អំឡុងពេលមានផ្ទៃពោះ អ្នកម្តាយជាច្រើនតែងគិតថា ការញ៉ាំច្រើនអាចជួយបំពេញសារធាតុចិញ្ចឹមដល់ទារកបានគ្រប់គ្រាន់ និងធ្វើឲ្យពួកគេលូតលាស់បានល្អ។ នេះជាការពិត ប៉ុន្តែការញ៉ាំច្រើនភ្លេចគិត អាចធ្វើឲ្យអ្នកម្តាយមួយចំនួនឡើងទម្ងន់ច្រើន ធ្វើឲ្យពិបាកក្នុងការសម្រកមកវិញក្រោយពេលឆ្លងទន្លេររួច។ ហេតុនេះការឡើងទម្ងន់គួរតែត្រឹមត្រូវទៅតាមសមាមាត្ររាងកាយរបស់អ្នក ហើយគួរតែមានការណែនាំពីអ្នកជំនាញផងដែរ។
តែទោះជាយ៉ាងណា អ្នកម្តាយអាចសម្រករាងឲ្យស្អាតឡើវិញបាន ប្រសិនបើអនុវត្តវិធីទាំងនេះ ក្រោយពេលឆ្លងទន្លេ។
១.កុំទាន់ផ្តោតខ្លាំងទៅលើការសម្រករាង
នៅក្រោយពេលសម្រាលកូន អ្នកមិនគួរសង្កត់ធ្ងន់ទៅលើការសម្រករាង ឬតមអាហារនោះទេ ព្រោះអ្នកនៅតែមានតួនាទីបំបៅដោះកូន។ ប៉ុន្តែ អ្នកគួរតែផ្តោតទៅលើការញ៉ាំអាហារដែលដំណើរការចម្អិនដោយស្ងោរ ឬចំហុយ និងញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន។ ចំពោះអាហារសម្រន់ ឬអាហារដែលសម្បូរខ្លាញ់ត្រូវជៀសវាង។
២.ធ្វើលំហាត់ប្រាណស្រាលៗ
៦សប្តាហ៍បន្ទាប់ពីឆ្លងទន្លេ អ្នកអាចចាប់ផ្តើមធ្វើលំហាត់ប្រាណស្រាលៗដូចជា ហែលទឹក ឬដើរជុំវិញសួនច្បារ។ ការធ្វើលំហាត់ប្រាណមួយថ្ងៃ៣០នាទី នឹងជួយការពារសាច់ដុំពីភាពយារធ្លាក់។
៣.រឹតបន្តឹងដៃ និងទ្រូង
អ្នកម្តាយត្រូវគេងលើផ្ទៃរាបស្មើ បន្ទាប់មកលើកដៃឲ្យត្រង់ឡើងលើ ហើយទម្លាក់ចុះបន្តិចម្តងៗឆ្ពោះទៅកាន់ក្បាល។ ធ្វើបែបនេះដដែលៗ ឲ្យបាន ១៥ទៅ ២០នាទី វានឹងជួយរឹងបន្តឹងដើមដៃ ទ្រូងឲ្យតឹងណែនឡើងវិញ។
៤.រឹតបន្តឹងក្បាលពោះ
អ្នកត្រូវអង្គុយពេនព្នែន ដាក់ដៃទាំងពីរនៅលើក្បាល បន្ទាប់មកបង្វិលខ្លួនទៅឆ្វេងទៅស្តាំៗ រហូតបាន ៣០នាទី។ នេះជាវិធីមួយក្នុងការសម្រកក្បាលពោះ ឲ្យឆាប់រាបស្មើដូចមុនពេលដែលអ្នកមិនទាន់មានកូន។
៥.រឹងបន្តឹងភ្លៅ និងត្រគាក
អ្នកម្តាយត្រូវឈរកន្ធែកជើងចេញពីគ្នាបន្តិច បន្ទាប់មកអង្គុយចុះ និងងើបឈរឡើង ធ្វើយ៉ាងម៉េចឲ្យកំភួនជើងនឹងភ្លៅស៊ីកែងនឹងគ្នា។ ម្យ៉ាងទៀត អ្នកអាចលត់ង្គង់ ហើយដាក់ដៃទាំងពីរច្រត់នៅលើឥដ្ឋ បន្ទាប់មកលើកជើងម្ខាងឡើង និងទម្លាក់ចុះឡើងៗចំនួន១នាទីទើបប្តូរជើងម្ខាងទៀត។ លំហាត់ប្រាណនីមួយៗ អ្នកម្តាយគួរតែព្យាយាមធ្វើឲ្យបាន ៣០នាទី ទើបឆាប់ទទួលបានផល។
ប្រសិនបើអ្នកមានអាការៈមិនប្រក្រតីណាមួយ សូមឈប់ធ្វើលំហាត់ប្រាណភ្លាម ហើយប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់៕