ដាច់ខាត​កុំ​ធ្វើ​រឿង​ទាំង៥នេះ ​ចំពោះ​ទារក​ទើប​កើត​

0

ទារក​ទើបនឹង​កើត​ដំបូង​នៅមាន​ភាពទន់ខ្សោយ​ខ្លាំងណាស់ ឪពុក​អ្នក​ម្តាយ​ត្រូវ​​​មើលថែទាំ​ដោយយកចិត្តទុកដាក់ឲ្យបានខ្លាំង ដើម្បី​សុខភាព និងការអភិវឌ្ឍដ៏​ល្អ​របស់​កូន​ជាទី​ស្រឡាញ់។ ជាពិសេសខាងក្រោម​នេះ​ គឺជា​ទង្វើ​ដែល​ឪពុក​ម្តាយ​ថ្មោងថ្មី ​មិនគួរ​ធ្វើជា​ដាច់ខាត​ ដើម្បី​សុវត្ថិភាពចំពោះ​កូន​ទើបនឹង​កើត។

១.កុំទាន់នាំកូនទៅ​ដើរលេង​ក្រៅ​ផ្ទះ

ទារក​ក្នុង​វ័យ​នេះ​ ប្រព័ន្ធ​ការពារ​​រាងកាយ​នៅ​ធ្វើការ​មិនទាន់​ពេញលេញ​ឥតខ្ចោះ​នៅឡើយ​ទេ ថែមទាំង​នៅ​មិនទាន់​បានទទួល​វ៉ាក់សាំង​ការពារ​ជំងឺ និង​រោគផ្សេងៗឡើយ។ ការនាំ​ទារក​ទៅ​នៅក្នុង​ទីកន្លែង​ដែល​ពេញ​ទៅដោយ​ល្អងធូលី​ដី ឬ​ខ្យល់អាកាស​ពុល​ជាដើម​នោះ អាច​ប្រថុយប្រថាន​នឹង​ការឆ្លង​មេរោគ និង​អាច​ឈឺថ្កាត់​បាន​យ៉ាង​ងាយ។ គួរឱ្យទារកសំងំ​នៅក្នុង​ផ្ទះ​សិន ដើម្បី​សាង​ប្រព័ន្ធ​ការពារ​រាងកាយឱ្យ​រឹងមាំ​ មុននឹង​ចេញ​ប្រឈម​នឹង​ពិភព​ខាងក្រៅ ហើយ​ចូរ​ស្ថិតនៅក្នុង​ទីកន្លែង​ដែលមាន​សុវត្ថិភាព​ជានិច្ច។

២.កុំឱ្យកូន​ញ៉ាំ​អ្វី​ផ្សេង​ក្រៅពី​ទឹកដោះ​

អាហារ​ចម្បង​តែមួយ​គត់​សម្រាប់​ទារកទើប​កើត​ដំបូង​ គឺ​ទឹកដោះ​ម្តាយ ព្រោះ​ក្រពះ​អាហារ និង​ពោះវៀន​ទារក ​នៅ​មិនទាន់ត្រៀមខ្លួន​ក្នុងការ​ទទួល​អាហារផ្សេងបាន​ឡើយ។ ប្រសិនបើកូនញ៉ាំ​ចូលទៅក្នុងពោះ ​អាចបណ្តោលឲ្យ​រាករូស និង​ឈឺ​ថ្កាត់​បាន។ ចំណែក​ឯអាហារ​បន្ថែម​អាច​ចាប់ផ្តើម​ឱ្យ​ញ៉ាំ​បាន​នៅពេល​ទារកមានអាយុ​គ្រប់ 6ខែ គឺ​នៅពេលដែល​ប្រព័ន្ធ​រំលាយ​អាហារ​របស់ពួកគេបាន​ត្រៀមរួច​​ហើយ។

