នៅពេមានផ្ទៃពោះ ប្រសិនបើអ្នកម្តាយស្ថិតក្នុងលក្ខខណ្ឌដូចជា ឡើងទម្ងន់លឿន ស្បែកក្បាលពោះរមាស់ខ្លាំងអេសស្ទើរចេញឈាម ស្បែកក្បាលពោះរីកមាឌខ្លាំងជាពិសេសស្បែកដែលស្ងួត គេងផ្អៀងតែម្ខាងធ្វើឲ្យផ្ទៃម្ខាងទៀតត្រូវលាតសន្ធឹងខ្លាំង នោះអ្នកកំពុងតែប្រឈមនឹងបញ្ហាកើតមានស្នាមឆ្នូតៗ ឬគេហៅថាស្នាមបែកសង្វារនៅលើក្បាលពោះហើយ។
ដូច្នេះប្រសិនបើអ្នកមិនចង់ឲ្យបញ្ហាមួយនេះកើតមានឡើង គួរតែស្វែងយល់ពីវិធីការពារ និងអនុវត្តឲ្យបានជាប់លាប់។
១.ទោះបីជាអ្នកមិនមានក្រែម ឬថ្នាំដែលមានប្រសិទ្ធភាពដើម្បីការពារស្នាមឆូតក៏ដោយ ប៉ុន្តែការលាបក្រែម ឬប្រេងនៅដំណាក់កាលដំបូងនៃការមានផ្ទៃពោះ អាចជួយកាត់បន្ថយបញ្ហានេះបាន។
២.គ្រប់ពេលងូតទឹករួច អ្នកត្រូវជូតទឹកចេញឲ្យស្ងួត ហើយលាបក្រេមនៅលើក្បាលពោះ។ ព្រោះក្នុងអំឡុងពេលនេះស្បែកនឹងរក្សាសំណើមបានច្រើន។
៣.ជ្រើសរើសក្រែមដែលមានស្ថិរភាព អាចរក្សាសំណើមបានល្អ និងយូរជាងធម្មតា។
៤.បរិមាណក្រែមគួរតែបង្កើន នៅពេលអាយុនៃការមានផ្ទៃពោះកាន់តែច្រើន។
៥.រក្សាក្រចកឲ្យខ្លី ដើម្បីការពារការកោសដាច់រលាត់ដោយចៃដន្យ ពេលកំពុងគេង។
៦.ញ៉ាំផ្លែឈើ និងបន្លែស្រស់ៗឲ្យបានច្រើន ហើយផឹកទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីបង្កើតជាតិសំណើមដល់ស្បែក។
៧.ពាក់ខ្សែក្រវ៉ាត់ទ្រក្បាលពោះ ដើម្បីជួយទ្រទម្ងន់កុំឲ្យដាក់សម្ពាធលើស្បែកក្បាលពោះខ្លាំងពេក។
៨.កុំព្យាយាមអេសនៅពេលរមាស់ ប៉ុន្តែអ្នកអាចត្រដុសក្បាលពោះថ្នមៗ ឬលាបប្រេងអូលីវ ឬប្រេងទារកជំនួសវិញ។
៩.កុំងូតទឹកក្តៅ ព្រោះវានឹងធ្វើឲ្យស្បែកខ្វះជាតិសំណើម ស្ងួត ប្រេះ ជាពិសេសអ្នកម្តាយដែលមានស្បែកស្ងួតស្រាប់។
១០.កុំបណ្តោលខ្លួនឲ្យឡើងទម្ងន់ច្រើនពេក ដោយសារតែស្បែកក្បាលពោះនឹងលាតសន្ធឹង ហើយពង្រីកយ៉ាងលឿនរហូតដល់មានស្នាមឆ្នូតកើតឡើង។
១១.កុំគេងផ្អៀងដោយគ្មានខ្នើយទ្រក្បាលពោះឲ្យសោះ។
១២.ធ្វើលំហាត់ប្រាណស្រាលៗដើម្បីជួយពង្រឹងស្បែកដូចជា ការដើរ ហែលទឹកជាដើម។
១៣.កុំអាងការប្រើថ្នាំ ឬវិធីព្យាបាលដោយឡាស៊ែរ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យទើបមានសុវត្ថិភាព៕