សម្រាលកូនក្នុងទឹក តើទារកអាចឈ្លក់ទឹកស្លាប់ដែរឬទេ?

0
1

ការសម្រាលកូនក្នុងទឹក ត្រូវបានគេចាត់ទុកថា ជាវិធីសាស្ត្រធម្មជាតិមួយដែលមានប្រជាប្រិយបំផុតសម្រាប់ប្រជាជននៅប៉ែកអឺរ៉ុប។ ការសម្រាលនៅក្នុងទឹក ត្រូវបានគេរកឃើញថា អាចជួយកាត់បន្ថយភាពឈឺចាប់របស់អ្នកម្តាយអំឡុងពេលសម្រាល ប៉ុន្តែមនុស្សជាច្រើនមានការព្រួយបារម្ភថា ការសម្រាលកូនតាមវិធីមួយនេះមានសុវត្ថិភាពដែរឬទេ។

ស្វែងយល់ពីវិធីសម្រាលកូនក្នុងទឹក

ការសម្រាលក្នុងទឹក គឺជាវិធីធម្មជាតិ ដែលត្រូវឲ្យអ្នកម្តាយត្រាំនៅក្នុងទឹកក្តៅឧណ្ឌៗ ជាមួយសីតុណ្ហភាពចន្លោះពី ៣៥ទៅ៣៧អង្សាសេ។ ទឹកនឹងជួយសម្រួលដល់សាច់ដុំ តំបន់អាងត្រគាក ទ្វារមាស រាងកាយអ្នកម្តាយមិនសូវមានសម្ពាធ និងបំបាត់ភាពឈឺចាប់ពេលសម្រាល។ ម្យ៉ាងវិញទៀត ការសម្រាលដោយប្រើវិធីនេះ ត្រូវមានអ្នកជំនាញនៅចាំជួយមើលថែរហូតដល់កូនកើតដោយជោគជ័យ។

តើការសម្រាលកូននៅក្នុងទឹក អាចប្រឈមនឹងគ្រោះថ្នាក់ឬទេ?

អ្នកម្តាយជាច្រើនច្បាស់ជាមានការសង្ស័យថា ការសម្រាលកូននៅក្នុងទឹកអាចធ្វើឲ្យទារកឈ្លក់ទឹក ឬអត់។ កុំខ្លាចការឈ្លក់ ឬលង់ទឹកចំពោះទារក ព្រោះពួកគេនៅតែអាចទទួលបានអុកស៊ីសែនពីឈាម ដែលហូរចេញពីសុកទៅក្នុងទងផ្ចិតដូចពេលនៅក្នុងពពោះដដែល។ ម្យ៉ាងទៀតទារក អាចនៅក្នុងថង់ទឹកភ្លោះរបស់អ្នកម្តាយប្រហែលជា ៤០ទៅ៦០វិនាទី ដោយគ្មានគ្រោះថ្នាក់នោះទេ។

ទោះជាយ៉ាងណា ក្នុងករណីមួយចំនួន អ្នម្តាយមិនគួរសម្រាលកូនក្នុងទឹកនោះទេ ដូចជា ស្ត្រីដែលសមានបញ្ហាសុខភាពអំឡុងពេលពពោះ ការឆ្លងមេរោគសើស្បែក ឬឆ្លងមេរោគលើប្រដាប់បន្តពូជ មិនគួរសម្រាលកូនក្នុងទឹកឡើយ។ ព្រោះមេរោគអាចឆ្លងចូលក្នុងទឹកយ៉ាងងាយស្រួល ហើយអាចបង្កគ្រោះថ្នាក់ដល់ទារកបាន។ សូម្បីតែទារកលើសទម្ងន់ ទារកភ្លោះ ទារកមិនដាំក្បាលចុះក្រោម និងអ្នកម្តាយមានការហូរឈាមច្រើន ក៏មិនគួរសម្រាលក្នុងទឹកដែរ។

ដូច្នេះ ប្រសិនបើអ្នកម្តាយចង់សម្រាលកូននៅក្នុងទឹក គួរតែទទួលការណែនាំ ឬពិគ្រោះលំអិតជាមួយគ្រពេទ្យជំនាញជាមុនសិន ដើម្បីសុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here