ក្នុងដំណាក់កាលមានផ្ទៃពោះ អ្នកម្តាយច្បាស់ជាខំរកអាហារល្អមកទទួលទាន ដើម្បីឲ្យកូនក្នុងផ្ទៃមានការលូតលាស់បានល្អ ទាំងរាងកាយ ក៏ដូចជាបញ្ហាផងដែរ។ ក៏ប៉ុន្តែនៅពេលសម្រាលកូនហើយ អ្នកម្តាយក៏នៅតែត្រូវការអាហារដែលសម្បូរសារធាតុចិញ្ចឹមបន្តទៀត ដើម្បីផលិតទឹកដោះដែលមានគុណភាពសម្រាប់ផ្គត់ផ្គង់ដល់ទារក។
ដូច្នេះអ្នកម្តាយដែលកំពុងតែបំបៅដោះកូន គួរតែចេះជ្រើសរើសអាហារល្អៗសម្រាប់ទទួលទាន ជាពិសេសអាហារទាំង ៩ប្រភេទនេះ។
១.ត្រីសាម៉ុន
ត្រីសាម៉ុន គឺជាអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ដែលគេហៅថា DHA មានភាពចាំបាច់សម្រាប់ប្រព័ន្ធសរសៃប្រសាទរបស់ទារក។ សារធាតុសំខាន់មួយនេះ ក៏ដើរតួនាទីជាអ្នកការពារអ្នកម្តាយពីជំងឺធ្លាក់ទឹកចិត្តផងដែរ ប៉ុន្តែស្ត្រីគួរតែញ៉ាំត្រឹមតែ ៣៤០ក្រាមក្នុងមួយសប្តាហ៍បានហើយ ដោយសារតែត្រីសមុទ្រមួយប្រភេទនេះក៏មានផ្ទុកជាតិបារតដែរ។
២.ទឹកដោះគោ
មិនថាទឹកដោះគោស្រស់ ទឹកដោះគោជូរ ឬផលិតផលទឹកដោះគោដទៃទៀតនោះទេ វាសុទ្ធតែមានផ្ទុកប្រូតេអ៊ីន វីតាមីន B រួមជាមួយនឹងកាល់ស្យូម ដែលអាចជួយពង្រឹងការលូតលាស់ឆ្អឹងរបស់ទារកឲ្យរឹងមាំបានល្អ។
៣.សាច់គោគ្មានខ្លាញ់
សម្រាប់អ្នកម្តាយ ដែលបំបៅដោះកូន ត្រូវការអាហារដែលផ្តល់ថាមពលខ្ពស់។ ដូច្នេះសូមព្យាយាមញ៉ាំសាច់គោ ព្រោះវាសម្បូរវីតាមីន ប្រូតេអ៊ីន និងវីតាមីន B12។
៤.គ្រាប់ធម្មជាតិ
ជាពិសេសសណ្តែកខ្មៅ ពិតជាល្អសម្រាប់អ្នកម្តាយដែលកំពុងតែបំបៅដោះ ព្រោះវាមានប្រូតេអ៊ីនខ្ពស់ និងពោរពេញទៅដោយជាតិដែក។
៥.ផ្លែប្ល៊ូបឺរី
អ្នកម្តាយគួរញ៉ាំផ្លែឈើ ឬទឹកផ្លែឈើមួយប្រភេទនេះរាល់ថ្ងៃ ដោយសារតែវាសម្បូរទៅដោយអង់ទីអុកស៊ីដង់ រួមទាំងកាបូនអ៊ីដ្រាត ដែលផ្តល់ថាមពលខ្ពស់។
៦.អង្ករសំរូប
ប្រសិនបើអ្នកម្តាយកំពុងតែព្យាយាមសម្រកទម្ងន់ បន្ទាប់ពីសម្រាលកូនរួច គួរតែទទួលទានអង្ករសំរូបជាប្រចាំ។ តែទោះជាយ៉ាងណាកុំព្យាយាមសម្រកទម្ងន់ដោយការបង្អត់អាហារឲ្យសោះ ព្រោះវាអាចបណ្តោលឲ្យប៉ពាល់ដល់ការផលិតទឹកដោះ។
៧.ក្រូចពណ៌លឿង
ក្រូចមួយប្រភេទនេះ អាចជួយឲ្យអ្នកម្តាយមានអារម្មណ៍ស្រស់ស្រាយ ដោយសារតែវាអាចជួយបំពេញវីតាមីន C ដែលអ្នកម្តាយត្រូវការ។ ប្រសិនបើអ្នកមិនចូលចិត្តចិតផ្លែក្រូចញ៉ាំទេ អាចទទួលទានទឹកក្រូចប្របាច់បាន។
៨.ស៊ុតពណ៌លឿង
ស៊ុតពណ៌លឿង មានផ្ទុកវីតាមីន D ពីធម្មជាតិ ដែលពិបាករកណាស់នៅក្នុងរបបអាហារ។ វីតាមីណ D ជួយឲ្យឆ្អឹងរឹងមាំ ក៏ដូចជាជំរុញដល់ការលូតលាស់ឆ្អឹងរបស់ទារកផងដែរ។
៩.បន្លែបៃតង
បន្លែពណ៌បៃតងទាំងអស់ មានផ្ទុកវីតាមីន A កាល់ស្យូម វីតាមីន C ជាតិដែក ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អបំផុតសម្រាប់ស្ត្រីដែលកំពុងតែបំបៅដោះកូន។
ក្រោយពេលសម្រាលកូនហើយ អ្នកម្តាយគួរតែព្យាយាមទទួលទានអាហារទាំងអស់នេះ ព្រោះវាផ្តល់ប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នក ក៏ដូចជាកូនដែលកំពុងតែបៅដោះផងដែរ៕