អាហារ៦ប្រភេទ បើផ្អាកបានស្ត្រីមានផ្ទៃពោះគួរផ្អាកសិនទៅ ប្រយ័ត្នក្រហាយចុកឆ្អល់ក្នុងទ្រូង

0
1

ការផ្ទុកអំប្រ៊ីយ៉ុងនៅខាងក្នុងផ្ទៃ និងចិញ្ចឹមរហូតដល់ប្រែក្លាយទៅជាទារកដែលមានការអភិវឌ្ឍពេញលេញ ពិតជាកិច្ចការដ៏លំបាកបំផុត។

ទន្ទឹមនឹងការផ្លាស់ប្តូរអារម្មណ៍ និងអ័រម៉ូន រាងកាយផ្នែកខាងក្រៅក៏មានការផ្លាស់ប្តូរដែរ។ ខណៈដែលការផ្លាស់ប្តូរខាងក្រៅ គួរឲ្យកត់សម្គាល់បំផុត គឺក្បាលពោះរីកធំ ហើមកជើង ឬផ្ទៃមុខប្រែជាលែងទាក់ទាញ។ ចំពោះការផ្លាស់ប្តូរផ្នែកខាងក្នុងរួមមាន ការជម្រុញឲ្យមានការនោមហួសប្រមាណ សុដន់ប្រែជាតឹងណែន និងក្រហាយទ្រូង។

ការក្រហាយទ្រូងអំឡុងពេលមានផ្ទៃពោះ ជាបញ្ហាទូទៅដែលបណ្តោលមកពី ការបន្ធូរសាច់ដុំនៅផ្នែកខាងលើនៃក្រពះ។ បញ្ហានេះកើតឡើងនៅពេលដែលរាងកាយមិនអាចទប់ទល់នឹងតម្រូវការផ្ទុកទារក កំពុងលូតលាស់ ដែលជាលទ្ធផល សាច់ដុំមិនមានប្រសិទ្ធភាពក្នុងការការពារ ទឹករំលាយអាហារមិនឲ្យច្រាលពីក្រពះ រហូតដល់បំពង់អាហារបាន។

លើសពីនេះទៅទៀត នៅពេលបញ្ចេញអ័រម៉ូន progesterone និង estrogen ជះឥទ្ធិពលដល់ការផលិតទឹកអាស៊ីតក្នុងក្រពះ នាំឲ្យមានអារម្មណ៍ក្តៅឆេះនៅក្នុងដើមទ្រូង។ ការសិក្សាបានបង្ហាញថា រោគសញ្ញានៃការក្រហាយទ្រូង មានការកើនឡើងគួរឲ្យកត់សម្គាល់នៅចុងត្រីមាសទី ២ នៃការមានផ្ទៃពោះ។ វាបណ្តោលមកពីការផ្លាស់ប្តូរអ័រម៉ូន និងការលូតលាស់របស់ទារក បានសង្កត់លើក្រពះរបស់អ្នកម្តាយ។ ទោះជាយ៉ាងណាករណីខ្លះបណ្តោលមកពីការទទួលទានអាហារ ដូច្នេះស្ត្រីមានផ្ទៃពោះគួរតែជៀសវាងអាហារមួយចំនួន។

១.សូកូឡា

អាហារប្រភេទនេះត្រូវបានគេទទួលស្គាល់ថា ជាសារធាតុបំប៉ន ឬសារធាតុបង្កឲ្យមានការច្រាលអាស៊ីតក្នុងក្រពះ ហេតុនេះស្ត្រីមានផ្ទៃពោះត្រូវបានគេណែនាំឲ្យជៀសវាង។ ក្រៅពីផ្ទុកជាតិកាហ្វេអ៊ីន សូកូឡាក៏មានសារធាតុម្យ៉ាងដែលគេហៅថា theobromine  ដែលអាចនាំឲ្យមានបញ្ហាក្រហាយទ្រូង និងច្រាលជាតិអាស៊ីត។

