អ្នកម្តាយមានផ្ទៃពោះ ត្រូវការសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីជំរុញឲ្យរាងកាយខ្លួនឯង និងកូនមានសុខភាពល្អ។ ទឹកដោះគោជូរ គឺជាជម្រើសដ៏ល្អ ព្រោះវាសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលល្អសម្រាប់រាងកាយ ហើយមានរសជាតិឆ្ងាញ់ថែមទៀត។
តើទឹកដោះគោជូរមានប្រយោជន៍អ្វីខ្លះ?
១.ចំពោះអ្នកម្តាយដែលមានប្រតិកម្មទៅនឹងប្រូតែអ៊ីន ឬមិនអាចរំលាយទឹកដោះគោបាន ពួកគេអាចងាកមកប្រើទឹកដោះគោជូរជំនួសវិញ វាងាយស្រួលរំលាយជាងទឹកដោះគោផ្សេងៗទៀត។
២.សម្បូរប្រភពប្រូតេអ៊ីនសំខាន់ៗ ដែលត្រូវបានប្រើដើម្បីបង្កើតជាលិកាសម្រាប់ទារកក្នុងផ្ទៃ។
៣.សម្បូរកាល់ស្យូម បាក់តេរី ដែលអាចជួយបង្កើនការស្រូបយកជាតិកាល់ស្យូម។ បន្ថែមលើពីនេះវាអាចជួយពង្រឹងឆ្អឹង និងធ្មេញរបស់អ្នកម្តាយ ព្រមទាំងកូនផងដែរ។
៤.បាក់តេរីល្អនៅក្នុងទឹកដោះគោជូរ អាចជួយរំញោចសកម្មភាពរបស់កោសិកាឈាមស ដើម្បីបំផ្លាញភ្នាក់ងារបង្ករោគ និងជួយកាត់បន្ថយឱកាសនៃជំងឺមហារីកពោះវៀនធំ។
៥.ស្ត្រីមានផ្ទៃពោះភាគច្រើនមានអាការៈទល់លាមក រាក ហើមពោះ ពិបាករំលាយអាហារ។ ប្រូបាយអូទិកនៅក្នុងទឹកដោះគោជូរ ក៏អាចជួយការពារ និងកាត់បន្ថយរោគសញ្ញាទាំងនេះផងដែរ។
៦.ជួយឲ្យរាងកាយស្រូបយកសារធាតុរ៉ែបានល្អប្រសើរ ដូចជាកាល់ស្យូម និងវីតាមីន B ដែលធ្វើឲ្យរាងកាយទាំងម្តាយ និងកូនមានសុខភាពល្អ។
អ្នកម្តាយគួរតែទទួលទានទឹកដោះគោជូរ ជាប្រចាំ ដើម្បីទទួលបានអត្ថប្រយោជន៍ពេលលេញ ហើយគួរតែទិញទឹកដោះគោជូរបែបធម្មជាតិ ព្រោះវាមានផ្ទុកមីក្រូសរីរាង្គ។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកចង់បង្កើនរសជាតិកាន់ឆ្ងាញ់ និងបង្កើនតម្លៃអាហារូបត្ថម្ភថែមទៀត សូមបន្ថែមផ្លែឈើមួយចំនួនចូល ដូចជា ស្ត្រប៊ឺរី ផ្លែស្វាយទុំ ផ្លែប៉ោមជាដើម៕