ចំពោះមនុស្សស្រីដែលចូលចិត្តផ្លាស់ប្តូរពណ៌សក់ នៅពេលដែលក្លាយជាម្តាយរបស់គេត្រូវមានការប្រុងប្រយ័ត្នបន្តិច ព្រោះសារធាតុគីមីនៅក្នុងថ្នាំសក់ អាចបង្កផលប៉ះពាល់ដល់ទារក មិនទាន់កើតបាន។
សិក្សាជាច្រើនបានបង្ហាញថា សារធាតុគីមីនៅក្នុងថ្នាំលាបសក់ អាចស្រូបចូលទៅក្នុងចរន្តឈាម ហើយឆ្លងកាត់សុកចូលទៅដល់ទារក។ ប៉ុន្តែសារធាតុគីមីនៅក្នុងថ្នាំលាបសក់ដែលមានគុណភាពល្អមានមិនសូវខ្ពស់ទេ ហើយវាត្រូវបានបញ្ចេញមកវិញក្នុងទម្រង់ជាទឹកនោម។ ដូច្នេះផលប៉ះពាល់អាចមានតិច ប៉ុន្តែចំពោះអ្នកម្តាយវិញអាចវិលមុខ ដោយសារតែក្លិនរបស់វា។
អ្នកឯកទេសសម្ភព និងរោគស្ត្រីមួយចំនួនហាមឃាត់មិនឲ្យស្ត្រីមានផ្ទៃពោះផ្លាស់ប្តូរពណ៌សក់ឡើយ។ ជាពិសេសក្នុងអំឡុងពេល ៣ខែដំបូងនៃការមានផ្ទៃពោះ ព្រោះនេះជាពេលវេលាដែលទារកចាប់ផ្តើមបង្កើសរីរាង្គផ្សេងៗ។ បើអ្នកម្តាយនៅតែរឹងទទឹង ទារកក្នុងផ្ទៃអាចប្រឈមនឹងការអភវិឌ្ឍសរីរាង្គមិនបានគ្រប់គ្រាន់ ដូចជា ឆែបមាត់ ឆែបក្រអូមមាត់ ឬពិការសរីរាង្គផ្សេងទៀតជាដើម។
ដូច្នេះប្រសិនបើអ្នកម្តាយចង់លាបពណ៌សក់ គួរតែធ្វើចាប់ពីខែទី៤ នៃការមានផ្ទៃពោះ ឬរហូតដល់ត្រីមាសទី២។ ព្រោះក្នុងអំឡុងពេលនេះទារក មានសរីរាង្គពេញលេញ បញ្ហាពីកត្តាខាងក្រៅទូទៅមិនប៉ះពាល់ដល់ការបង្កើតសរីរាង្គរបស់ទារកឡើយ។
ទោះជាយ៉ាងណា អ្នកម្តាយដែលចង់លាបពណ៌សក់ គួរជ្រើសរើសផលិតផលដែលមិនមានក្លិនខ្លាំង ឬពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ដើម្បីបង្ការការស្រូបយកក្លិននៃអង្គធាតុរាវផ្សេងៗចូលក្នុងខ្លួន។ លើសពីនេះអ្នកគួរតែកក់សក់នៅកន្លែងដែលមានខ្យល់ចេញចូលបានល្អ ទើបក្លិននៃទឹកថ្នាំមិនសូវនៅវិលវល់ច្រើន។
អ្នកជំនាញវេជ្ជសាស្ត្របានបញ្ជាក់ថា ការលាបពណ៌សក់ អាចធ្វើឲ្យប៉ះពាល់ដល់ទារកដែលមិនទាន់កើត ប៉ុន្តែយកល្អ អ្នកម្តាយគួរតែរងចាំរហូតទាល់តែសម្រាលកូនហើយសិនទៅ។ វិធីនេះមិនត្រឹមតែធ្វើឲ្យទារកមានសុវត្ថិភាព ១០០ភាគរយនោះទេ វាក៏អាចជួយការពារប្រតិកម្មអាឡែកស៊ីចំពោះស្ត្រីមានផ្ទៃពោះផងដែរ៕