ការថប់បារម្ភអំឡុងពេលមានផ្ទៃពោះ គឺជាអ្វីដែលអាចកើតឡើងចំពោះអ្នកម្តាយគ្រប់រូប។ ប្រសិនបើវាជាការមានផ្ទៃពោះលើកដំបូង អ្វីគ្រប់យ៉ាងគឺជាបទពិសោធន៍ ជាពិសេសរឿង៥យ៉ាងនេះ។
១.ព្រួយបារម្ភរោគសញ្ញាមិនប្រក្រតីអំឡុងពេលមានផ្ទៃពោះ
ពេលខ្លះការរំពឹងទុករបស់អ្នកម្តាយ អាចផ្ទុយស្រលះទាំងស្រុង ព្រោះយើងមិនអាចមើលដឹងថា ទារកនៅក្នុងផ្ទៃមានសុខភាពល្អ ឬយ៉ាងណានោះទេ។ អ្នកម្តាយខ្លះអាចមានការព្រួយបារម្ភមួយរយៈក៏ធូរស្រាលទៅវិញ តែអ្នកម្តាយទៀតអាចមានការព្រួយបារម្ភមិនឈប់ឡើយ។ ទោះជាយ៉ាងណា ចូរគិតរឿងវិជ្ជមានសម្រាប់ទារកក្នុងផ្ទៃ និងព្យាយាមថែសុខភាពឲ្យបានល្អ។
២.ព្រួយចំពោះភាពធាត់
នៅពេលមានផ្ទៃពោះ ស្ត្រីស្ទើរតែមួយរយភាគរយតែងតែមានការផ្លាស់ប្តូររូបរាង។ អ្នកម្តាយខ្លះមានការព្រួយបារម្ភខ្លាំង ខ្លាចក្រោយពេលមានផ្ទៃពោះមិនអាចសម្រកទម្ងន់ដូចដើមវិញបាន ហើយក្លាយជាមនុស្សធាត់ជារៀងរហូត។ តែយ៉ាងណាក៏ដោយ កុំទាន់គិតដល់ចំណុចនេះ ព្រោះបន្ទាប់ពីសម្រាលកូនហើយ អ្នកអាចសម្រករាងវិញបាន ដោយការបំបៅដោះកូន ជ្រើសរើសអាហារដែលមានផាសុខភាព និងធ្វើលំហាត់ប្រាណជាប្រចាំ។
៣.បារម្ភអំពីការចំណាយកើនឡើង
ជាការពិត នៅពេលមានកូន អ្នកអាចត្រូវការចំណាយប្រាក់ច្រើនក្នុងការទិញរបស់របរប្រើប្រាស់ ឬឧបករណ៍សម្រាប់ទារក។ ប៉ុន្តែប្រសិនបើអ្នកចេះសន្សំសំចៃវិញនោះ បញ្ហាចំណាយលុយកាក់ក្នុងគ្រួសាររបស់អ្នកពិតជាអាចគ្រប់គ្រងបាន។
៤.បារម្ភអំពីភាពជាម្តាយ
មនុស្សគ្រប់រូបចង់ក្លាយជាម្តាយដែលល្អបំផុត ដើម្បីមើលថែរក្សាកូនឲ្យបានល្អ។ ដោយសារតែគំនិតនេះធ្វើឲ្យអ្នកម្តាយជាច្រើន មានភាពតានតឹង ខ្លាចវាមិនអាចចិញ្ចឹមកូនឲ្យល្អបាន។ តែរឿងទាំងនេះអាចទៅរួច ប្រសិនបើអ្នកចេះសុំដំបូលន្មានពីមិត្តភក្តិ ឬម្តាយរបស់អ្នកផ្ទាល់ អំពីបទពិសោធន៍ចិញ្ចឹមកូន ដែលពួកគេធ្លាប់ឆ្លងកាត់កន្លងមក។
៥.បារម្ភខ្លាចមិនមានទឹកដោះឲ្យកូនបៅ
ជាធម្មជាតិ ក្រោយពេលសម្រាលកូនហើយ អ្នកម្តាយគ្រប់រូបតែងតែមានទឹកដោះឲ្យកូនបៅ អ្នកម្តាយខ្លះអាចចំណាយពេលមួយថ្ងៃ ឬពីរថ្ងៃទើបមានទឹកដោះឲ្យកូនបៅ។ ដូច្នេះអ្នកអាចសាកសួរគ្រូពេទ្យ ឬមិត្តភក្តីដែលមានបទពិសោធន៍ក្នុងការបំបៅដោះកូនរួចមកហើយ។
ជឿជាក់ថា អ្នកនឹងអាចធ្វើបានដូចម្តាយដទៃទៀតដែរ ហើយអ្វីៗនឹងដំណើរការបានល្អ បើទោះបីជួបឧបសគ្គខ្លះក៏ដោយ។ មិនតែប៉ុណ្ណោះ អ្នកត្រូវព្យាយាមសម្រាកឲ្យបានគ្រប់គ្រាន់ ជាពិសសេសមិនត្រូវគិតច្រើនមុនពេលរឿងកើតឡើងនោះទេ៕