ជឿ ឬមិនជឿ អំណាចនៃសេចក្តីស្រឡាញ់ មិនត្រឹមតែអាចជួយឲ្យមនុស្សនៅជុំវិញពិភពលោករស់នៅជាមួយគ្នាប្រកបដោយសុភមង្គលប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជាកម្លាំងដ៏សំខាន់សម្រាប់ការភិវឌ្ឍខួរក្បាលរបស់កុមារ ឲ្យកាន់តែមានភាពឆ្លាតវៃផងដែរ។
សេចក្តីស្រឡាញ់ពិតជាល្អ
បន្ថែមលើសពីមានទំនាក់ទំនងល្អនៅក្នុងក្រុមគ្រួសារ សេចក្តីស្រឡាញ់ក៏មានសារៈសំខាន់ចំពោះការអភិវឌ្ឍខួរក្បាល និងការរៀនសូត្រ របស់កូនផងដែរ។ បច្ចុប្បន្ននេះ វាត្រូវបានគេរកឃើញថា ខួរក្បាលរបស់ក្មេងក្រោមអាយុ ៣ឆ្នាំមានសកម្មភាពជាង ខួរក្បាលរបស់មនុស្សធំដល់ទៅ ២ដង។ ដូច្នេះវាបង្ហាញថា ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះកុមារ ក្នុងរយៈពេល៣ឆ្នាំដំបូងនៃជីវិត គឺអាចជួយជំរុញឲ្យខួរក្បាលរបស់ពួកគេមានការអភិវឌ្ឍបានល្អ។
ក្តីស្រឡាញ់ពីឪពុកម្តាយ ជួយជំរុញការអភិវឌ្ឍរបស់កូនៗជារៀងរហូត
ទម្លាប់ការបង្ហាញពីក្តីស្រឡាញ់ប្រចាំថ្ងៃដល់កូនរបស់អ្នក ឬធ្វើសកម្មភាពដូចជា ការនិយាយជាមួយកូន អានសៀវភៅ និទានរឿងឲ្យកូនស្តាប់ ឬលេងជាមួយកូន សុទ្ធតែអាចជួយជំរុញដល់ការអភិវឌ្ឍខួរក្បាលកុមារបានទាំងអស់។ ការស្រាវជ្រាវបានបង្ហាញថា ការកុមារដែលទទួលបានការឱបពីឪពុកម្តាយញឹកញាប់ មិនត្រឹមតែទទួលបានភាពកក់ក្តៅប៉ុណ្ណោះទេ ពេលធំឡើងពួកគេនឹងក្លាយជាក្មេងដែលមានទំនុកចិត្តលើខ្លួនឯង។
ដូច្នេះឪពុកម្តាយទាំងឡាយ គួរតែចំណាយពេលឲ្យបានច្រើននៅជាមួយកូន និងបង្ហាញសេក្តីស្រឡាញ់ឲ្យកូនបានឃើញតាមរយៈសកម្មភាពផ្សេងៗ ដើម្បីសុភមង្គល ក៏ដូចជាបង្កើនភាពឆ្លាតវៃផងដែរ៕