២.ជាតិកាហ្វេអ៊ីន

ភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីន ដូចជា តែ កាហ្វេ ឬសូដា ត្រូវបានគេទទួលស្គាល់ថា អាចបណ្តោលឲ្យស្ត្រីមានផ្ទៃពោះក្រហាយទ្រូង។ ជាពិសេសស្ត្រីមានផ្ទៃពោះហាមដាច់ខាត មិនត្រូវទទួលទានទាំងពពោះទទេនោះទេ។ ប្រសិនបើស្ត្រីមានផ្ទៃពោះអត់មិនបានទេ អាចទទួលទានត្រឹម ១ទៅ២ពែងក្នុងមួយថ្ងៃបានហើយ ឬជំនួសដោយទឹកផ្លែឈើស្រស់វិញប្រសើរជាង។

៣.អាហារកែច្នៃ

កុំថាឡើងស្ត្រីមានផ្ទៃពោះដែលពុំគួរទទួលទានអាហារកែច្នៃ សូម្បីតែមនុស្សទូទៅក៏ដូចគ្នាដែរ។ ព្រោះជាតិស្ករចម្រាញ់ និងជាតិម្សៅគ្រប់ប្រភេទអាចបណ្តោលឲ្យមានអាការៈក្រហាយទ្រូង ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ។ ប្រសិនបើអ្នកឃ្លាននំដុត សូមធ្វើនៅផ្ទះដោយខ្លួនឯង ឬបញ្ជាទិញនំដែលគេផលិតថ្មីៗ។

៤.អាហារហិរ

ការទទួលទានអាហារហិរ គឺជាបុព្វហេតុលេចធ្លោមួយសម្រាប់បញ្ហាក្រហាយទ្រូងចំពោះស្ត្រីមានផ្ទៃពោះ។ ព្រោះអាហារប្រភេទនេះច្រើនតែមានផ្ទុកសារធាតុម្យ៉ាងដែលហៅថា capsaicin អាចធ្វើឲ្យអត្រានៃការរំលាយអាហារថយចុះ។ នោះជាការស្តុកទុកយូរនៅក្នុងក្រពះមិនរំលាយ ធ្វើឲ្យហានិភ័យនៃការក្រហាយទ្រូងកើតមានឡើង។

៥.សាច់គោ

យកល្អស្ត្រីមានផ្ទៃពោះគួរតែជៀសវាងសាច់គោ ព្រោះវាមានផ្ទុកជាតិខ្លាញ់ខ្ពស់ដែលបណ្តោលឲ្យក្រហាយទ្រូង។ ប្រសិនបើអ្នកចង់ញ៉ាំសាច់គោ គួរតែជ្រើសកន្លែងដែលគ្មានខ្លាញ់ វានឹងជួយកាត់បន្ថយខ្លាញ់ដែលនាំឲ្យមានបញ្ហាក្រហាយទ្រូង។

៦.គ្រឿងស្រវឹង

ជាតិអាល់កុលត្រូវបានគេចាត់ទុកថា ធ្វើឲ្យប៉ះពាល់ដល់ទារកដែលកំពុងតែលូតលាស់។ ក្រៅពីនេះវាធ្វើឲ្យអ្នកម្តាយក្រហាយទ្រូង និងច្រាលទឹកអាស៊ីតក្នុងក្រពះក្នុងពេលមានផ្ទៃពោះ។ ជាតិអាល់កុល គឺជាភ្នាក់ងារដែលអាចធ្វើឲ្យអំប្រ៊ីយ៉ុងលូតលាស់មិនបានត្រឹមត្រូវ កូនកើតជំងឺវង្វេង កូនកើតមិនគ្រប់ខែ កូនមានទម្ងន់ស្រាល ឬរលូត ជាដើម។

គ្មានការណែនាំណាមួយដែលបង្ហាញពីបរិមាណជាតិអាល់កុលអាចត្រូវបានគេចាត់ទុកថា មានសុវត្ថិភាពសម្រាប់ការទទួលទានពេលមានផ្ទៃពោះនោះទេ។ ដូច្នេះការជៀសវាងទើបល្អបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះទាំងឡាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here