់នេះ អ្នកម្តាយគួរតែពិគ្រោះជាមួយគ្រូពេទ្យ ឬតាមដានសុខភាពជាប្រចាំខែ ដើម្បីឲ្យអស់សង្ស័យ។

ដើម្បីកាត់បន្ថយកង្វល់ទាំងអស់នេះ ស្ត្រីមានផ្ទៃពោះអាចអនុវត្តវិធីមួយចំនួន៖

១.និយាយដោយបើកចំហ ចែករំលែកក្តីបារម្ភ ឬបញ្ហា ជាមួយនរណាម្នាក់ដែលអ្នកទុកចិត្តបានដូចជា ស្វាមី ម្តាយបង្កើត ឬមិនជិតស្និទ្ធ។ វាអាចធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាល ហើយប្រហែលជាទទួលបានបទពិសោធន៍ល្អៗត្រលប់មកវិញ។

២.កំណត់មូលហេតុនៃភាពតានតឹង ដូចជាបញ្ហាគ្រួសារ ឬបញ្ហាការងារ។ ពេលអ្នកអាចធ្វើការហួសពីកម្លាំង ដូច្នេះគួរតែផ្ទេរការងារខ្លះឲ្យអ្នកដទៃ ឬធ្វើការងារទាំំងនោះដោយសន្សំៗកុំបង្ខំពេក។

៣.ងូតទឹក វានឹងជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ហើយក៏អាចជួយឲ្យអ្នកគេងលក់ស្រួលផងដែរ។

៤.ព្យាយាមបរិភោគអាហារដែលសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដើម្បីពង្រឹងរាងកាយ ក៏ដូចជាជំរុញដល់ការលូតលាស់ទារកផងដែរ។

៥.ធ្វើសមាធិ គឺជាវិធីសាស្ត្រសាមញ្ញមួយទៀត ដែលអាចធ្វើឲ្យអ្នកម្តាយបាត់អស់នូវទុក្ខកង្វល់ទាំងឡាយបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here