៣.កុំប្រើផលិតផល​សម្រាប់មនុស្សធំ

​ស្បែក​របស់ទារកទើបនឹង​កើត ​មាន​សភាព​ស្តើង​ថ្លា​ដូច​ស្លាប​សត្វ​កន្តុំ​រុយ រហូត​អាច​មើលឃើញ​សរសៃឈាម​នៅ​ខាងក្នុង​បាន​យ៉ាងច្បាស់។​ មិនតែប៉ុណ្ណោះនៅលើ​ស្បែក​គ្មាន​មេរោគ​បាក់តេរី​ ដែល​ជួយ​ការពារ​មេរោគ​ពី​ខាងក្រៅ​បាន​ដូច​មនុស្ស​ធំ​ឡើយ ទើបធ្វើឲ្យ​ស្បែកពួកគេមានឱកាស​ប្រតិកម្មយ៉ាងងាយ។ ដូច្នេះ ការជ្រើសរើស​ផលិតផល​សម្រាប់​ទារក ដូចជាសាប៊ូដុសខ្លួន ឬសាប៊ូលាងសម្អាតឧបករណ៍ប្រើប្រាស់របស់ទារក ​ក៏​សំខាន់​ណាស់ដែរ ​ដើម្បី​ការពារ​ការ​រលាក ​ឬប្រតិកម្ម។

៤.កុំឆាប់លើកកូន​ពរពេក

ឆ្អឹង ឬ​សន្លាក់​របស់​កូនទើប​កើត​ដំបូង ​នៅ​មិនទាន់​រឹងមាំ​នៅឡើយ​​ អាចនិយាយបាន​ថា​នៅ​ទន់​ជ្រាយ និង​មានឱកាស​​វៀច​បាន​យ៉ាង​ងាយ ថែមទាំង​នៅ​មិនទាន់​អាច​ទ្រាំទ្រ​បាន​នឹង​កម្លាំង​បោក​ប៉ះ សង្កត់ ឬ​ទាញ​បានឡើយ ជាពិសេស​នៅលើ​ផ្នែក​ដែល​ងាយ​បាក់ និង​ភ្លាត់​គ្រេច​ញឹកញាប់​បំផុត​គឺ ឆ្អឹង​ដៃ ជើង បាតដៃ បាតជើង និង​ឆ្អឹងស្លាបប្រចៀវ។

ការ​​ពរ ឬ​លេង​ជាមួយ​កូន​ត្រូវតែ​ប្រយ័ត្នប្រយែង​កន្លែង​ដែលមាន​សន្លាក់​ត និង​តំបន់ក​ ជាពិសេស។ ចំណែក​ឥរិយាបថ​គេង​សម្រាប់​ទារក​ គួរ​ដាក់ឱ្យ​គេង​ផ្ងារ ដោយ​ឱ្យ​ដងខ្លួន ដៃ និង​ជើង​ព្រលែងឲ្យមានសេរីភាព មិន​ឱ្យមាន​ផ្នែក​ណាមួយ​ត្រូវ​សង្កត់ ឬ​កោង​ឡើយ។

៥.កុំចាប់​អង្រួន បោះ ឬ​ចាប់​យោលខ្លាំងៗ

​ខួរក្បាល​របស់​កូន​មួយខួបដំបូង ​នៅ​អភិវឌ្ឍ​មិនទាន់បាន​ពេញទំហឹង​ទេ ទាំង​សរសៃឈាម​ក៏មាន​ឱកាស​ដាច់​រហែក​បាន​យ៉ាង​ងាយ​ដែរ។ នៅក្នុង​ប្រអប់​ខួរ ​មានទឹក​ច្រើនជាង​សាច់​ខួរក្បាល ប្រសិនបើមានការ រញ្ជួយខ្លាំងៗ ដូចជា ត្រូវ​អង្រួន ត្រូវ​យោល ចាប់​បោះ​លើ​រួច​ចាំ​ទ្រ​វិញ អាចធ្វើឲ្យសាច់​ខួរក្បាល​ទៅ​បោក​ប៉ះ​នឹង​ឆ្អឹងលលាដ៍ក្បាល​ រហូត​មាន​ឈាម​ក្នុង​ខួរក្បាល ដែល​អាការ​នេះ​នឹង​ប៉ះពាល់​ដល់​ការលូតលាស់របស់​កូន​បាន៕