អូទីស្សឹម (autism) គឺជាបញ្ហាប្រព័ន្ធប្រសាទដែលធ្វើឲ្យមុខងារប្រព័ន្ធប្រសាទចុះខ្សោយ បង្កផលប៉ះពាល់ទៅដល់ខួរក្បាល។ កុមារដែលកើតជំងឺអូទីស្សឹម មានរូបរាងដូចជាក្មេងធម្មតាដែរ ប៉ុន្តែការរៀនសូត្រ ការប្រាស្រ័យទាក់ទងគ្នា ឬអាកាប្បកិរិយារបស់ពួកគេវិញ គឺខុសប្លែកពីក្មេងដទៃ។
អ្នកស្រាវជ្រាវជនជាតិដាណឺម៉ាក បានរកឃើញថា ស្ត្រីដែលមានជំងឺផ្តាសាយ ឬគ្រុនក្តៅលើសពីមួយសប្តាហ៍អំឡុងពេលមានផ្ទៃពោះ មានហានិភ័យខ្ពស់នៃការផ្តល់កំណើតឲ្យកូនដែលមានជំងឺ អូទីស្សឹម។
ការស្រាវជ្រាវបានធ្វើឡើងទៅលើកុមារជិត ៩៧,០០០នាក់ ដែលមានអាយុចន្លោះពី ៨ទៅ ១៤ឆ្នាំ ក្នុងប្រទេសដាណែម៉ាក រកឃើញថា ចន្លោះឆ្នាំ ១៩៩៧ និង ២០០៣ មាន១ភាគរយ ឬ៩៧៦នាក់ ដែលមានជំងឺអូទីស្សឹម។ លទ្ធផលនៃការស្រាវជ្រាវក៏បង្ហាញផងដែរថា អ្នកម្តាយដែលមានប្រវត្តកើតជំងឺផ្តាសាយច្រើនក្នុងអំឡុងពេលមានផ្ទៃពោះ កុមារអាចប្រឈមហានិភ័យទ្វេដងនៃជំងឺ អូទីស្សឹម ហើយប្រសិនបើអ្នកម្តាយមានអាការៈគ្រុនក្តៅលើសពី៧ថ្ងៃ មុនពេលមានផ្ទៃពោះ ៣២សប្តាហ៍ ហានិភ័យរបស់កុមារមានជំងឺអូទីស្សឹម ក៏ទ្វេរដងដែរ។
ទោះជាយ៉ាងណា អ្នកស្រាវជ្រាវបានបញ្ជាក់ថា បញ្ហានេះត្រូវការសិក្សាលម្អិតបន្ថែមទៀត។ ប៉ុន្តែស្ត្រីមានផ្ទៃពោះត្រូវបានណែនាំឲ្យចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺផ្តាសាយ ដោយសារតែរយៈពេល ៩ខែនៃការមានផ្ទៃពោះនេះ ប្រព័ន្ធការពាររាងកាយខ្សោយជាងធម្មតា៕